ខេត្តកំពង់ស្ពឺ៖ ក្មេងប្រុសម្នាក់ត្រូវបានរថយន្តបែនដឹកដីកិនបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលម្តាយឌុបចេញពីមើលខនសឺត(CONCERT) ជំងឺឆ្កួតជ្រូកធ្វើទុក្ខប្រកាច់ធ្លាក់ពីលើម៉ូតូ ចៃដន្យរថយន្តបែនដឹកដីបុកកិនតែម្តង។
ហេតុការណ៍ក្មេងប្រុសប្រកាច់ធ្លាក់ពីលើម៉ូតូចូលក្រោមកង់រថយន្តកិនស្លាប់បានកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ១១៦ទៅលេខ១១៧ ត្រង់ចំណុចភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកថ្ពងបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូ ១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KP-9820 អ្នកបើកបរឈ្មោះ មឿន សំបូរ ភេទស្រី អាយុ៣៥ឆ្នាំ ជិះឌុបកូនឈ្មោះ មឿក រ៉ាមុន ភេទប្រុស អាយុ ១៥ឆ្នាំ (ជាមនុស្សមានជំងឺប្រចាំកាយ ឆ្កួតជ្រូក) ទាំងពីរនាក់រស់នៅក្នុងភូមិតាំងស្តុក ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានបើកបរចេញពីកន្លែងប្រគំឥន្ត្រី Concert មួយកន្លែង ក្នុងទិសខាងត្បូងទៅទិសខាងជើង រួចហើយក៏បានឌុបកូនឡើងមកលើផ្លូវជាតិលេខ៤៤ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែក្មេងប្រុសរងគ្រោះ(កូនប្រុស)បានប្រកាច់ធ្លាក់ពីលើម៉ូតូ ចៃដន្យចូលកង់ក្រោយ រថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ (HYUNDAI )ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-5966 មិនស្គាល់អត្តសញ្ញាណ មិនស្គាល់អាសយដ្ឋានអ្នកបើកបរនោះទេ (បានគេចខ្លួនក្រោយពេលកើតហេតុរួច) ដែលកំពុងបើកបរពីទិសខាងទិសលិចទៅទិសខាងកើត បណ្ដាលឲ្យកិនបែកក្បាលក្មេងប្រុស ឈ្មោះ(មៀក រ៉ាមុន)ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
នគរបាលស្រុកថ្ពងបានបន្តឱ្យដឹងទៀតថា ក្រោយកើតហេតុនគរបាលជំនាញបានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ សពក្មេងប្រុសរងគ្រោះនគរបាលបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
នគរបាលស្រុកថ្ពងបានបញ្ជាក់ថា ចំពោះវត្ថុទាំង០២គ្រឿងខាងលើ ត្រូវបានយកទៅរក្សាទុក នៅប៉ុស្តិ៍នគររដ្ឋបាលឃុំមនោរម្យ នៃអធិការដ្ឋាននគរបាលស្រុកថ្ពង បណ្តោះអាសន្នសិន ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

ចែករំលែកព័តមាននេះ