ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថាធិប្បាយ៖ ការដាក់សម្ពាធ និងការកៀបសង្កត់​លើកម្ពុជា លែងមានប្រសិទ្ធភាពហើយ?

3 អាទិត្យ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ យូរ​ឆ្នាំ​ណាស់​មកហើយ ដែល​ប្រមុខ​ដឹកនាំ​កម្ពុជា បានប្រកាសថា ការ​គំរាម ដាក់​សម្ពាធ និង​កៀបសង្កត់​មកលើ​កម្ពុជា ពី​សំណាក់​សហគមន៍​អន្តរជាតិ ពិសេស​ប្រទេស​លោកខាងលិច ប្រជាធិបតេយ្យ​សេរី…

ភ្នំពេញ​៖ យូរ​ឆ្នាំ​ណាស់​មកហើយ ដែល​ប្រមុខ​ដឹកនាំ​កម្ពុជា បានប្រកាសថា ការ​គំរាម ដាក់​សម្ពាធ និង​កៀបសង្កត់​មកលើ​កម្ពុជា ពី​សំណាក់​សហគមន៍​អន្តរជាតិ ពិសេស​ប្រទេស​លោកខាងលិច ប្រជាធិបតេយ្យ​សេរី ដូចជា សហរដ្ឋអាមេរិក និង​សហភា​ព​​អឺរ៉ុប ជាដើម​នោះ គឺ​លែងមាន​ឥទ្ធិពល​អ្វី​តទៅទៀត​ហើយ​។ មូលហេតុ ដោយសារតែ​​កម្ពុជា​ សំអាង​លើ​​ឯករាជ្យ អធិបតេយ្យ​ជាតិ ដែល​មិនអាច​មានបរ​ទេសណា មក​រំលោភបំពាន​បានឡើយ​។ តែ​មែនទែនទៅ ក៏​ដោយសារតែ​​សេដ្ឋកិច្ច​កម្ពុជា រីកចម្រើន ហើយក៏​មិន​ពឹងផ្អែក​ទាំងស្រុង​លើ​អាមេរិក ឬ​អឺរ៉ុប ដែល​ចង់​ដាក់​ការកៀបសង្កត់​លើ​កម្ពុជា ក្រោមលក្ខខណ្ឌ​ប្រជាធិបតេយ្យ​ សេរីភាព និង​សិទ្ធិ​មនុស្ស​​នោះ​ទេ ​តែ​​កម្ពុជា​ មាន​មហាអំណាច​ចិន នៅ​ពីក្រោយ ជា​ខ្នងបង្អែក​យ៉ាង​រឹងមាំ​​។​

​ជាថ្មី​ម្តងទៀត ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​អគារ​ថ្មី​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នា​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា បើសិន​ថ្នាក់ដឹកនាំ​ប្រទេស​នានា មក​កម្ពុជា ហើយ​ចង់​មក​កៀបសង្កត់​កម្ពុជា ដើម្បី​ឲ្យ​ធ្វើតាម​ខ្លួន កុំមក​ល្អ​ជាង ពីព្រោះថា ជា​សិទ្ធិ​របស់​កម្ពុជា​។​

Picture

​ការលើកឡើង​របស់​ស​ម្តេច​តេ​ជោ​ដូច្នេះ ខណៈ​មាន​អ្នកខ្លះ បាន​លើកឡើងថា រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នា​ថ្ងៃទី​៧-៨ ខែវិច្ឆិកា​នេះ ដើម្បី​មក​ដាក់​គំនាប​កម្ពុជា​។

​ប៉ុន្តែ​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា ក្រោយ​ពិធី​សម្ពោធ​នេះ សម្តេច​នឹង​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី ដែល​នឹង​ពិភាក្សាគ្នា​យ៉ាងច្រើន ទៅលើ​កិច្ច​សហប្រតិបត្តិ​ទ្វេភាគី ក្នុង​ក្របខណ្ឌ​រវាង​កម្ពុជា និង​អូស្ត្រាលី និង​ជា​ក្របខណ្ឌ​ហួស​ពីនេះ​ទៀត គឺ​ទាក់ទង និង​ឥណ្ឌូ​អាស៊ី​ប៉ាស៊ីហ្វិក និង​ប្រទេស​អាស៊ាន​មួយចំនួន ទៅលើ​ពាក់ព័ន្ធ​នឹង​តំបន់​មាន​អាវុធ​នុយក្លេអ៊ែរ​។ ក្នុងនោះ អូស្ត្រាលី ក៏​ចង់​ប្រាប់​កម្ពុជា អំពី​ការបង្កើត​សម្ព័ន្ធភាព​ថ្មី AUKUS ( អូស្ត្រាលី អង់គ្លេស និង​អាមេរិក )​។​

