ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម កែ គឹ​ម​យ៉ា​ន ចុះ​ពិនិត្យ​ទឹកស្ទឹង​កណ្តោល ដើម្បី​បូម​បញ្ចូល​ក្នុង​ស្ទឹង​សិរី​សោភ័ណ

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​ឆ្លើយ​តប​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ ដែល​កំពុង​តែ​ប្រឈម​នឹង​កង្វះខាត​ទឹក​ប្រើប្រាស់ បម្រើ​ឲ្យ​ជីវភាព​ប្រចាំ​ថ្ងៃ

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​ឆ្លើយ​តប​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ ដែល​កំពុង​តែ​ប្រឈម​នឹង​កង្វះខាត​ទឹក​ប្រើប្រាស់ បម្រើ​ឲ្យ​ជីវភាព​ប្រចាំ​ថ្ងៃ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ រួម​ដំណើរ​ដោយ​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ពិនិត្យ​មើល​ពី​ស្ថានភាព​ទឹកស្ទឹង​កណ្តោល ស្ថិត​ក្នុងភូមិ​បាណ​យ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ។

ការ​ចុះ​ពិនិត្យ​នេះ​គឺ​ក្នុង​គោលបំណង ដើម្បី​បូ​ប​ទឹក​ពី​កូន​ស្ទឹង​កណ្តោល ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ចំនួន​២​គ្រឿង បង្ហូរ​ចូល​តាម​ប្រឡាយ​ហូរ​ចូល​ក្នុង​ស្ទឹង​សិរី​សោភ័ណ តាម​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​កង្វះខាត​ទឹក​ប្រើប្រាស់​ក្នុង​ក្រុង​។ តាម​សេចក្តីរាយការណ៍​របស់​ឯកឧត្តម សួ​ម បវរ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ បាន​បង្ហាញ​ឲ្យ​ដឹង​ថា បើ​តាម​អ្នកជំនាញ​ខាង​ផ្នែក​ធនធានទឹក កូន​ស្ទឹង​កណ្តោល​នេះ មាន​ប្រវែង​៤​គ​.​ម ដែល​បច្ចុប្បន្ន​មាន​ជម្រៅ​ទឹក​៤​ម៉ែត្រ  មានទឹក​ប្រហែលជា​២០​ម៉ឺន​ម៉ែត្រគូប​។ ទឹក​នេះ​អាច​ទាញ​យក​មក​តាម​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ ក្នុង​ក្រុង​សិរី​សោភ័ណ បាន​ប្រហែល​១​ខែ​បន្ត​ទៀត​។

ក្នុង​រយៈពេល​១​ខែ​នេះ​ក្រុមហ៊ុន​ទឹក​ស្អាត​នៅ​តែ​អាច​ដំណើរការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ប្រជាពលរដ្ឋ នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ បាន​រហូត​មិន​ដាច់​ឡើយ  ហើយ​ទៅ​ថ្ងៃ​មុ​ទៀត​ឯកឧត្តម និង​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត រួម​ទាំង​ប្រធាន​ក្រុមហ៊ុន​ទឹក​ស្អាត នឹង​ខិតខំ​ស្វែងរក​ប្រភព​ទឹក​បន្ត​ទៀត​ដោយ​មិន​ឲ្យ​ក្រុមហ៊ុន​ទឹក​ស្អាត​ផ្អាក​ការ​ផ្គត់ផ្គង់​ទឹក​ជូន​ដល់​ប្រជាពលរដ្ឋ​នោះ​ឡើយ​។ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​បញ្ជាក់​ថា នៅ​ខេត្តបន្ទាយមានជ័យ ក្នុង​អំឡុង​២​ឆ្នាំ​ជាប់​ៗ​គ្នា​នេះ បាន​ជួប​នូវ​បញ្ហា​ប្រឈម​ភាព​កង្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដោយ​ក្នុង​ខេត្ត​ទឹកស្ទឹង បឹង បួរ ព្រែក ប្រឡាយ មានការ​រី​ស្ងួត​ហួតហែង​អស់​ចំនួន​២​ស្រុក គឺ​ស្រុក​មង្គល​បូ​រី និង​ស្រុក​ស្វាយចេក ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​នូវ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​។

សព្វថ្ងៃ​ប្រជាពលរដ្ឋ​រស់នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន​កំពុង​ស្វែងរក​ទឹក​តាម​បឹង បួរ​ឬ​អូរ​នៅ​សេសសល់​ប​ន្តិ​បន្តួច​ដឹក​តាម​គោ​យន្ត ឬ​ម៉ូតូ ដើម្បី​យក​មក​ប្រើប្រាស់​។ នៅ​ឆ្នាំ​ក្រោយ​ក្នុង​នាម​ឯកឧត្តម​ជា​បញ្ជាការ​កងឯកភាព​រដ្ឋបាល​ខេត្ត និង​ប្រធាន​មន្ទីរ​ធនធានទឹក សហការ​ជាមួយ​ក្រុមហ៊ុន​ទឹក​ស្អាត​ខិតខំ​ធ្វើ ធារាសាស្ត្រ​ឲ្យ​បាន​ច្រើន តាម​អនុ​សាស្ត្រ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​ការ​ណែនាំ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដើម្បី​កុំ​ឲ្យ​ខេត្តបន្ទាយមានជ័យ ជួប​បញ្ហា​កង្វះខាត​ទឹក​ដូច​ឆ្នាំ​នេះ​៕