- ភ្នំពេញ
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា មកដល់ពេលនេះ ប្រទេសកម្ពុជាយើង បានឆ្លងផុតសប្តាហ៍ទី១ ដោយមិនមានការផ្ទុះឆ្លងរាលដាលជំងឺកូវីដ១៩ នៅសហគមន៍ទ្រង់ទ្រាយធំនោះទេ ក្រោយបើកប្រទេស ដំណើរការគ្រប់វិស័យឡើងវិញ។…
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា មកដល់ពេលនេះ ប្រទេសកម្ពុជាយើង បានឆ្លងផុតសប្តាហ៍ទី១ ដោយមិនមានការផ្ទុះឆ្លងរាលដាលជំងឺកូវីដ១៩ នៅសហគមន៍ទ្រង់ទ្រាយធំនោះទេ ក្រោយបើកប្រទេស ដំណើរការគ្រប់វិស័យឡើងវិញ។…
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា មកដល់ពេលនេះ ប្រទេសកម្ពុជាយើង បានឆ្លងផុតសប្តាហ៍ទី១ ដោយមិនមានការផ្ទុះឆ្លងរាលដាលជំងឺកូវីដ១៩ នៅសហគមន៍ទ្រង់ទ្រាយធំនោះទេ ក្រោយបើកប្រទេស ដំណើរការគ្រប់វិស័យឡើងវិញ។ ប៉ុន្តែយ៉ាងណាក៏ដោយ ស្ថានភាពកូវីដ១៩ នៅកម្ពុជា មានអ្នកឆ្លងច្រើន ឬមិនមាន គឺអាស្រ័យមួយផ្នែកធំ លើស្ថានភាពប្រទេសនានា លើពិភពលោក។
ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា សាលារៀន បានបើកដំណើរការឡើងវិញ លើគ្រប់កម្រិត។ ចំណែកក្រសួងស្ថាប័ននានា ក៏បានចូលធ្វើការដោយផ្ទាល់ឡើងវិញ។ ក្នុងនោះ សេវាដឹកជញ្ជូនសាធារណៈ ឡានក្រុង និងកាណូតដឹកអ្នកដំណើរ នៅភ្នំពេញ ក៏បានបើកដំណើរការ ក្រោយផ្អាកជាច្រើនខែ។ តំបន់ទេសចរណ៍ ភោជនីយដ្ឋាន ហាងផឹកស៊ី និងសកម្មភាពកីឡា ក៏បានបើកដំណើរការព្រោងព្រាតឡើងវិញ លើកលែងតែខារ៉ាអូខេ រង្គសាល និងឌីស្កូថេក នៅរាជធានីភ្នំពេញ ដែលមិនទាន់អនុញ្ញាតឲ្យបើកដំណើរការ។
ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ចាប់ផ្តើមចូលរួមកម្មវិធីជាសាធារណៈឡើងវិញ តាមរយៈការបើកសម្ពោធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងកម្មវិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ រួមទាំងការបើកសម្ពោធនូវសមិទ្ធិផលផ្លូវ នៅក្នុងខេត្តព្រះសីហនុ ជាដើម។
ចាប់តាំងពីមុនសម្រេចបើកប្រទេសឡើងវិញ ស្ថានភាពកូវីដ១៩ នៅកម្ពុជា បានថយចុះជារៀងរាល់ថ្ងៃ គឺថយពីឆ្លងជាង ១០០នាក់ ក្នុង ១ថ្ងៃៗ មកនៅត្រឹមជាង ៧០នាក់ នាថ្ងៃទី៦ ខែវិច្ឆិកា។ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ក៏បានថយចុះពីជាង ១០នាក់ ក្នុង ១ថ្ងៃៗ មកនៅត្រឹមតែ ៥នាក់ប៉ុណ្ណោះ កាលពីថ្ងៃទី៦ ខែវិច្ឆិកា។
ចំនួនអ្នកឆ្លងកូវីដ១៩ នៅកម្ពុជាយើង បន្តថយចុះជារៀងរាល់ថ្ងៃនេះ ត្រូវបានរាជរដ្ឋាភិបាល ប្រកាសថា មកពីប្រសិទ្ធភាពថ្នាំវ៉ាក់សាំង នោះគឺប្រជាជនកម្ពុជា ចាប់ពីអាយុ ៥ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំង រហូតដល់ជាង ១៣លាន ៩៦ម៉ឺននាក់ហើយ គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ក្នុងចំណោមប្រជាជនសរុប ១៦លាននាក់។
