ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​៖ ករណី​ពុល​អាល់កុល លាយ​ភេសជ្ជៈ នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​កូ​វីដ​១៩ កូប​ធំ ស្ថិតក្នុង​ភូមិ​កូប​ធំ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​៩…

ខេត្តបន្ទាយមានជ័យ​៖ ករណី​ពុល​អាល់កុល លាយ​ភេសជ្ជៈ នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​កូ​វីដ​១៩ កូប​ធំ ស្ថិតក្នុង​ភូមិ​កូប​ធំ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​៩ និង​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១ មាន​អ្នក​ឈឺ​សរុប ២១​នាក់ ( ស្ត្រី ២​នាក់ )​។ ក្នុងនោះ ៧​នាក់ ( ស្ត្រី​ម្នាក់ ) បាន​ស្លាប់​។ ករណីនេះ អាចមកពីអាល់កុលក្លែងក្លាយ ហើយអ្នករងគ្រោះ ជាអ្នកញៀនស្រា ឃ្លានផឹកខ្លាំងពេក រហូតបែកគំនិត​ ច្នៃអាល់កុល ​ចេញជាស្រាដូច្នេះ។

​ក្រសួងសុខាភិបាល ប្រកាសថា នៅ​ថ្ងៃទី​៩ និង​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១ ជនរងគ្រោះ មួយចំនួន បាន​យក​អាល់កុល មក​លាយ​ជាមួយ​ទឹក ខ្លះ​យកមក​លាយ​ជាមួយ​ទឹកក្រូច​កូកាកូឡា និង​មួយចំនួនទៀត លាយ​ជាមួយ​ទឹកអូ​អ៊ី​ឈិ​ក នាំគ្នា​ពិសា រហូតដល់​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ប្រហែល​ម៉ោង ២​កន្លះ មាន​ជនរងគ្រោះ​មួយចំនួន ចាប់ផ្តើម​មាន​រោគសញ្ញា ដូចជា ឈឺក្បាល វិលមុខ ក្អួត និង​ថប់ដង្ហើម​។ អ្នកជំងឺ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ហើយ​ក៏មាន​អ្នកស្លាប់​ជា​បន្តបន្ទាប់​។​ អ្នកពុល​អាល់កុល លាយ​ភេសជ្ជៈ ដើម្បី​ផឹក​ជំនួស​ស្រា​នោះ គឺជា​ពលករ​ខ្មែរ ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ព្រំដែន​នោះ​។​

​ក្រោយមក មន្ត្រី​ជំនាញ បាន​ចុះ​ដកហូត​អាល់កុល​ក្លែងក្លាយ ឬ​មេ​តា​ណុល ជាង ១០០​លីត្រ ក្រោយ​ពេលដែល​​ពលករ​​ធ្វើ​ច​ត្តា​ឡី​ស័ក បាន​យក​អាល់កុល​ក្លែងក្លាយ ទៅ​លាយ​ជាមួយ​ភេសជ្ជៈ​ផឹក ហើយក៏​ពុល​ស្លា​ប់​អស់​ចំនួន ៧​នាក់​។ ការចុះទៅ​ពិនិត្យ និង​ដកហូត​អាល់​ក្លែងក្លាយ​ទាំងនេះ បានធ្វើ​ឡើង នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ភូមិ​កូនដំរី និង​ភូមិ​កូប​ធំ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត​។​

​មន្ត្រី​ជំនាញ សហការ​ជាមួយ​មន្ត្រី​សុខាភិបាល ចុះ​ពិនិត្យ ក៏​រកឃើញថា ពលករ ដែល​ពុល​ទាំងនោះ គឺ​មកពី​យក​អាល់កុល​ប្រភេទ​មេ​តា​ណុល ឬ​អាល់កុល​ក្លែងក្លាយ លាយ​ជាមួយ​ភេសជ្ជៈ មាន​ស្ទី​ង តែ​អូ​អ៊ី​ឈី ទឹកក្រូច​ដប​ពណ៌​ក្រហម និង​ទឹកបរិសុទ្ធ លាយ​ធ្វើ​ស្រា​ផឹក ក៏​បណ្តាលឱ្យ​ពុល​ស្លាប់ និង​ខ្លះ​ចូល​មន្ទីរពេទ្យ​ព្យាបាល​ជាបន្ទាន់​។​

​សំណាក និង​វត្ថុតាង ដែល​នៅ​សេសសល់ ក៏​ត្រូវបាន​មន្ត្រី​ជំនាញ ផ្ញើមក​វិភាគ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ដឹង​ពី​មូលហេតុ​ច្បាស់លាស់ ដែល​ក្រសួងសុខាភិបាល រហូតដល់​ថ្ងៃទី​១២​វិច្ឆិកា នៅ​រង់ចាំ​លទ្ធផល​វិភាគ​ពី​មជ្ឈមណ្ឌល​ជាតិ​មន្ទីរពិសោធន៍​សុខាភិបាល​។

