រាជធានីភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក វីល្លៀម ហេដថ៍ (William Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាធ្វើសន្និសីទសារព័ត៌មានស្តីពីស្ថានភាពតំបន់ព្រៃឡង់នៅថ្ងៃទី១៨ មេសា នៅសណ្ឋាគារផូគីត្រាសូហ្វីតែល ក្នុងទីក្រុងភ្នំពេញ ។
សន្និសីទកាសែតនេះ បានធ្វើឡើងបន្ទាប់ពីក្រុមមន្ត្រីរដ្ឋាភិបាលមកពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងស្ថានទូតអាមេរិក បានចំណាយពេលជិះយន្តហោះមើលព្រៃឡង់ពេញមួយព្រឹកថ្ងៃទី១៨ មេសា ។ ក្នុងពេលសន្និសីទលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងថា មានការកាប់ព្រៃឈើក្នុងតំបន់ព្រៃឡង់ពិតមែន និងអំពាវនាវគ្រប់ភាគីពាក់ព័ន្ធចូលរួមការពារព្រៃឡង់ ។
លោក សាយ សំអាល់ បានថ្លែងប្រាប់អ្នកកាសែតថា ការងារនេះខាងរដ្ឋបាលព្រៃឈើបានធ្វើការងារជាមួយអាជ្ញាឃុំ-ស្រុកជាយូរមកហើយ ។ ប៉ុន្តែលោករដ្ឋមន្ត្រីបរិស្ថានមិនបានអះអាងថា ព្រៃឡង់នៅសល់ទំហំប៉ុន្មាននោះទេ ។ ក្នុងនោះ ក្រោយពេលបានទស្សនកិច្ចព្រៃទាំងបួនខេត្តនេះ លោកនឹងរៀបចំការពិគ្រោះយោបល់ចុងក្រោយពីភាគីពាក់ព័ន្ធនានា មុនពេលបញ្ជូនទៅគណៈរដ្ឋមន្ត្រីសម្រេច ។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានអះអាងថា កន្លងមកអាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលព្រៃឈើបានសិក្សារួមគ្នាពីព្រៃឡង់មានទំហំផ្ទៃដីប្រមាណ៣០ម៉ឺនហិកតា ។ តែនេះជាទំហំមួយ មិនទាន់ថាយកជាផ្លូវការនៅឡើយទេ ព្រោះទាមទារឱ្យមានការពិគ្រោះយោបល់សិនលើទំហំនេះ មុនពេលក្រសួងបរិស្ថានរៀបចំអនុក្រឹតមួយដាក់ជូនគណៈរដ្ឋមន្ត្រីអនុម័ត ។
លោករដ្ឋមន្ត្រីបានលើកឡើងថា ថ្ងៃនេះជាការបើកទំព័ររវាងរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ដោយចូលរួមសហការគ្នាដោះស្រាយបញ្ហាដែលបានកើតមាននៅពេលនេះ ។ យើងបានទទួលយកនូវសំណូមពរនានា និងទទួលស្គាល់នូវបញ្ហាទាំងអស់គ្នា ។ ក្នុងការពិនិត្យមើលនេះដើម្បីឱ្យមានដឹងថា វាជាបញ្ហាជាក់ស្តែង ឬទេ? ជាជាងម្ខាងថា អីចេះ និងម្ខាងទៀតថា អីចុះទើបមានការចុះពិនិត្យឱ្យទាំងអស់គ្នា ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រោយពីពិនិត្យនៅតំបនព្រៃឡង់នាពេលនេះយើងនឹងពិនិត្យក្នុងការដាក់ព្រៃឡង់ជាតំបន់ព្រៃអភិរក្សតែម្តង ។ ក្នុងការចុះពិនិត្យនេះ មានតំណាងក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃចូលរួម ។ ការងារនេះ ខាងរដ្ឋបាលព្រៃឈើបានធ្វើជាយូរឆ្នាំមកហើយ ប៉ុន្តែចុងក្រោយនេះ រដ្ឋាភិបាលបានធ្វើការកែទម្រង់មុខងារសាធារណៈរបស់ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានពន្យល់ថា ក្រសួងបរិស្ថានបានប្រគល់ដីសម្បទានទាំងអស់ឱ្យទៅក្រសួងកសិកម្មជាអ្នកគ្រប់គ្រង និងដីមិនទាន់ចាត់ដីអភិរក្ស ត្រូវប្រគល់មកឱ្យក្រសួងបរិស្ថានគ្រប់គ្រងវិញ ។ ពេលនេះការដាក់តំបន់ព្រៃឡង់ ទៅជាតំបន់ព្រៃអភិរក្សភ្លាម មិនទាន់បានទេ ព្រោះនៅមានអង្គការសមាគមដែលធ្វើការងារនៅក្នុងព្រៃឡង់ថាតើត្រូវធ្វើការងារយ៉ាងម៉េចជាមួយក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋានត្រូវសហការគ្នាយ៉ាងណា ។
