រាជធានីភ្នំពេញ ៖ ដើម្បីធានាសុវត្ថិភាពលើកំណាត់ផ្លូវជាតិលេខ ៣ កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ ១០ ទីតាំងត្រូវបានដំឡើងនៅលើកំណាត់ផ្លូវជាតិពីចោមចៅទៅកំពត ដែលមានប្រវែងសរុប១៣៥ គីឡូម៉ែត្រ នោះ ។ ក្នុងនោះពីចោមចៅដល់បែកគូសជាផ្លូវ ៤គន្លងមានចំនួន ៤ ទីតាំង និងកំណាត់ផ្លូវពីបែកគូសទៅទីរួមខេត្តកំពត ជាផ្លូវ ២ គន្លង មានចំនួន ៦ ទីតាំង ។
![Picture]()
ក្រៅពីនេះ ភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើប ចំនួនពីរទីតាំងបានដំឡើងផងដែរ នៅត្រង់ចំណុចវត្តស្លែង និងផ្សារអង្គតាសោម ។ ភ្លើងសញ្ញាចរាចរណ៍ទាំងពីរទីតាំងបំពាក់នូវប្រព័ន្ធ Wireless សម្រាប់ភ្ជាប់ពីបង្គោលមួយទៅបង្គោលមួយ និងធ្វើការបញ្ជាដំណើរការតាមទូរសព្ទដៃ ព្រមទាំងបំពាក់នូវប្រព័ន្ធសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យសម្រាប់ផ្គត់ផ្គង់អគ្គីសនី ។
![Picture]()
ការដាក់កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបទាំងនេះ ក្នុងគោលបំណងតាមដាន ការពារសុវត្ថិភាព និងសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋលើផ្លូវជាតិលេខ ៣ ដែលក្នុងនោះ អគ្គស្នងការនគរបាលជាតិនឹងគ្រប់គ្រងរាល់សកម្មភាព និងប្រតិបត្តិការរបស់កាមេរ៉ាចាប់ល្បឿនទាំង ១០ ទីតាំង ទាំងការគ្រប់គ្រងទិន្នន័យ និងការពិន័យបទល្មើសផងដែរ ។
![Picture]()
ក្រសួងជំនាញបានបញ្ជាក់ថា កាមេរ៉ាចាប់ល្បឿនទាំងនេះអាចឱ្យមន្ត្រីជំនាញដឹងនូវល្បឿនរបស់រថយន្ត ពណ៌ ប្រភេទ និងស្លាកលេខរថយន្ត អ្នកបើកបរមិនពាក់ខ្សែក្រវ៉ាត់ការពារ និងប្រើទូរសព្ទពេលបើកបរ ។ មុននឹងដាក់ប្រើប្រាស់ផ្លូវការ អាជ្ញាធរពាក់ព័ន្ធ នឹងខិតខំអប់រំផ្សព្វផ្សាយ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឱ្យបានដឹងអំពីច្បាប់ចរាចរណ៍ និងការដាក់កាមេរ៉ាចាប់ល្បឿន ហើយអាជ្ញាធរនឹងបំពាក់ផ្លាកសញ្ញាជូនដំណឹងដល់អ្នកបើកបរយ៉ាងតិច ១ គីឡូម៉ែត្រមុនដល់ទីតាំងកាមេរ៉ាចាប់ល្បឿន ។
![Picture]()
កាមេរ៉ាចាប់ល្បឿនឆ្លាតវៃទាំង ១០ ទីតាំង នឹងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ ២០២១ បន្ទាប់ពីទទួលបានការឯកភាពពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរារណ៍ផ្លូវគោក និងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។ ចំណែកភ្លើងស្តុបចរាចរណ៍ទាំងពីរទីតាំងត្រូវបានដាក់ដំណើរការបណ្តោះអាសន្នចាប់ពីថ្ងៃនេះតទៅ ។
![Picture]()
ផ្លូវជាតិលេខ ៣ ចាប់ពីរង្វង់មូលចោមចៅ រាជធានីភ្នំពេញ ដល់ក្រុងកំពត មានប្រវែងសរុបជិត ១៣៥ គីឡូម៉ែត្រ បានជួសជុល កែលម្អក្នុងទឹកប្រាក់ ២០០ លានដុល្លារអាមេរិក កាលពីពេលថ្មីៗនេះ ៕
ចែករំលែកព័តមាននេះ