ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹង​ត្រង់​-​ក្រូចឆ្មារ គ្រោង​នឹង​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា ២០២១

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹង​ត្រង់​-​ក្រូចឆ្មារ គ្រោង​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹង​ត្រង់​-​ក្រូចឆ្មារ គ្រោង​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ខាង​មុខ​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹង​ត្រង់​-​ក្រូចឆ្មារ ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​បឹង​ដែង ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់​ទន្លេមេគង្គ​ទៅ​ត្រើយ​ខាងកើត ស្ថិត​នៅ​ភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ជា​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ថ្មី​មួយទៀត ត​ភ្ជាប់​ទឹកដី នៃ​ខេត្តកំពង់ចាម ទៅ​កាន់​ទឹកដី នៃ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ (SCG) ក្រោម​ហិរញ្ញប្បទាន​សម្បទាន និង​ជំនួយ​ឥត​សំណង​ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

ស្ពាន​នេះ​មាន​ប្រវែង​សរុប ១.១៣១​ម៉ែត្រ និង​ទទឹង ១៣,៥០​ម៉ែត្រ ជា​ប្រភេទ​ស្ពានបេតុង អា​ម៉េ ប្រើ​រយៈពេល​សាងសង់​ចំនួន ៤២​ខែ ដោយ​ចំណាយ​ថវិកា​សរុប​ជាង ៥៦​លាន​ដុល្លារ​អា​មេ​រិ​ក ។

សូម​បញ្ជាក់​ថា ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹង​ត្រង់​-​ក្រូចឆ្មារ ពិធី​បើក​ការដ្ឋាន​គម្រោង​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៧១C គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ស្ពាន​នេះ​គឺជា​ស្ពាន​យុទ្ធសាស្ត្រ​មួយ​យ៉ាង​សំខាន់​សម្រាប់​ត​ភ្ជាប់​ទំនាក់ទំនង​ការ​ដឹក​ជញ្ជូន និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ឲ្យ​បាន​ងាយស្រួល និង​ឆាប់រហ័ស ដែល​កន្លង​មក​ពួក​គាត់​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​នេះ តាម​រយៈ​ការ​ឆ្លងសាឡា​ង ។

គួរ​កត់សម្គាល់​ផង​ដែរ​ថា កន្លង​មក​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដាក់​ឱ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​ស្ពាន​នេះ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