ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាត់ប្រាណ​ទៀត​ទាត់​ផ្តល់​ប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព

9 ឆ្នាំ មុន

អត្ថប្រយោជន៍​សុខភាព​ដែល​បាន​មក​ពី​ការ​ហាត់ប្រាណ​ទៀងទាត់​ជា​បញ្ហា​មួយ​ដែល​គេ​មិន​គួរ​មើល​រំលង ។ ចូរ​ចាប់​យក​អត្ថប្រយោជន៍​ទាំងនេះ​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​លោក​អ្នក​។ តាម​អ្នកជំនាញ ការ​ធ្វើ​សកម្មភាព​រាង​កាយ​ទៀងទាត់​

អត្ថប្រយោជន៍​សុខភាព​ដែល​បាន​មក​ពី​ការ​ហាត់ប្រាណ​ទៀងទាត់​ជា​បញ្ហា​មួយ​ដែល​គេ​មិន​គួរ​មើល​រំលង ។ ចូរ​ចាប់​យក​អត្ថប្រយោជន៍​ទាំងនេះ​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​លោក​អ្នក​។ តាម​អ្នកជំនាញ ការ​ធ្វើ​សកម្មភាព​រាង​កាយ​ទៀងទាត់​រាល់ថ្ងៃ​ផ្តល់​អត្ថប្រយោជន៍​សំខាន់​ៗ៧​ចំណុច​ដូច​ខាងក្រោម ៖

១-​ជួយ​ទប់ទល់​ការ​ឡើង​ទម្ងន់​ខ្លួន ៖ ហាត់ប្រាណ​ទៀងទាត់​ជួយ​ទប់ស្កាត់​ល្បឿន​នៃ​ការ​ឡើង​ទម្ងន់ ។ នៅ​ពេល​រាង​កាយ​មាន​សកម្មភាព កាឡូរី​នឹង​ត្រូវ​ដុត​បំផ្លាញ​(​ធ្វើ​សកម្ម​ភាព​រាង​កាយ​កាន់តែ​យូរ ការ​ដុត​បំផ្លាញ​កាឡូរី​កាន់តែ​ច្រើន​ផង​ដែរ​) ។ គេ​មិន​ចាំបាច់​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​ធ្វើ​វា​នោះ​ទេ ។ ប្រសិនជា​លោក​អ្នក​គ្មាន​ពេល​ទៅ​ក្លឹ​ប សកម្ម​ភាព​ប្រចាំ​ថ្ងៃ​ក៏​អាច​ចាត់ទុកជា​ការ​ហាត់ប្រាណ​បាន​ដែរ ។ លោក​អ្នក​អាច​ជំនួស​ការ​ឡើងជណ្តើរ​យន្ត​ដោយ​ជណ្តើរ​ថ្មើ​ជើង ឬ​ជំនួស​ដោយ​ការ​បើកបរ​ទៅ​ធ្វើការ​ដោយ​ការ​ដើរ​ឬ​ជិះ​កង់​ទៅ​ធ្វើការ ។

២-​ប្រឆាំង​នឹង​ជំងឺ​កាច​សាហាវ​ផ្សេង​ៗ ៖ តើ​លោក​អ្នក​ភ័យ​ខ្លាច​កើត​មាន​ជំងឺ​បេះដូង លើសឈាម ទឹកនោមផ្អែម មហារីក ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ឡើង​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​/Triglycerides…​ដែរ​ទេ ? តាម​ពិត​ទៅ ការ​ហាត់ប្រាណ​ទៀងទាត់​មិន​អាច​ព្យាបាល​ជំងឺ​ទាំង​អស់នេះ​ទេ ប៉ុន្តែ​វា​ត្រឹមតែ​អាច​បង្ការ​ឬ​កាត់​បន្ថយ​ហានិភ័យ​ប៉ុណ្ណោះ ។

៣-​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​សុខភាព​ផ្លូវចិត្ត ៖ ការ​ហាត់ប្រាណ​ចាប់ពី​៣០​នាទី​ឡើង​ទៅ​ពិតជា​ជួយ​បំបាត់​ភាព​តានតឹង​ក្នុង​ចិត្តបាន​មួយ​ចំណែក​ធំ​ដ្បិត​សកម្មភាព​រាង​កាយ​នឹង​ជួយ​លើក​កម្លាំង​ដល់​បណ្តាសារ​ធាតុគីមី​ផ្សេង​ៗ​ក្នុង​ខួរក្បាល ហើយ​បន្ទាប់​មក​ធ្វើ​ឱ្យ​លោក​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ប្រកបដោយ​ទំនុកចិត្ត ។

៤-​ជួយ​បង្កើន​ថាមពល​រាង​កាយ ៖ ការ​ធ្វើ​សកម្មភាព​រាង​កាយ​ទៀងទាត់​អាច​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ដល់​កម្លាំង​សាច់ដុំ និង​ជួយ​បង្កើន​ភាព​អំណត់ ។

៥-​ជំរុញ​ដល់​ការ​ទទួលទានដំណេក ៖ ធ្វើ​សកម្មភាព​រាង​កាយ​ទៀងទាត់​អាច​ជួយ​ឱ្យ​អ្នក​ដេក​ឆាប់​លក់ និង​បាន​ស្កប់ស្កល់​ជាង​ពេល​មុន ។

៦-​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​ជីវិត​ផ្លូវភេទ ៖ ការ​សិក្សា​ស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ​កន្លង​មក​បាន​បង្ហាញ​ថា ហាត់ប្រាណ​ទៀងទាត់​ជួយ​ដាស់​ចំណង់​ផ្លូវភេទ​ស្ត្រី​ខណៈ​បុរស​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​ភាព​ងើប​រឹង​របស់​អង្គ​ជាតិ​។ បណ្តា​បុរស​ដែល​ហាត់ប្រាណ​ទៀងទាត់​ជួប​ហានិភ័យ​ងាប់​លិង្គ​តិច​បំផុត​ធៀប​នឹង​បុរស​ដែល​មិន​ហាត់ប្រាណ ។

៧-​ជួយ​បង្កើន​ភាព​រីករាយ ៖ ហាត់ប្រាណ​អាច​ជា​មធ្យោបាយ​មួយ​ជួយ​បង្កើន​ភាព​រីករាយ​ដល់​ជីវិត​ដ្បិត​វា​បាន​បង្ក​លក្ខណៈ​នៃ​ការ​ជួប​ប្រាស្រ័យ​ស្គាល់គ្នា​ជាមួយ​មនុស្ស​ផ្សេង​ទៀត​ក្នុង​សង្គម​ក៏​ដូច​ជា​ជួយ​បង្កើន​ទំនាក់ទំនង​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ឡើង ៕