ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ន សៀវ​ម៉ី ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ជិត​100​លាន​រៀល

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២១ មេ​សា គេ​កត់​សម្គាល់ថា​មាន​កីឡាករ​-​កីឡាការិនី និង​គណៈប្រតិភូ​យ៉ាងច្រើន​កុះករ ទៅ​ទទួល​ស្វាគមន៍​វីរ​កីឡាការិនី ស៊ន សៀវ​ម៉ី ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២១ មេ​សា គេ​កត់​សម្គាល់ថា​មាន​កីឡាករ​-​កីឡាការិនី និង​គណៈប្រតិភូ​យ៉ាងច្រើន​កុះករ ទៅ​ទទួល​ស្វាគមន៍​វីរ​កីឡាការិនី ស៊ន សៀវ​ម៉ី ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្នុង​នោះ​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ក៏​ត្រូវ​គេ​ឃើញ​រង់ចាំ​ស្វាគមន៍​នាង​នៅ​វេលា​នោះ​ផង​ដែរ ។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ ថ្វីបើ​នាង​ទទួល​បាន​ត្រឹមតែ​១​ពាន់​ដុល្លារ​ពី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ប៉ុន្តែ​ប្រាក់​រង្វាន់​ដែល​នាង​គ្រោង​ទទួល​បាន គឺ​ច្រើន​ម៉ឺន​ដុល្លារ​មិន​អន់​ជាង​កាល​ទទួល​បាន​មេដាយមាស​កាលពី​លើក​មុន​ឡើយ ។

ពិធី​ស្វាគមន៍​វីរ​កីឡាការិនី ស៊ន សៀវ​ម៉ី នា​ថ្ងៃ​នោះ​គឺ​មាន​២​វគ្គ​ដោយ​វគ្គ​១​គឺ​ការ​ទៅ​ទទួល​នាង​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​វគ្គ​២​គឺ​កិច្ច​សំណេះសំណាល និង​ផ្ដល់​ប្រាក់​រង្វាន់​ឧបត្ថម្ភ​ដល់​នាង​នៅ​គណៈ​ក​មា្ម​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ។ នៅ​ក្នុង​ពិធី​សំណេះសំណាល ក្រោម​វត្តមាន​លោក​រដ្ឋមន្ត្រី ថោ​ង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​, លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​, លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​កាយ និង​កីឡា រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត កញ្ញា ស៊ន សៀវ​ម៉ី បាន​អះអាង​ថា មុន​ការ​ប្រកួត​ឈ្នះ​មេដាយមាស​លើក​ទី​១​ដើម្បី​ទទួល​បាន​សិទ្ធិ​ទៅ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក អារម្មណ៍​​របស់​នាង​មិន​ស្រួល​នោះ​ទេ ដោយសារ​តែ​នាង​ខ្លាច​ចាញ់​ការ​ប្រកួត​នាំ​ឲ្យ​នាង​ដេក​មិន​លក់ ហើយ​កម្លាំង​ក៏​មិន​ពេញ ។ នាង​ថា