ខេត្តពោធិ៍សាត់ ៖ រថយន្ត២គ្រឿងបានបុកគ្នាលាន់ដូចរន្ទះ បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៩ មេសា ២០១៦ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរខេត្តពោធិ៍សាត់ ។
ជនរងគ្រោះ ១-ឈ្មោះទុន ភេទប្រុស អាយុជាង២០ឆ្នាំ ជាព្រូរថយន្ដ (ស្លាប់) ២-ឈ្មោះសួន វលក្ខណ៍ ភេទប្រុស អាយុ៣៣ឆ្នាំ ជាអ្នកបើក (របួសធ្ងន់) ទាំង២នាក់រស់នៅខេត្តត្បូងឃ្មុំ និង៣-ឈ្មោះគឹម ឡេង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅផ្សារព្រំ ខេត្តប៉ៃលិន ជាម្ចាស់ទំនិញផ្លែឈើ (របួសធ្ងន់) ។ ចំណែកអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយបានគេចខ្លួនបាត់ ។
លោកវរសេនីយ៍ទោ ឯម រុន អធិការនគរបាលស្រុកក្រគរឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកកុងតឺន័រពាក់ស្លាកលេខភ្នំពេញ3C-8072 របស់ក្រុមហ៊ុនគាធី បុកជាមួយរថយន្តមីនីទួរីសដឹកផ្លែឈើ ពាក់ស្លាកលេខ2F-2024 ដែលធ្វើដំណើរបញ្ច្រាសគ្នា ។
លោកអធិការបន្តថា នៅយប់នោះ គេឃើញរថយន្តហ៊ីយ៉ាន់ដាយដឹកកុងតឺន័រ ធ្វើដំណើរពីកើតទៅលិច ឯរថយន្តមីនីតូរីសដឹកផ្លែឈើធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿនដូចគ្នា ។ ពេលទៅដល់ចំណុចកើតហេតុ រថយន្ដហ៊ីយ៉ាន់ដាយគេចសត្វគោ មកខាងឆ្វេង ក៏ជ្រុលបុកជាមួយទួរីស ដែលកំពុងបោះពួយមកពីមុខយ៉ាងពេញទំហឹងតែម្ដង បណ្ដាលឱ្យរថយន្តទួរីសខ្ទេចមួយកំណាត់មុខស្លាប់ម្នាក់ របួសធ្ងន់២នាក់ ខណៈរថយន្តហ៊ីយ៉ាន់ដាយ ក៏ខ្ទេចមុខដែរ តែមិនមានអ្នកគ្រោះថ្នាក់នោះទេ ។
ចែករំលែកព័តមាននេះ