​សម្តេច ក៏បាន​ផ្តាំផ្ញើ​ទៅ​ខ្មែរ ដែលជា​ក្រុមប្រឆាំង នៅក្រៅ​ប្រទេស​ថា សូមអ្នក​ដទៃ នៅក្រៅ​ប្រទេស ដែល​និយាយថា គេ​មកដល់​ផ្ទះ​កៀបសង្កត់ គឺ​សម្តេច បញ្ជាក់​ឲ្យ​ហើយ​ថា បើ​អ្នក​ដែល​ចង់​មក​កម្ពុជា​កៀបសង្កត់​កម្ពុជា សូម​មិនចាំបាច់​មក​ទេ។ ​ការដែល​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​មក សម្តេច​មិនបាន​ទៅ​ទទួល គេ​ចោទថា សម្តេច​ខ្លាច​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស កៀបសង្កត់​។

ប៉ុន្តែ​សម្តេច សូមបញ្ជាក់ថា ពេលនោះ សម្តេច​កំពុង​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ផ្ទុយទៅវិញ រដ្ឋមន្ត្រី​អង់គ្លេស​មក​កម្ពុជា ដើម្បី​ស្នើ​ឲ្យ​កម្ពុជា គាំទ្រ​អង់គ្លេស ក្លាយជា​ដៃគូ​អាស៊ាន​ប៉ុណ្ណោះ​។​​ រឿង​អ្វី ដែល​សម្តេច ត្រូវ​ខ្លាច​អង់គ្លេស​? អង់គ្លេស ជាមួយ​កម្ពុជា ធ្វើ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម នៅតែ​ល្អ​។ កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ មាន​ទំហំ​ធំជាងគេ នៅក្នុង​អឺរ៉ុប​។​

​ជាមួយគ្នា​នោះដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់ថា ថ្នាក់ដឹកនាំ​ប្រទេស​អង់គ្លេស បានប្រកាស​ជំហរ​ល្អ​ជាមួយ​កម្ពុជា ហើយ​ចំពោះ​បង្ហាញ EBA អង់គ្លេស មិន​ខ្វល់​នោះទេ​។ តែ​អង់គ្លេស ខ្វល់​តែ​រឿង​ដកខ្លួន​ចេញពី​អឺរ៉ុប​តែប៉ុណ្ណោះ​។ សម្រាប់​ទស្សនៈកិច្ច រដ្ឋមន្ត្រី​អូស្ត្រាលី​នៅ​កម្ពុជា ពេលនេះ ក៏​មិនមែន​មក​កៀបសង្កត់​នោះទេ ប្រហែលជា​មក ដើម្បី​ពន្យល់​រវាង​សម្ព័ន្ធភាព​អូស្ត្រាលី អង់គ្លេស និង​អាមេរិក ហៅ​កាត់​ថា AUKUS ជា​រឿង​សំខាន់​។​

Picture

​សម្តេច​តេ​ជោ ហ៊ុន សែន គូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា និង​អូស្ត្រាលី មានការ​និយាយ​គ្នាច្រើន​សម្រាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ នៃ​ការធ្វើ​អាជីវកម្ម​មាស​របស់​ក្រុមហ៊ុន​អូស្ត្រាលី នៅ​កម្ពុជា គឺ​បាន​មាស​ជិត ៨០០​គីឡូ ហើយ​បើ​មួយឆ្នាំ នឹង​ជីក​រកបាន​ច្រើនជាង​នេះ​។ ដូច្នេះ​ទំហំ​ពាណិជ្ជ​រវាង​កម្ពុជា និង​អូស្ត្រាលី នឹងមាន​ទំហំ​កាន់តែច្រើន​ថែមទៀត​។​

