ខេត្តបាត់ដំបង ៖ ដោយមើលឃើញពីកំណើននៃអាត្រាគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងគួរឲ្យព្រូយបារម្ភ ត្រឹមរយៈពេល១៦០ថ្ងៃដែលការអនុវត្ថច្បាប់ចរាចរណ៍នេះ ត្រូវបានបន្ធូរបន្ថយក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធតាមបន្ទាត់ព្រំដែនរវាងកម្ពុជា-ថៃ។

«អគ្គស្នងការដ្ឋាននគរបាលជាតិ» បានចេញសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី០៣ កុម្ភៈ ឆ្នាំ២០២៦ ឲ្យចាប់ផ្ដើម «ការរឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក»ឡើងវិញ ដើម្បីឈានដល់ការកាត់បន្ថយ និងទប់ស្កាត់ចំពោះការកើនឡើងនៃអាត្រាគ្រោះថ្នាក់ចរាចរណ៍នេះ ។
តាមរយៈសេចក្ដីប្រកាសរបស់ «អគ្គស្នងការដ្ឋាននគរបាលជាតិ» បានឲ្យដឹងថា ក្នុងរយៈពេល១៦០ថ្ងៃ គិតចាប់ពី «ថ្ងៃទី២៥ កក្កដា ដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៥» កន្លងទៅ ក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធតាមតំបន់ព្រំដែនរវាងកម្ពុជា-ថៃ ការត្រួតពិនិត្យ និងការអនុវត្តច្បាប់ចរាចរណ៍ត្រូវបានបន្ធូរបន្ថយមួយរយៈ ។ ក្នុងគ្រានោះ ករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងរហូតដល់៣៤% ស្មើ៣% សូម្បីមនុស្សស្លាប់ និងរបួស រួមនឹងកត្តាផ្សេងៗទៀតក៏មានការកើនឡើងដែរ។

ដោយមើលឃើញពីស្ថានភាពកំណើននៃអាត្រាគ្រោះថ្នាក់ចរាចរណ៍គួរឱ្យព្រូយបារម្ភបែបនេះហើយ ទើបអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសរៀបចំផែនការឲ្យមន្ត្រីចរាចរណ៍ជើងគោកតាមបណ្ដាខេត្ត-រាជធានី ចាប់ផ្ដើមចុះត្រួតពិនិត្យ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍នេះឡើងវិញ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦ នេះតទៅ ។
សម្រាប់ខេត្តបាត់ដំបង ការចាប់ផ្ដើមចុះត្រួតពិនិត្យ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ ក៏ត្រូវអនុវត្តឡើងវិញដូចតាមបណ្ដាខេត្តដទៃទៀតដែរ ។ នេះបើតាមលោកចាន់ សុធី នាយការិយាល័យចរាចរណ៍ជើងគោកនៃស្នងការខេត្តបានបញ្ជាក់ប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី០៤ កុម្ភៈ ។

លោក ចាន់ សុធី បានប្រាប់ថា គោលដៅជំហានដំបូងដែលមន្ត្រីការិយាល័យជំនាញត្រូវចុះត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍តាមផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិជាថ្មីនេះ គឺ «លើដងផ្លូវជាតិនានា» ។ ពោល៖ មន្ត្រីជំនាញចុះដាក់គោលដៅត្រួតពិនិត្យតែទៅលើតាមដងផ្លូវជាតិប៉ុណ្ណោះ រីឯផ្លូវតាមបណ្ដាស្រុក ឬ ក្រុង មិនមានដាក់គោលដៅត្រូវពិនិត្យចរាចរណ៍
ទេ ។
លោកចាន់ សុធី បានបញ្ជាក់ថា បើតាមផែនការលោកស្នងការខេត្ត ការចុះរឹតបន្តឹង និងអនុវត្តច្បាប់ចរាចរណ៍ជាថ្មីឡើងវិញនេះ មន្ត្រីការិយាល័យជំនាញរបស់លោកនឹងចាប់ផ្ដើមចុះអនុវត្តនៅសប្ដាហ៍ក្រោយនេះហើយ ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីគ្រប់ស្ថាប័ន ត្រូវចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា ៕



ចែករំលែកព័តមាននេះ