សប្បាយចិត្ត​ចង់​ហោះ​នៅ​ពេល​លទ្ធ​ផល​តស៊ូ​ធ្វើ​ឲ្យ​នាង​ទទួល​បាន​មេដាយមាស​សម្រាប់​ការ​ប្រកួត​ជម្រុះ​ប្រចាំ​ទ្វីបអាស៊ី ដែល​ជា​ក្ដី​សង្ឃឹម​ទី​១​ ដែល​នាង​រំពឹង​ចង់បាន​បំផុត​មុន​ពេល​ចាកចេញ​ទៅ​ប្រកួត​នៅ​ហ្វ៊ី​លី​ពីន។ បន្ទាប់​មក សម្រាប់​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​តំបន់​អាស៊ី គឺ​នាង​រឹតតែ​មាន​បញ្ហា​មុន​ឈាន​ដល់​វគ្គ​ចុង​ក្រោយ​ដោយសារ​តែ​នាង​គេង​ក៏​មិនសូវ​គ្រប់គ្រាន់ ហើយ​កម្លាំង​ក៏​ទើបតែ​ប្រកួត​អស់​ក្នុង​ពេល​ទទួល​បាន​មេដាយមាស ។ នាង​និយាយ​ថា​៖«​មុន​បាន​មេដាយមាស ខ្ញុំ​មាន​អារម្មណ៍​ច្របូកច្របល់​យ៉ាង​ខ្លាំង ប៉ុន្តែ​បើ​និយាយ​ពី​រឿង​ភ័យ​គឺ​ពេល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ទី​២​នោះ​តែ​ម្ដង ដោយសារ​តែ​ទើប​ប្រកួត​អស់កម្លាំង​ផង ហើយ​ភ័យ​មិន​ចង់​ចាញ់​ផង អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​ប្រកួត​បាន​ត្រឹមតែ​មេដាយ​ប្រាក់ បើ​ទោះជា​ខ្ញុំ​ប្រឹង​អស់ពី​សមត្ថភាព​ទៅ​ហើយ​ក្តី​!»​។ នាង​ថា​ នាង​ទទួល​បាន​មេដាយ​ទាំង​ពីរ គឺជា​រឿង​លំបាក​ខ្លាំង​ណាស់​ព្រោះ​មិនមែន​ប្រកួត​ក្នុង​លក្ខណៈ​ប្រឡែង​គ្នា​ដូច​អ្នកខ្លះ​បាន​បង្ហាញ​ការ​រិះគន់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​ឡើយ ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​អះអាង​ថា​នេះ​ជា​លើក​ទី​១​ដែល​កម្ពុជា​ទទួល​បាន​សិទ្ធិ​ចេញ​ទៅ​ប្រកួត​នៅ​អូ​ឡាំ​ពិ​ក​ក្នុង​រយៈពេល​៦២​ឆ្នាំ ដោយសារ​តែ​កន្លង​មក​ឲ្យ​តែ​មានការ​ប្រកួត​ជម្រុះ​តាម​ទ្វីប គឺ​កីឡាករ​-​កីឡាការិនី​កម្ពុជា​មិន​ដែល​ទទួល​បាន​ឱកាស​នោះ​ទេ ។ លោក​បាន​សម្រេច​ប្រគល់​ថវិកា​លើកទឹកចិត្ត​ចំនួន​១​ពាន់​ដុល្លារ​ដល់​កីឡាការិនី ស៊ន សៀវ​ម៉ី, ៥០០​ដុល្លារ​ដល់​លោកគ្រូ ឆ​យ យ៉ុ​ង​សុខ និង​៥០០​ដុល្លារ​ទៀត​ដល់​កីឡាការិនី ឈឿ​ម ពុទ្ធា​រី​ម ដែល​ឈ្នះ​មេដាយ​សំរឹទ្ធ​ពី​ការ​ប្រកួត​ជើងឯក​កីឡា​អាស៊ាន​ហ្គេ​ម ដែល​នេះ​គ្រាន់តែ​ជា​ទឹកប្រាក់​ឧបត្ថម្ភ​ចេញពី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ប៉ុណ្ណោះ ។ លោក​ថា ប្រាក់​រង្វាន់​របស់​នាង​នឹង​ទទួល​បាន​ច្រើន​ជាង​នេះ​ដើម្បី​ឲ្យ​សម​នឹង​អ្វី​ដែល​នាង​ធ្វើ​បាន​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​លំដាប់​ទ្វីប ។