​ឥទ្ធិពល​បរទេស ពិសេស​លោកខាងលិច មកលើ​កម្ពុជា បាន​ថមថយ​ជា​បន្តបន្ទាប់ ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ លែងមាន​តែម្តង ខណៈដែល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន មាន​សេដ្ឋកិច្ច​រឹងមាំ​ជាង​មុន និង​មានការ​អភិវឌ្ឍន៍​គ្រប់​វិស័យ​។ ជាងនេះទៅទៀត កម្ពុជា​ក៏មាន​មហា​យក្ស​ចិន នៅ​ពីក្រោយ​។ ចិន​ផ្តល់​ទាំង​ជំនួយឥតសំណង ដោយ​គ្មាន​លក្ខខណ្ឌ រួមទាំង​ប្រាក់កម្ចី​យ៉ាងច្រើន សម្រាប់ធ្វើ​ផ្លូវ និង​ស្ពាន​យ៉ាងច្រើន នៅ​កម្ពុជា​។​

​ប៉ុន្តែ​ទោះជាដូច្នេះ​មែន តែ​កម្ពុជា​នៅតែ​បើកចំហ និង​ទទួល​ស្វាគមន៍​នូវ​រាល់​ទំនាក់ទំនង​ការទូត​ជាមួយ​គ្រប់​បណ្តា​ប្រទេស​​ជា​មិត្ត ហើយក៏​ទទួលយក​នូវ​រាល់​ជំនួយ​ទាំង​ឥត​សំណង និង​ទាំង​ជំនួយ​សម្បទាន​ពី​ដៃគូ​អភិវឌ្ឍន៍​នានា ក្នុងនោះ ក៏មាន​អាមេរិក រួមទាំង​ប្រទេស​មហាអំណាច​នានា នៅ​អឺរ៉ុ​ប​ផងដែរ​។​

​យ៉ាងណាក៏ដោយ ជំហរ​ចុងក្រោយ​របស់​កម្ពុជា ចំពោះ​បរទេស ក៏ត្រូវ​បានបញ្ជាក់​យ៉ាងច្បាស់​រួចមកហើយ ពិសេស​ពាក់ព័ន្ធ​​ករណី EBA របស់​សហភាព​អឺរ៉ុប​។ នោះ​គឺ​ទោះបីជា​អឺរ៉ុប​ផ្តាច់ EBA ពី​កម្ពុជា តែ​ការនាំចេញ​របស់​កម្ពុជា ទៅកាន់​អឺរ៉ុប ពិសេស​លើ​ផលិតផល​កាត់ដេរ មកដល់ពេលនេះ មិនបាន​ថមថយ​​​ទេ​។ ករណី EBA នេះ កម្ពុជា​​មិន​យក​អធិបតេយ្យជាតិ​​​របស់ខ្លួន ទៅ​ដូរ​នឹង​ជំនួយ​​នោះឡើយ​។​

​ដូច្នេះ​សរុបទៅ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ រហូតមកដល់​ពេលនេះ សេដ្ឋកិច្ចកម្ពុជា​កាន់តែ​រឹងមាំ ហើយ​ការអភិវឌ្ឍន៍​ក៏ត្រូវ​បានធ្វើ​ឡើងលើ​គ្រប់​វិស័យ ខណៈដែល​កម្ពុជា បាន​រក្សា​ទំនាក់ទំនង​នយោបាយ​កាន់តែ​រឹងមាំ​ជាមួយ​ប្រទេស​ចិន​ ក៏ដូចជាប្រទេស​ជាមិត្ត​ផ្សេងទៀត។ នៅ​ឆ្នាំ​២០២២ ខាងមុខ កម្ពុជា​ក៏​ដល់វេន​ ធ្វើជា​ប្រធាន​អាស៊ាន ជា​លើក​ទី​៣ ទៀត​​។ កម្ពុជា ក៏​ប្រហែលជា​កាន់តែ​ក្លាយជា​កូនក្រមុំ​ដ៏​ស្រស់ស្អាត សម្រាប់​មហា​អំណាច ចែ​ចង់​​បន្តទៀតដែរ​​៕​

Picture
Picture