លោករដ្ឋមន្ត្រីបានលើកឡើងទៀតថា ព្រៃឡង់ជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋទូទៅ ដូច្នេះអ្នកពាក់ព័ន្ធទាំងអស់មានសិទ្ធិចូលរួមការពារទាំងអស់គ្នា ដើម្បីអភិរក្សព្រៃឈើ ។ ការងារនេះ មានជំហានរបស់វា ក្នុងនោះមានកាត់បន្ថយដីសម្បទាន និងជម្លោះដីធ្លីកាលពីអាណត្តិមុន ។ ចំពោះអាណត្តិទី៥នៃរដ្ឋសភា មិនមានការផ្តល់ដីសម្បទានទៀតទេ ។ ក្នុងពេលថ្មីៗនេះ មានការបង្ក្រាបការកាប់បំផ្លាញព្រៃក្នុងទ្រង់ទ្រាយធំតែម្តង ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាអាវុធហត្ថលើកផ្ទៃប្រទេស ។
លោករដ្ឋមន្ត្រីអះអាងបន្ទាប់ពីលោកបានពិនិត្យរួមគ្នាជាមួយលោកឯកអគ្គរដ្ឋទូតអាមេរិកនៅពេលនេះ គឺត្រៀមដាក់ព្រៃឡង់ជាតំបន់ការពារដែលនឹងមានរៀបចំជាសិក្ខាសាលាមួយ ។ ក្នុងនោះ មានការបើកចំហរចូលរួមពីភាគីពាក់ព័ន្ធថា តើការពាររបៀបណា ? និងអាជ្ញាធរក្រសួងបរិស្ថានមានមុខងារយ៉ាងម៉េច ក្នុងការការពារនេះ ។ បញ្ហានេះ ជាការលំបាកដែលកន្លងមក មិនមានការចុះបញ្ជីដីធ្លីទេនៅតំបន់នោះ ប៉ុន្តែពេលនេះការចុះបញ្ជីដីធ្លីត្រូវពិនិត្យឡើងវិញ ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា មានតំបន់ចំនួន៥ ដែលនឹងត្រូវបានដាក់ចូលក្នុងព្រៃការពារដូចព្រៃឡង់ដែរ ប៉ុន្តែលោកមិនបានបញ្ជាក់ថា នៅទីណានៅឡើយទេ ។ ចំពោះព្រៃឡង់នេះមិនទាន់បានដាក់ចូលក្នុងតំបន់អភិរក្សទេ និងនៅមានការកាប់ទន្ទ្រានយកដីពីជាពលរដ្ឋ ។ មានតំបន់ដែលរងការកាប់បំផ្លាញព្រៃឈើ និងតំបន់មិនទាន់កាប់បំផ្លាញព្រៃឈើ ។
លោក វីល្លៀម ហេដថ៍ ដែលបានជិះឧទ្ធម្ភាគចក្រមើលព្រៃឡង់នៅថ្ងៃទី១៨ មេសា គោលបំណងនៃការធ្វើដំណើរតាមឧទ្ធម្ភាគចក្រមើលព្រៃឡង់ គឺដើម្បីលើកកម្ពស់ការយល់ដឹង ពីការបំផ្លិចបំផ្លាញព្រៃឈើ និងបង្កើនការគាំទ្ររបស់រដ្ឋាភិបាលក្នុងការការពារព្រៃឈើ ។
លោកអគ្គរដ្ឋទូតអាមេរិកបានថ្លែងថាសហរដ្ឋអាមេរិកបានសហការជួយដល់ការការពារបរិស្ថានរបស់ប្រទេសកម្ពុជាជាយូរមកហើយ មិនមែនទើបតែពេលនេះទេ ។ ក្នុងពេលទស្សនកិច្ចនេះ លោកនិងមន្ត្រីរដ្ឋាភិបាលបានពិនិត្យមើលព្រៃឡង់ទាំងមូល ។ លោកមិនបានលើកឡើងថា សហរដ្ឋអាមេរិកនឹងជួយចំនួនប៉ុន្មាន ក្នុងការរួមចំណែកការពារព្រៃឡង់ និងមិនអាចនិយាយថា ព្រៃឡង់ត្រូវបានបំផ្លាញទំហំប៉ុណ្ណាទេ ។
នៅពេលដែលសួរថា ក្រោយពីពិនិត្យរួច តើភាគីសហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តយ៉ាងណា? លោកវីល្លៀម ហេតថ៍បានថ្លែងថា សហរដ្ឋអាមេរិកបានជួយបញ្ហានេះ ជាច្រើនឆ្នាំមកហើយ មិនមែនទើបតែពេលនេះទេ ។ លោកថ្លែងថា ក្នុងនោះមានក្រុមអ្នកការពារព្រៃឈើ និងគម្រោងការពារព្រៃឈើរបស់រដ្ឋាភិបាលយើងគាំទ្រ ។
លោកអគ្គរដ្ឋទូតបានអះអាងថា លោកមិនទាន់អាចប្រាប់ថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកមានទំហំប៉ុណ្ណានៅឡើយទេនាពេលនេះ ។ ប៉ុន្តែលោកបញ្ជាក់ថា «យើងសូមលើកទឹកចិត្តក្រសួងនានា របស់រដ្ឋាភិបាលដែលពាក់ព័ន្ធនៅក្នុងតំបន់នោះ ធ្វើការងាររួមគ្នា ក៏ដូចជាធ្វើការងារជាមួយអាជ្ញាធរមូលដ្ឋាន អភិបាលខេត្ត និងអភិបាលស្រុក» ។
មន្ត្រីរដ្ឋាភិបាលដែលចូលរួមក្នុងដំណើរមើល ព្រៃឡង់ជាមួយ លោក វីលៀម ហេដថ៍ត រួមមានរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា អគ្គនាយករដ្ឋបាលព្រៃឈើនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឆេង គឹមស៊ុន និងតំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ។
ព្រៃឡង់នៅកម្ពុជាគ្របដណ្តប់ក្នុងខេត្តចំនួន៤គឺ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ ។ ព្រៃនេះ មានសារសំខាន់សម្រាប់មនុស្សប្រមាណ២០ម៉ឺននាក់ ដែលកំពុងរស់នៅពឹងផ្អែកនិងអាស្រ័យផល ជាពិសេសសម្រាប់សហគមជនជាតិដើមភាគតិចកួយ ៕
ចែករំលែកព័តមាននេះ