ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១០ចំណុច ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់​ចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យអុំទូក

3 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានចេញ​សេចក្តីអំពាវនាវ ១០​ចំណុច ដើម្បី​បង្ការ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក…

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានចេញ​សេចក្តីអំពាវនាវ ១០​ចំណុច ដើម្បី​បង្ការ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​ថ្ងៃទី​១៨-២០ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​សេចក្តីអំពាវនាវ លើកឡើងថា ក្នុងឱកាស ដែល​រាជរដ្ឋាភិបាល បានប្រកាស​បើក​ដំណើរការ​គ្រប់​វិស័យ​នៅ​ទូទាំងប្រទេស​ឡើងវិញ បន្ទាប់ពី​បាន​ធូរស្រាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​ជំងឺ​កូ​វីដ​១៩ កន្លងមក និង​បានអនុញ្ញាត​ឲ្យ​មានការ​ឈប់សម្រាក និង​លើកទឹកចិត្ត​ឲ្យ​មាន​ការដើរ​កំសាន្ត ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១ ខាងមុខនេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​អំពាវនាវ​ដល់​សាធារណជន ជា​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ បន្ថែម​ពីលើ​ការអនុវត្ត​វិធានការ «៣​ការពារ និង​៣​កុំ​» ព្រម​ជាមួយនឹង​វិធានការ​សុខាភិបាល​ផ្សេងទៀត សំដៅ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ សូម​មេ​តា​ខិតខំ​យកចិត្តទុកដាក់ ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដូចខាងក្រោម​៖

១-​មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ជាដាច់ខាត​

២-​មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជាដាច់ខាត​

៣-​មិនត្រូវ​បត់ ឬ​វ៉ា​ជែង​ក្នុង​ភាព​ប្រថុយប្រថាន ឬ​ប្រើ​ទូរ​សព្ទ​ដោយ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់ទំនង​

៤-​ត្រូវគោរព​សិទ្ធិ​អាទិភាព គោរព​សញ្ញា​ចរាចរណ៍ និង​ប្រកាន់​ស្តាំ​ជានិច្ច​

៥-​មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ងងុយដេក​ជាដាច់ខាត​

៦-​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត​

៧-​ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាម​រថយន្ត​

៨-​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច ពិសេស​ត្រួតពិនិត្យ​កង់ ចង្កូត ហ្វ្រាំង ភ្លើង​បំភ្លឺ​។​ល​។​

៩-​មិនត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​ទំនិញ​លើស​ច្បាប់​កំណត់​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​ដឹក​កម្មករ មិនត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​កម្មករ​លើដំបូល និង​សូមកុំ​ដំឡើងថ្លៃ​ធ្វើដំណើរ​ក្នុងឱកាស​នេះ​។​

១០-​ត្រូវ​បើកបរ​ក្នុង​ស្ថា​មរ​តី​ប្រុងប្រយ័ត្ន​ជានិច្ច ប្រកបដោយ​សីលធម៌​យោគយល់​អធ្យាស្រ័យ​។​

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែលមាន​សម្តេច​ក្រឡាហោម ស ខេង ជា​ប្រធាន បាន​លើកឡើងថា ក្នុង​រយៈពេល ៩​ខែ​ដើមឆ្នាំ​២០២១​នេះ អាស្រ័យ​ដោយ​ប្រទេសជាតិ មាន​សន្តិភាព ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម ក្នុងការ​រក្សា​សណ្តាប់ធ្នាប់​សុវត្ថិភាព​ចរាចរណ៍​របស់​សមត្ថ​កិច្ច​គ្រប់​ថ្នាក់ និង​ប្រជាពលរដ្ឋ បាន​ចូលរួម​គោរព​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក បានធ្វើ​ឲ្យ​ចំនួន​គ្រោះថ្នាក់ ចំនួន​អ្នកស្លាប់ និង​រងរបួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ មានការ​ថយចុះ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា ឆ្នាំ​២០២០ គឺ​គ្រោះថ្នាក់​ថយ​ចំនួន ២២% ស្លាប់​ថយ ចំនួន ១៦% និង​របួស​ថយ ២៩% ភាគច្រើន ជនរងគ្រោះ ចំនួន ៧១% ជា​អ្នកជិះ​ទោចក្រយានយន្ត ( ម៉ូតូ ) មិន​ពាក់មួក​សុវត្ថិភាព​។​

​សូម​រម្លឹកថា នៅ​ឆ្នាំនេះ ទោះបីជា​រាជរដ្ឋាភិបាល មិន​រៀបចំ​ពិធីបុណ្យ​អុំទូក នៅមុខ​ព្រះបរមរាជវាំង តែ​បានអនុញ្ញាត​ឲ្យ​ឈប់សម្រាក ៣​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៨-២០ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្នុងពេល​បើក​ប្រទេស​ឡើងវិញ លើ​គ្រប់​វិស័យ​ចាប់តាំងពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