កាន់ ម៉េងហុង និងគង់ សំបូរ ក្លាយជាម្ចាស់ប្រាក់លានក្នុងសប្ដាហ៍នេះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កីឡាករកាន់ ម៉េងហុង មកពីក្លិបនាគរាជចតុមុខ និងកីឡាករគង់ សំបូរ មកពីក្លិបគោព្រៃគុនខ្មែរ សម្រេច
រាជធានីភ្នំពេញ ៖ កីឡាករកាន់ ម៉េងហុង មកពីក្លិបនាគរាជចតុមុខ និងកីឡាករគង់ សំបូរ មកពីក្លិបគោព្រៃគុនខ្មែរ សម្រេច
រាជធានីភ្នំពេញ ៖ កីឡាករកាន់ ម៉េងហុង មកពីក្លិបនាគរាជចតុមុខ និងកីឡាករគង់ សំបូរ មកពីក្លិបគោព្រៃគុនខ្មែរ សម្រេចគោលដៅក្នុងការដណ្ដើមប្រាក់លានខារ៉ាបាវ បន្ទាប់ពីយកឈ្នះលើគូប្រកួតដោយពិន្ទុរៀងៗខ្លួន ខណៈកីឡាករពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្សពោធិសែនជ័យ ធ្វើឱ្យរបូតបាត់អស់ប្រាក់២លានរៀលពីកម្មវិធីគោជល់។
កីឡាករកាន់ ម៉េងហុង ដែលបានក្លាយជាម្ចាស់ប្រាក់លានលើកនេះ បន្ទាប់ពីគេបានយកឈ្នះកីឡាករធន់ ស៊ីហុង មកពីសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ ដោយពិន្ទុដាច់ទាំង៥ទឹកតែម្ដង ។
តាមការឱ្យដឹងពីគណៈកម្មការប្រកួត នេះគឺជាជំនួបលើកទី៥ហើយ សម្រាប់ការប៉ះគ្នាចំនួន៤លើកមុនៗ គឺចាញ់ឈ្នះចំនួនពីរដងម្នាក់ដូចគ្នា ប៉ុន្តែការប្រកួតលើកនេះពិតជាកក្រើកមែនទែន ព្រោះអីទោះបីកាន់ ម៉េងហុងចាញ់ប្រៀបខាងកម្ពស់បន្តិចមែនតែគេពិតជាធ្វើបានល្អខ្លាំងណាស់ គឺចាប់តាំងពីទឹកទី១ម្លេះ គេមិនសម្រុកចូលវាយផ្ដេសផ្ដាស់នោះទេ តែគេដកថយបណ្ដើរឆ្លៀតឱកាសទាត់ និងម៉ាត់ចេញមួយៗ គឺចំគោលដៅបានល្អខ្លាំងណាស់ ពេលខ្លះគេបានទាត់ល្វែងក្រោមធ្វើឱ្យធន់ ស៊ីហុង ដួលទាំងជំហ៊រជាច្រើនលើកច្រើនសារទៀតផង។
ទោះបីរងនូវការដាក់សម្ពាធពីកីឡាករកាន់ ម៉េងហុង យ៉ាងណាក៏ដោយ ធន់ ស៊ីហុង ហាក់មិនញញើតបន្តិចឡើយ គេនៅតែព្យាយាមសម្រុកចូលវាយប្រៀបបាននឹងខ្លាត្រូវរបួស ។ ប៉ុន្តែគួរឱ្យស្ដាយចប់ការប្រកួតគណៈកម្មការប្រកួតបានប្រកាសលទ្ធផលធន់ ស៊ីហុង ចាញ់ដាច់ទាំង៥ទឹក បាត់បង់ឱកាសក្លាយជាម្ចាស់ប្រាក់លានទាំងមិនអស់ចិត្ត។
ចំណែកកីឡាករគង់ សំបូរ វិញក៏បានធ្វើឱ្យកីឡាករអេលីត ភក្ដី ខកចិត្តមិនស្ទើរដែរ បន្ទាប់ពីចប់ការប្រកួត៥ទឹកពេញលទ្ធផលអេលីត ភក្ដី ត្រូវបានគណៈកម្មការប្រកួតប្រកាសឱ្យចាញ់៤-១ ។ តាមពិតសម្រាប់ការប៉ះគ្នារវាងគេទាំងពីរលើកនេះគង់ សំបូរ ពិតជាធ្វើបានល្អជាងលើកណាៗទាំងអស់ ដោយគេបានប្រើយុទ្ធសាស្ត្រមិនវាយសម្រុកផ្ដេសផ្ដាស់នោះឡើយ គឺវាយបណ្ដើរដកថយបណ្ដើរតែរាល់ការវាយចេញរបស់គេម្ដងៗគឺចំគោលដៅល្អខ្លាំងណាស់ ។ ប៉ុន្តែសម្រាប់អ្នកដែលគេស្គាល់អេលីត ភក្ដី ច្បាស់គេគិតថា ភក្ដីបានចាញ់ការប្រកួតលើកនេះគឺជារឿងស៊យបំផុត ព្រោះគេគិតថាអេលីត ភក្ដី គឺជាកំពូលអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលមិនងាយមានអ្នកណាផ្ដួលគេបានឡើយ។
ម្យ៉ាងវិញទៀត ការប៉ះជាមួយគង់ សំបូរ លើកនេះភក្ដីព្យាយាមសម្រុកចូលទាត់និងម៉ាត់ឥតសំចៃកម្លាំងតាំងពីទឹកទី១ដល់ទឹកទី៥ទីបំផុតបែជាមិនសម្រេចដូចបំណងធ្វើឱ្យរបូតបាត់ប្រាក់លានពីក្នុងដៃទាល់តែបាន។
ចំណែកគូប្រកួតដណ្ដើមប្រាក់ពីរលានពីក្រុមហ៊ុនភេសជ្ជៈគោជល់ក្នុងថ្ងៃសៅរ៍នេះដែរ ទោះបី ពុទ្ធ ឆាយរិទ្ធី ព្យាយាមវាយសម្រុក ទៅលើគឹម វាសនា និងធ្វើបានល្អជាងលើកណាៗទាំងអស់ក៏ដោយ ក៏គេមិនអាចសម្រេចគោលដៅក្នុងការដណ្ដើមយកប្រាក់ពីរលានរៀលបានដែរ ។ សម្រាប់ការប្រកួតលើកនេះសូម្បីអ្នកអត្ថាធិបាយក៏មានការកោតសរសើរពុទ្ធ ឆាយរិទ្ធី ពេញៗមាត់ថា កីឡាករចាស់វស្សាម្នាក់នេះការប្រកួតរបស់គេម្ដងនេះកម្លាំងពេញល្អខ្លាំងណាស់ ដោយសារតែការហ្វឹកហាត់របស់គេបានពេញល្អហើយមើលទៅ ។
តែទោះជាបែបនេះក៏ដោយ រាល់ការវាយចេញរបស់គេនៅមានចន្លោះប្រហោងច្រើន បណ្ដាលធ្វើឱ្យ គឹម វាសនាវាយបកមកវិញម្ដងៗចំគោលដៅបានច្រើនជាងធ្វើឱ្យចប់ការប្រកួត គឹម វាសនាជាអ្នកដណ្ដើមបានប្រាក់ពីរលានរៀលបន្ទាប់ពីគណៈកម្មការប្រកួតប្រកាសឱ្យឈ្នះពុទ្ធ ឆាយរិទ្ធី៤-១៕
ចែករំលែកព័តមាននេះ