ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ខេត្តស្ទឹងត្រែង​៖ អ្នកទោស​ចំនួន ៧​នាក់ បាន​ទម្លាយ​ជ​ញ្ជាំ​ង​ ហែក​គុក រត់គេចខ្លួន កាលពី​វេលា​ម៉ោង ៣ និង ២០​នាទី​ទៀបភ្លឺ…

ខេត្តស្ទឹងត្រែង​៖ អ្នកទោស​ចំនួន ៧​នាក់ បាន​ទម្លាយ​ជ​ញ្ជាំ​ង​ ហែក​គុក រត់គេចខ្លួន កាលពី​វេលា​ម៉ោង ៣ និង ២០​នាទី​ទៀបភ្លឺ ​ឈានចូល​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង​។ ករណីនេះ តម្រូវ​ឲ្យ​តាម​ពន្ធនាគារ ឬមណ្ឌលឃុំឃាំង​ ត្រូវ​បង្កើន​កងកម្លាំង​ការពារ​សន្តិសុខ ឆ្មាំ​​ពន្ធនាគារ ហើយ​របង​ និងជញ្ជាំង​ពន្ធនាគារ ក៏ត្រូវ​ធ្វើ​ឲ្យ​រឹង​មាំ និង​ច្រើន​ជាន់ ដែល​អ្នកទោស មិនអាច​ទម្លាយ ឬ​ឡើង​ផ្លោះ​រត់គេច​​បាន​ទៀត​នោះទេ​។​

​ប្រភពព័ត៌មាន​អោយដឹងថា នា​វេលា​ទៀបភ្លឺ ខណៈ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ដឹងថា អ្នកទោស​វាយ​ជញ្ជាំង​ទម្លាយ​រត់គេចខ្លួន​នោះ ឆ្មាំ​គុក​បាន​ប្រើប្រាស់​កាំភ្លើង បាញ់​ចំនួន ៤​គ្រាប់ ដើម្បី​គំរាម បញ្ឈប់​សកម្មភាព​រត់​គេច តែ​មិនអាច​រារាំង​បានឡើយ​។

​តាម​ការពិនិត្យ​ទីតាំង​ជាក់ស្តែង កម្លាំង​នគរបាល​បាន​រកឃើញ​ឧបករណ៍​ធ្វើ​សិប្បកម្ម និង​វត្ថុ​រឹង​មួយចំនួន ដែលជា​ឧបករណ៍​សម្រាប់​ទម្លាយ​របង​ថ្ម ដូចជា ប្រដាប់​ខួង ដែក​ត្រសេះ កំណាត់ឈើ ខ្នើយ​ភួយ ដើម្បី​ខ្ទប់​វាយ​មិន​ឲ្យ​ឮ​សំឡេង​។​

​លោក ឈុន តារា ប្រធាន​ពន្ធនាគារ​ខេត្តស្ទឹងត្រែង អោយដឹងថា ក្នុងចំណោម​អ្នកទោស ៧​នាក់ ដែល​រត់គេចខ្លួន​នោះ មាន​ម្នាក់ ត្រូវបាន​កាត់ទោស អោយ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ក្នុងករណី​ជួញដូរ​គ្រឿងញៀន និង ៦​នាក់​ទៀត ជាប់ទោស​ស្រាល ក្នុងករណី​ជួញដូរ​គ្រឿងញៀន និង​ម្នាក់​ជាប់ទោស​ពីបទ​ប្លន់ ឬ​លួច​មាន​ស្ថាន​ទម្ងន់ទោស​។​

​ក្រោយ​អ្នកទោស​ហែក​គុក​រត់ មន្ត្រី​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង សហការគ្នា ស្រាវជ្រាវ និង​តាម​ចាប់​​អ្នកទោស​ទាំង ៧​នាក់​នោះ តែ​រហូតដល់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២១ មិនទាន់មាន​ព័ត៌មាន ផ្សាយ​ពី​ការស្វែងរក​ឃើញ​អ្នកទោស​ទាំងអស់នោះ នៅ​ឡើយទេ​។​

​តាមច្បាប់ នៅពេល​សមត្ថកិច្ច ចាប់បាន​មកវិញ អ្នកទោស​ហែក​គុក​រត់​ទាំងនោះ នឹងត្រូវ​ដាក់ទោស​តាម​នីតិវិធី ដែល​បានកំណត់​ឲ្យ​បន្ថែម​រយៈពេល​ឃុំឃាំង ទៅតាម​លក្ខខណ្ឌ និង​ស្ថានទោស​របស់​ជន​ទាំងនោះ​។​