យ៉ាងណាក៏ដោយ ស្ថានភាពកម្ពុជា ពិសេសពាក់ព័ន្ធនឹងកូវីដនេះ គឺអាស្រ័យមួយផ្នែកធំលើប្រទេសនានា លើពិភពលោក។ ចូរកុំភ្លេចថា កម្ពុជាឆ្លងកូវីដដំបូង ដោយសារតែការនាំចូលពីក្រៅប្រទេស។ នោះគឺកម្ពុជារកឃើញកូវីដដំបូង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ លើបុរសជនជាតិចិន មកពីទីក្រុងវ៉ូហាន ប្រទេសចិន ដែលជាកន្លែងរកឃើញកូវីដដំបូងលើពិភពលោក។ ក្រោយមក នៅក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ ថ្ងៃ២០កុម្ភៈ ឆ្នាំ២០២១ ក៏កើតឡើងលើសហគមន៍ជនជាតិចិន មុននឹងរាលដាលឆ្លងដល់ពលរដ្ឋខ្មែរយើង នៅភ្នំពេញ រាលដាលទៅខេត្តព្រះសីហនុ ខេត្តកណ្តាល រហូតដល់ឆ្លងទូទាំងប្រទេស ឈានដល់ការបិទខ្ទប់ប្រទេស បិទខ្ទប់រាជធានីខេត្ត បិទភូមិ និងបែងចែកតំបន់ក្រហម លឿងទុំ និងតំបន់លឿង កាលពីអំឡុងខែមេសា។
ដូច្នេះក្នុងពេលនេះ ពេលដែលបើកប្រទេសឡើងវិញ ពិសេសការអនុញ្ញាតឲ្យអ្នកធ្វើដំណើរការចូលពីក្រៅប្រទេស ដោយកាត់បន្ថយការធ្វើចត្តាឡីស័ក មកនៅត្រឹមតែ ៣ថ្ងៃ ទៅ ៧ថ្ងៃ សម្រាប់អ្នកចាក់វ៉ាក់សាំងរួច ហើយជាពិសេស ការបើកដំណើរការទេសចរណ៍វ៉ាក់សាំង នៅថ្ងៃទី៣០វិច្ឆិកា ដោយអនុញ្ញាតឲ្យជនបរទេស ដែលចាក់វ៉ាក់សាំងរួច មកលេងកម្ពុជា នៅខេត្តព្រះសីហនុ និងខេត្តកោះកុង ដោយគ្មានធ្វើចត្តាឡីស័កនោះ គឺទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រួតពិនិត្យដោយហ្មត់ចត់។ តែបើនៅលើសកលលោក កូវីដធូរស្បើយ នោះកម្ពុជាយើង ក៏មិនសូវជាភ័យបារម្ភប៉ុន្មានដែរ។
យ៉ាងណាក៏ដោយ ពេលនេះ នៅសឹង្ហបុរី និងនៅអូស្ត្រាលី ជាដើម ត្រូវបានរាយការណ៍ថា ហាក់ដូចជា កម្រើកឆ្លងកូវីដ១៩ច្រើនឡើងវិញ ខណៈដែលប្រទេសថៃ ដែលបើកដំណើរការទេសចរណ៍វ៉ាក់សាំង កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក៏មានចំនួនអ្នកឆ្លង និងស្លាប់ដោយកូវីដ ច្រើនឡើងវិញដែរ។
ពេលនេះ កូវីដ នៅកម្ពុជាយើង ប្រៀបដូចជា គ្រោះថ្នាក់ចរាចរណ៍ គឺប្រជាជនកម្ពុជា ហាក់ស៊ាំ។ នោះគឺម្នាក់ៗ ការពារកូវីដ ដោយពាក់ម៉ាស លាងដៃអាល់កុល និងរក្សាគម្លាតសុវត្ថិភាព។ តែកូវីដ នៅតែឆ្លង និងសម្លាប់មនុស្សរាល់ថ្ងៃ ក្នុងពេលគ្រោះថ្នាក់ចរាចរណ៍ ក៏បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស រៀងរាល់ថ្ងៃ។
នៅពេលបើកប្រទេសឡើងវិញ តាមគន្លងថ្មី និងស្តង់ដារប្រតិបត្តិសុវត្ថិភាពនេះ គឺបើនៅផ្សារ មានអ្នកឆ្លងកូវីដ គឺយកអ្នកឆ្លងនោះ ទៅព្យាបាល ហើយផ្សារនោះ នៅបើកលក់ធម្មតា។ នៅតាមរោងចក្រកាត់ដេរ ក្រុមហ៊ុន ក្រសួង និងនៅសាលារៀន ក៏ដូចគ្នា។ បើមានអ្នកឆ្លងកូវីដ យកទៅព្យាបាល ហើយរោងចក្រ ក្រសួង ក្រុមហ៊ុន និងសាលារៀននោះ នៅបើកដំណើរការជាធម្មតា។ រាជរដ្ឋាភិបាលចាត់ទុកថា ពេលនេះ បើមិនសម្រេចបើកប្រទេសឡើងវិញទេ នោះយើងនឹងស្លាប់ ដោយសេដ្ឋកិច្ច ដែលវេទនាជាងស្លាប់ដោយកូវីដទៅទៀត៕
ចែករំលែកព័តមាននេះ