រាជធានីភ្នំពេញ ៖ រថយន្តឃ្លុប ដឹកទឹកកកមួយគ្រឿង បានបើកបុកជាមួយរថយន្តដឹកទំនិញ មួយគ្រឿងទៀត ដែលបត់ ឆ្លងផ្លូវត្រឡប់ក្រោយ បណ្ដាលឲ្យរថយន្តដឹកទឹកកកខ្ទាតធ្លាក់ផ្លូវក្រឡាប់ រងរបួស២នាក់ ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិកប់ស្រូវធំ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
រថយន្តដែលជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ ម៉ាកហ៊ីយ៉ាន់ដាយ ដឹកទឹកកក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3F-1079 ។
តាមព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន។ នៅពេលធ្វើដំណើរមកដល់ មានរថយន្តដឹកទំនិញធុនធ្ងន់ ១គ្រឿង ដែលធ្វើដំណើរពីលិចទៅកើត ហើយបត់ឆ្វេង ត្រឡប់ក្រោយ ឆ្លងផ្លូវ ក៏ត្រូវរថយន្តដឹកទឹកកក បុកពេញទំហឹង បណ្តាលធ្លាក់ផ្លូវក្រឡាប់បង្កអោយអ្នកបើកបរ និងកម្មកររងរបួស។ បន្ទាប់ពីគ្រោះថ្នាក់ រថយន្តដឹកទំនិញ ក៏បានបើកទៅបាត់។ ក្រោយមក ម្ចាស់រថយន្តដឹកទឹកកក ក៏បានទាក់ទងហៅរថយន្តមកស្ទួចយកទៅជួសជុលដោយខ្លួនឯង ៕


ចែករំលែកព័តមាននេះ