​យ៉ាងណាក៏ដោយ ករណីនេះ មហាជន​ឆ្ងល់ និង​​លើកឡើងថា អ្នកទោស អាច​ទម្លុះ​ជញ្ជាំង​ពន្ធនាគារ ហើយ​លួច​រត់​ដូច្នេះ អាចមាន​រឿង​អ្វី​មិន​ប្រក្រតី​នៅ​ពីក្រោយ​ទេដឹង? ប៉ុន្តែ​មន្ត្រី​នាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង លើកឡើងថា ពេលនេះ មិនទាន់​អាច​បកស្រាយ​អ្វី​ឱ្យ​ជាក់លាក់​​នោះ​ទេ ​ព្រោះ​​ក្រុម​ការងារ​ កំពុង​ស៊ើបអង្កេត ហើយ​ករណីនេះ បាន​កើតឡើង​នៅពេល​ទៀបភ្លឺ និង​មាន​ករណី​ជាច្រើន ដែល​ក្រុមការងារ​ស៊ើបអង្កេត កំពុង​ស្រាវជ្រាវ ដើម្បី​វាយតម្លៃ រកហេតុ​ផល​ឲ្យ​បានច្បាស់លាស់​។​

​កាលពី​ខែមេសា ឆ្នាំ​២០២០ នៅ​ខេត្តកំពង់ស្ពឺ ក៏មាន​អ្នកទោស​ជិត ៣០​នាក់ បាន​ហែក​គុក បម្រុង​រត់គេចខ្លួន​។ អ្នកទោស​ទាំងនោះ បាន​ព្រួត​វាយ​មន្ត្រី​ពន្ធនាគារ ៤​នាក់ ឱ្យ​រងរបួស ហើយ​បាន​រត់ឡើង​លើដំបូល​អ​គារ​គុក​។ ប៉ុន្តែ​ត្រូវបាន​មន្ត្រីនគរបាល ឡោមព័ទ្ធ ចាប់បាន​ទាំង​អស់​មក​វិញ​។​

​នៅក្នុង​មករា ឆ្នាំ​២០២១ ក៏មាន​ករណី​អ្នកទោស ៤​នាក់ រត់​ចេញពី​ពន្ធនាគារ​ខេត្តកណ្ដាល​។ រីឯ​នៅ​ខែសីហា ឆ្នាំ​២០២១​នេះ ក៏មាន​អ្នកទោស ៤​នាក់​ បាន​រត់គេច​ពី​ពន្ធនាគារ​ខេត្តកណ្ដាល​។ ប៉ុន្តែ​សមត្ថកិច្ច បាន​ឡោមព័ទ្ធ​ចាប់បាន​វិញ​ភ្លាមៗ​។​

​ឯកសារ បង្ហាញថា ការ​លួច​រត់​ចេញពី​ពន្ធនាគារ ត្រូវ​មានទោស​។ ការ​លួច​រត់​ចេញពី​ពន្ធនាគារ មាន​កត្តា​ជាច្រើន រួមផ្សំ​ជាមួយគ្នា គឺ​ទី​១ ដោយសារ​អ្នកទោស ឬ​ទណ្ឌិត​ប៉ុនប៉ង និង​រក​មធ្យោបាយ​រត់​គេច និង​ទី​២ មានការ​សមគំនិតរ​វាង​ឆ្មាំ​ពន្ធនាគារ និង​អ្នកទោស ដើម្បី​ធ្វើ​ឲ្យ​ការ​លួច​រត់​នោះ បានសម្រេច​ផល​។​

​ពាក់ព័ន្ធ​ករណី​អ្នកទោស​ហែក​គុក លួច​រត់​នេះ ត្រូវបាន​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោសបន្ថែម​លើ​ទណ្ឌិត​ម្នាក់ ចំនួន ១៨ ខែ និង​ពិន័យ ២​លាន​រៀល ពាក់ព័ន្ធ​នឹង​ករណី​រត់​ចេញពី​ពន្ធនាគារ PJ ក្រោយពេល​អនុវត្ត​ទោស​ពីបទ​លួច បាន​ជិត ២​ឆ្នាំ និង​ជិត​ដល់​ថ្ងៃ​ត្រូវ​ចេញ​វិញ​ហើយ​នោះ​។​

​របាយការណ៍​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ទណ្ឌិត​នេះ បាន​លួច​រត់​ចេញពី​ពន្ធនាគារ PJ ខណៈ​អនុរក្ស​ពន្ធនាគារ បញ្ចេញ​ឲ្យ​ធ្វើ​ពលកម្ម ក្នុង​បរិវេណ​ពន្ធនាគារ ជាមួយ​មនុស្ស ៦ នាក់​ទៀត ដោយ​ផ្លោះ​របង​ខាងលិច រួច​ឡើង​ជិះ​ម៉ូតូឌុប ដែល​នៅ​រង់ចាំ​​។ ពេលទៅដល់​វត្តភ្នំ ដោយសារ​មានការ​ស្ទាក់​ចាប់ពី​សម​ត្ថ​កិច្ច ជនសង្ស័យ​បាន​លោត​ចុះ​ពី​ម៉ូតូ ប៉ុន្តែ​ត្រូវ​ម៉ូតូឌុប និង​អ្នក​ថែ​សួន​ចាប់បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​