​ករណី​ឈឺ និង​ស្លាប់ ដោយសារតែ​ពុល​ស្រា តែងតែ​កើត​ឡើងជា​រៀងរាល់ឆ្នាំ ជាពិសេស​ចាប់ពី​ខែវិច្ឆិកា ដល់​ខែមករា តែងតែ​កើតឡើង នៅតាម​សហគមន៍​នៃ​បណ្តា​ខេត្ត​មួយចំនួន​។ ចំពោះ​បញ្ហា​នេះ ក្រសួងសុខាភិបាល បា​ប្រកាស​ក្រើនរំលឹក​ហើយ​រំលឹក​ទៀត និង​អំពាវនាវ ដោយ​ទទូច​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ ត្រូវអនុវត្ត ដូចខាងក្រោម​៖ ១-​កុំ​យក​អាល់កុល មក​លាយ​ជាមួយ​ទឹក ឬ​ភេសជ្ជ​នានា មក​ពិសា ពីព្រោះ​អាល់កុល ត្រូវបាន​ធ្វើឡើង​សម្រាប់​ជា​សារធាតុ​សម្លាប់​មេរោគ ដើម្បី​បង្ការ​កុំ​ឲ្យ​កើត​ជំងឺឆ្លង​នានា ដូចជា អាល់កុល សម្រាប់​លាងដៃ ជាដើម​។ ២-​កុំ​ពិសា​ស្រា ដែល​បិទ ឬ​លាយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ និង​គ្មាន​ការត្រួតពិនិត្យ​។ ៣-​ចំពោះ​អ្នក​ប្រកប​អាជីវកម្ម ហាម​ដាច់ខាត កុំ​យក​សារធាតុ​មេ​តា​ណុល មក​លាយ​ធ្វើ​ស្រាស ដែល​បង្ក​ឲ្យ​ពុល និង​ស្លាប់បាត់​បង់ជីវិត​។ ៤-​អាជ្ញាធរ ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាល​ឃុំ​/​សង្កាត់ ត្រូវ​ចាត់តាំង​កម្លាំង​គ្រប់គ្រង ឃ្លាំមើល និង​ទប់ស្កាត់​ការលក់​ស្រា​បិទ ឬ​លាយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ និង​ណែនាំ​ប្រជាពលរដ្ឋ ជៀសវាង​យក​សារធាតុ មេ​តា​ណុល លាយ​ធ្វើ​ស្រាស ដែល​បង្ក​ឲ្យ​ពុល និង​ស្លាប់បាត់​បង់ជីវិត​។​

​ជាមួយគ្នា​នោះ ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ មាន​បញ្ហា​សុខភាព ឬ​មាន​រោគសញ្ញា​នៃ​ការពុល​ស្រា ដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាក​ដកដង្ហើម ឬ​សង្ស័យថា មាន​ពុល​ស្រា ឬ​ការឆ្លង​ជំងឺ​ដទៃទៀត សូម​ប្រញាប់​ទៅ​ស្វែងរក​ការពិនិត្យ​ពិគ្រោះ​នៅ​មន្ទីរពេទ្យ​រដ្ឋ ដែល​នៅ​ជិត​ផ្ទះ​របស់​លោកអ្នក ឬ​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ ១១៥ ដោយ​ឥតគិតថ្លៃ ឬ​ទំនាក់ទំនង​ក្រសួងសុខាភិបាល តាម​លេខ​ទូរស័ព្ទ​៖ 012 488 981 ឬ 012 836 868​។​

​ដោយឡែក មន្ត្រី​ជំនាញ ក៏​គួរតែ​ចុះ​ពិនិត្យ​អាល់កុល​ក្លែងក្លាយ និង​ទំនិញ​ហួស​កាលបរិច្ឆេទ ដែល​ខូចគុណភាព​នេះ ត្រូវធ្វើ​ជាប្រចាំ បើ​មិនបាន​រៀងរាល់ថ្ងៃ ក៏​សូម​ឲ្យ​រៀងរាល់​សប្តាហ៍ ឬ​យ៉ាងហោចណាស់ ក៏​១​ខែ​ធ្វើ​ម្តង នៅ​គ្រប់​ឃុំ​សង្កាត់ ស្រុក​ក្រុង​ខណ្ឌ និង​រាជធានី​ខេត្ត​។ មន្ត្រី​ជំនាញ ក៏ត្រូវ​ណែនាំ​ដល់​អ្នកលក់​ទំនិញ​គ្រប់​ប្រភេទ ត្រូវ​ឈប់​លក់​អាល់កុល​ក្លែងក្លាយ និង​ទំនិញ​ហួស​កាលបរិច្ឆេទ ដែល​ខូចគុណភាព​​។ ក្នុងនោះ មន្ត្រី​ជំនាញ ក៏ត្រូវតែ​ត្រួតពិនិត្យ​លើ​អាល់កុល និង​ទំនិញ​ទាំងនោះ ព្រោះ​ជាទូទៅ អ្នកលក់ និង​អ្នកទិញ មិនដឹង​ថា មួយណា​ជា​អាល់កុល​ពិត និង​មួយណា ជា​អាល់​ក្លែងក្លាយ ដែលមាន​ជាតិ​មេ​តា​ណុល បណ្តាល​ឲ្យ​គ្រោះថ្នាក់​​ឡើយ​។​