យោង​តាម​ព័ត៌មាន​ក្រៅផ្លូវការ ស៊ន សៀវ​ម៉ី ត្រូវ​ទទួល​បាន​ទឹកប្រាក់​ឧបត្ថម្ភ​ពី​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ចំនួន​៨០​លាន​រៀល​សម្រាប់​មេដាយមាស និង​១៣​លាន​រៀល​ទៀត​សម្រាប់​មេដាយ​ប្រាក់​ដែល​នាង​ទទួល​បាន​ពី​ការ​ប្រកួត​នៅ​ក្នុង​ប្រទេស​ហ្វ៊ី​លី​ពី​ន ។ ទឹកប្រាក់​ទាំងនេះ​នឹង​ត្រូវ​ប្រគល់​ជូន​ក្នុង​ពេល​ដ៏​ខ្លី​ដែល​ត្រូវ​គេ​មើលឃើញ​ថា​មិន​តិច​នោះ​ទេ បើ​ធៀប​នឹង​អ្វី​ដែល​នាង​ទទួល​បាន​កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅ​។ ទោះបី​យ៉ាងណា ទឹកប្រាក់​ជា​ច្រើន​លាន​រៀល​នេះ មិនមែន​ប្រាក់​រង្វាន់​ដែល​មាន​ចែង​នៅ​ក្នុង​អនុក្រឹត្យ​ឡើយ ដោយសារ​តែ​មេដាយ​ដែល​នាង​ទទួល​បាន​មិនមែន​ជា​ការ​ប្រកួត​ជម្រុះ​ព្រឹត្តិការណ៍ Game ។ មន្ត្រី​ដែល​បាន​ទម្លាយ​ព័ត៌មាន​អះអាង​ថា ប្រាក់​រង្វាន់​ជិត​១០០​លាន​រៀល​នោះ គឺជា​ការ​សម្រេច​ឲ្យ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ឲ្យ​នាង​កាន់តែ​មាន​ទឹកចិត្ត​បន្តដំណើរ​ទៅ​កាន់​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក ដោយ​ធាតុ​ពិត​គឺ​នាង​ទទួល​បាន​តែ​ប្រាក់​លើកទឹកចិត្ត​ដែល​ខាង​អូ​ឡាំ​ពិ​ក​ផ្ដល់​ឲ្យ​ក្នុង​ថ្ងៃ​ចុះ​ពីលើ​យន្តហោះ​ប៉ុណ្ណោះ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បញ្ជាក់​ថា ក្រោយ​ពី​មក​ដល់​មាតុប្រទេស​វិញ​ប្រមាណ​ជា​កន្លះ​ខែ ស៊ន សៀវ​ម៉ី នឹង​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េ​ចាប់ពី​២​ទៅ​៣​ខែ ដោយ​ខាង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​ត្រៀម​ស្នើ​សុំ​ទៅ​កាន់​ភាគី​កូរ៉េ​ដែល​ធ្លាប់​ជ្រោមជ្រែង​ឲ្យ​នាង​ហ្វឹកហាត់​កន្លង​មក​រួច​ហើយ​។ លោក​មាន​ប្រសាសន៍​ថា​៖ «​សម្រាប់​អូ​ឡាំ​ពិ​ក​នៅ​ខែសីហា​ហ្នឹង អា​សៀវ​ម៉ី ដាច់ខាត​ត្រូវ​តែ​ហ្វឹកហាត់​នៅ​បរទេស​យ៉ាង​ហោច​ជាង​២​ខែ​មុន​ទៅ​ប្រកួត ហើយ​កូរ៉េ​គេ​ពិតជា​ទទួល​ឲ្យ​ធ្វើការ​ហ្វឹកហាត់​តាម​ការ​ស្នើ​សុំ​របស់​យើង ដោយសារ​តែ​នាង​ទើបតែ​ឈ្នះ​មេដាយ​បាន​កៅអី​ទៅ​ប្រកួត​នៅ​អូ​ឡាំ​ពិ​ក​ជា​លើក​ទី​១​បែប​នេះ​!» ។ ទោះ​មិន​ទាន់​សង្ឃឹម​ខ្ពស់​សម្រាប់​លទ្ធផល​នៅ​អូ​ឡាំ​ពិ​ក ប៉ុន្តែ​លោក​បញ្ជាក់​ថា ក៏​ជា​មុខមាត់​មួយ​ដែល​នាង​បាន​អង្គុយ​កៅអី​នាំមុខ​គេ​ក្នុង​ទ្វីបអាស៊ី ហើយ​បាន​ទៅ​ប្រកួត​នៅ​អូ​ឡាំ​ពិ​កដោយ​កិត្តិយស​មិនមែន​ក្នុង​លក្ខខណ្ឌ​អនុគ្រោះ​ឡើយ ៕