​យ៉ាងណាក៏ដោយ ករណី​អ្នកទោស​ហែក​គុក លួច​រត់​នេះ ទាមទារ​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច ក្រោម​ការដឹកនាំ​របស់​ក្រសួងមហាផ្ទៃ ត្រូវធ្វើ​កិច្ចការ​បន្ទាន់ និង​ជា​ចំណុច​សំខាន់ គឺ​ត្រូវ​ពង្រឹងសមត្ថភាព ក្នុងការ​គ្រប់គ្រង​មណ្ឌល​ឃុំឃាំង ឬ​ពន្ធនាគារ​ទូទាំងប្រទេស ឱ្យបាន​ល្អប្រសើរ ទាំង ២៤ម៉ោង លើ ២៤ម៉ោង រៀងរាល់ថ្ងៃ ហើយ​ពង្រឹងសមត្ថភាព​ក្រុមការងារ ជាពិសេស​មន្ត្រី​ពន្ធនាគារ ឆ្មាំ​គុក ឱ្យមាន​សមត្ថភាព​ខ្លាំង​ក្លា​បន្ថែមទៀត រួមទាំង​ការដាក់​កាំ​ម៉ា​រ៉ា​សុវត្ថិភាព​នៅ​គ្រប់កន្លែង ក្នុង​ពន្ធនាគារ ឬ​មណ្ឌល​ឃុំឃាំង​ទាំងអស់នោះ​ផង​។ របង និងជញ្ជាំងពន្ធនាគារ ក៏ត្រូវធ្វើ​ឲ្យរឹងមាំច្រើនជាន់ ហើយខ្ពស់ៗ ដាក់លួសបន្លារ ដែល​មិនអាច​ឲ្យអ្នកទោស ឡើងរួច ឬក៏វាយទម្លាយ​បាននោះឡើយ។​

​ជាមួយគ្នា​នោះ អាជ្ញាធរសមត្ថកិច្ច ក៏ត្រូវ​ស្រាវជ្រាវ​រក​មូលហេតុ​​ពិតប្រាកដ​​នៃ​ការ​ហែក​គុក លួច​រត់​នេះ ក្រែង​លោ មានការ​ត្រូវរ៉ូវ​រវាង​អ្នកទោស និង​ឆ្មាំ​គុក ទើប​ឈានដល់​ការ​លួច​រត់​បាន​ដោយ​ស្រួល​ដូច្នេះ​។ ករណី​រកឃើញថា មានការ​ឃុបឃិត គឺ​ត្រូវ​ដាក់ទោស​ឲ្យ​ធ្ងន់ធ្ងរ ដោយ​ដក​ពី​តំណែងមន្ត្រី​ពន្ធនាគារទាំងនោះ ​ហើយ​ឲ្យ​មន្ត្រី​ពន្ធនាគារ​នោះ ជាប់គុក​ជាមួយ ឬក៏​ជំនួស​អ្នកទោស​នោះ​ម្តង​។

​នៅតាម​ផ្លូវ​ជុំវិញ​ពន្ធនាគារ ឬ​មណ្ឌល​ឃុំឃាំង ក៏ត្រូវ​តែ​ដាក់​ប៉ា​រ៉ា​សយាម ២៤​ម៉ោង លើ ២៤​ម៉ោង បន្ថែម​ដោយ​កម្លាំង​ល្បាត ជាប្រចាំ ឆ្លាស់​វេន​គ្នា ដើម្បី​​ធា​នា​​ថា ​នៅ​ពេល​​ក្រោយៗ​​ទៀត​ នឹង​មិន​មាន​ករណី​អ្នកទោស លួច​រត់​ចេញពី​ពន្ធនាគារ ឬ​មណ្ឌល​ឃុំឃាំង​​ទៀត​​នោះ​ទេ​​។ ម្យ៉ាង​វិញ​ទៀត​ ប្រជាពលរដ្ឋ​​រស់​នៅ​​ជិតៗ​​ពន្ធនាគារ ឬ​មណ្ឌល​ឃុំឃាំង ក៏ត្រូវតែ​​សហការ​ជាមួយ​អាជ្ញាធរ​សមត្ថកិច្ច ដោយ​មិនត្រូវ​លាក់​បំពួន​អ្នកទោស​ទេ បើសិនជា​អ្នកទោស រត់​ទៅ​ជ្រក​ស​ង្ងំ​ក្នុងផ្ទះ​របស់ខ្លួន ព្រោះ​ករណីនេះ ម្ចាស់ផ្ទះ​អ្នក​លាក់​បំពួន​ចោរ ឬ​អ្នក​លាក់​បំពួន​អ្នកទោស គឺ​ត្រូវ​មានទោស​​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