​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នក​សង្ស័យ​ប៉ះពាល់​នឹង​អ្នកជំងឺ​កូ​វីដ​១៩ កន្លងមក បាន​អនុវត្ត​យ៉ាង​ល្អ ដោយ​ហាម​មិន​ឲ្យ​មាន​យក​គ្រឿង​ស្រវឹង ស្រា ឬ​ស្រា​បៀរ ​ចូល​ផឹកស៊ី​​ឡើយ​។ ប៉ុន្តែ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទាំងអស់ នៅពេលនេះ ក៏​ត្រូវតែ​បង្កើន​ការត្រួតពិនិត្យ ពិសេស​លើ​ការប្រើប្រាស់​អាល់កុល​។ អាល់កុល ត្រូវតែ​មិនមែន​ក្លែងក្លាយ ហើយក៏​មិនត្រូវ​ទុក​អាល់កុល​ចោល រហូតដល់​អ្នកស្នាក់នៅ​មណ្ឌលចត្តាឡីស័ក​ យកទៅ​លាយ​ជាមួយ​ទឹក និង​ភេសជ្ជៈ ផឹកជំនួសស្រា​ នាំ​ឲ្យ​ពុល​ដូច្នេះ​។ បើ​ប្រហែស​ដូច្នេះ ទៅ​ថ្ងៃក្រោយ តើ​អាច​នឹងមាន​អ្នកប្រព្រឹត្ត​បទល្មើស​ផ្សេងទៀត​ទេ​? ហើយ​បើ​អាច ក៏ត្រូវ​ដាក់​កាំ​ម៉ា​រ៉ា​សុវត្ថិភាព និង​ត្រូវ​បង្កើន​ការពង្រឹង​សន្តិសុខ និងថែម​កម្លាំង​ការពារ​​​។​

​ចំណែក​អ្នក​ចូលចិត្ត​ផឹកស្រា ដែល​សូម្បីតែ​ទៅ​កន្លែង​ហាមឃាត់​ហើយ ក៏​នៅ​ឆ្លៀត​រក​នឹកឃើញ​វិធី​ផលិត​ស្រា​ផឹក​បាន​ទៀត​នោះ ត្រូវ​តែចេះ​​អត់ធ្មត់​​។ មិនយូរ​ទេ ធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ ចាំ​ចេញ​មកវិញ ផឹកស្រា​ដល់​មុជ​​​ក៏បាន​។ តែ​ក៏​ចូរ​កុំភ្លេចថា ផឹកស្រា នាំមក​នូវ​វិនាស ៦​ប្រការ តាម​ធម៌​ព្រះពុទ្ធ​៖ ១-​វិនាស​ទ្រព្យ ២-​បង្កជម្លោះ ៣-​កើតរោគ​ក្នុង​ខ្លួន ៤-​ខូច​ឈ្មោះ ៥-​បង្ហាញ​កេរ្តិ៍ខ្មាស់​ទាំង​រស់ និង​៦-​បាត់បង់​បញ្ញា​។ ក្នុងពេល​ឥឡូវ ផឹកស្រា ហើយ​ស្រវឹង បើកបរ​ខុសច្បាប់ និង​អាច​បង្ក​គ្រោះថ្នាក់ រហូតដល់​ស្លាប់​ខ្លួនឯង និង​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ថែមទៀត​។​

​សរុបមក ករណី​ពុល​ស្រា និង​ពុល​អាល់កុល​លាយ​ភេសជ្ជៈ ធ្វើជា​ស្រា​នេះ មិនគួរ​កើតឡើង​ក្នុងសង្គម​ខ្មែរ​យើង​ទៀត​នោះទេ​។ ជា​រឿង​ដដែលៗ ហើយ​បានសម្លាប់​ជីវិត​ប្រជាជន​យើង មិនតិច​នាក់​ឡើយ​។ ក្នុង​ពេលនេះ ម្នាក់ៗ ខ្លាច​ឈឺ និង​ខ្លាច​ស្លាប់​ដោយ​កូ​វីដ តែ​បែរជា​មក​ឈឺ និង​ស្លាប់​ដោយសារតែ​ពុល​ស្រា ឬ​ពុល​អាល់កុល​លាយ​ភេសជ្ជៈ លាយ​ទឹក​ផឹក​ដូច្នេះ គឺ​ពិតជា​គួរ​ឲ្យ​ហួសចិត្ត រក​ពាក្យ​អ្វី​និយាយ​មិន​ចេញ​ឡើយ​។ សូមកុំ​ឲ្យ​ដូច​ពាក្យ​គេ​ថា ទាល់តែ​ស្លាប់​ដូច្នេះ ទើប​រាង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