- ភ្នំពេញ
រាជធានីភ្នំពេញ៖ ស្ងប់ស្ងាត់មួយរយៈករណីក្រុមយុវជន ជិះម៉ូតូ បើកផ្លូវ នៅមុខឡានពេទ្យ ក្នុងរាជធានីភ្នំពេញ។ តែពេលនេះ លេចចេញក្រុមយុវជនទាំងនោះ មកទៀត ដែលអះអាងថា…
រាជធានីភ្នំពេញ៖ ស្ងប់ស្ងាត់មួយរយៈករណីក្រុមយុវជន ជិះម៉ូតូ បើកផ្លូវ នៅមុខឡានពេទ្យ ក្នុងរាជធានីភ្នំពេញ។ តែពេលនេះ លេចចេញក្រុមយុវជនទាំងនោះ មកទៀត ដែលអះអាងថា…
រាជធានីភ្នំពេញ៖ ស្ងប់ស្ងាត់មួយរយៈករណីក្រុមយុវជន ជិះម៉ូតូ បើកផ្លូវ នៅមុខឡានពេទ្យ ក្នុងរាជធានីភ្នំពេញ។ តែពេលនេះ លេចចេញក្រុមយុវជនទាំងនោះ មកទៀត ដែលអះអាងថា ជាការងារជួយសង្គម។ យ៉ាងណា ប៉ូលិស បានចាប់ឃាត់យុវជន ២នាក់ ដែលជិះម៉ូតូ នាំមុខឡានពេទ្យ។
កាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ បានឃាត់ខ្លួនយុវជន ២នាក់ ក្នុងករណីបើកម៉ូតូ នាំមុខរថយន្តសង្គ្រោះបន្ទាន់ (ឡានពេទ្យ)។ ប៉ូលិស លើកឡើងថា ករណីនេះ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងបង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ។ យុវជនទាំង ២នាក់ ដែលជិះម៉ូតូម្នាក់ ១គ្រឿងនោះ ត្រូវបានចាប់ឃាត់ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ២ តាមផ្លូវជាតិលេខ៥ ក្នុងភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
វត្ថុតាង ចាប់យក រួមមាន៖ ម៉ូតូចំនួន ២គ្រឿង គឺ១- ម៉ូតូម៉ាក Honda Scoopy ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1IE-1708 (មិនពាក់មួកសុវត្ថិភាព) បើកបរដោយឈ្មោះ សឿន ហាវ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបលក់ដូរ ស្នាក់នៅផ្ទះលេខ ៧១១C ក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ ២- ម៉ូតូម៉ាក Honda Dream C១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 1GL-2827 (ពាក់មួកសុវត្តិភាព) បើកបរដោយឈ្មោះ ប៊ុត វិសាល ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ អ្នកដឹកជញ្ជូនឥវ៉ាន់អនឡាញ ស្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
គេនៅចាំបានថា កាលពីខែកក្កដា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ផ្ដើមអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយហាមឃាត់ មិនឲ្យក្រុមអ្នកបើកបរម៉ូតូ បើកផ្លូវឲ្យរថយន្តពេទ្យសង្គ្រោះបន្ទាន់ បន្តធ្វើសកម្មភាព តទៅទៀតឡើយ។ ការហាមឃាត់នោះ ព្រោះថា សកម្មភាពរបស់ពួកគេ បានបង្កឲ្យមានបញ្ហាច្រើន ហើយក៏មានប្រជាពលរដ្ឋជាច្រើន បានរាយការណ៍អំពីបញ្ហានេះ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។
ប៉ូលិស និងអាជ្ញាធររាជធានីភ្នំពេញ ហាមឃាត់មិនឲ្យមានអ្នកបើកម៉ូតូ នាំមុខឡានសង្គ្រោះបន្ទាន់តទៅទៀត ព្រោះមើលទៅវាដូចជាបង្កភាពអនាធិបតេយ្យ និងបង្កឲ្យមានបញ្ហាច្រើន។ អ្នកបើកបរម៉ូតូនាំមុខឡានសង្គ្រោះបន្ទាន់ មានច្រើនក្រុម ដែលក្រុមខ្លះ មានបំពាក់សារ៉ែនថែមទៀត។ ក្រុមអ្នកបើកបរម៉ូតូទាំងនោះ មិនមានអង្គភាពអ្វីច្បាស់លាស់ និងខាងសមត្ថកិច្ចណា ទទួលស្គាល់នោះឡើយ ដោយគ្រាន់តែពួកគេ បង្កើតជាក្រុមៗ និងមិនមានការស្នើសុំការអនុញ្ញាតត្រឹមត្រូវណាមួយ ទៅក្រសួង-ស្ថាប័នពាក់ព័ន្ធនោះឡើយ។
ប៉ូលិស បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ប្រសិនបើក្រុមអ្នកបើកបរម៉ូតូ ដែលបំពាក់សារ៉ែនបើកផ្លូវ នាំមុខរថយន្តពេទ្យសង្គ្រោះបន្ទាន់ទាំងនោះ នៅតែបន្តសកម្មភាពទៀត សមត្ថកិច្ចនឹងដកហូតអាវ និងសម្ភារៈរបស់ពួកគេ ព្រមទាំងឲ្យធ្វើកិច្ចសន្យាអប់រំណែនាំ ហើយបើនៅតែមិនស្ដាប់ តាមការណែនាំបន្តទៀត នោះសមត្ថកិច្ច នឹងចាត់វិធានការទៅតាមច្បាប់។
ករណីក្រុមយុវជន បើកម៉ូតូបើកផ្លូវ នាំមុខឡានពេទ្យនេះ ត្រូវបានក្រុមយុវជនស្ម័គ្រចិត្តទាំងនោះ ចាត់ទុកថា ជាសកម្មភាពមនុស្សធម៌ មិនរកប្រាក់កម្រៃ និងជួយសង្គម ដោយសារតែសព្វថ្ងៃ តាមផ្លូវកកស្ទះចរាចរណ៍ ហើយអ្នកបើកបរមួយចំនួន ទាំងម៉ូតូ និងទាំងឡាន មិនគោរពច្បាប់ ហើយក៏មិនផ្តល់សិទ្ធិអាទិភាពដល់ឡានពេទ្យ ដែលបើកស៊ឺរ៉ែន ដឹកអ្នកជំងឺ ទៅសង្គ្រោះបន្ទាន់នោះឡើយ។ ដូច្នេះហើយ ទើបពួកគេ សុខចិត្តលះបង់ពេលវេលា ប្រើម៉ូតូផ្ទាល់ខ្លួន ជួយដល់ការងារមួយនេះ។
តែយ៉ាងណាក៏ដោយ សូមកុំភ្លេចថា ឡានពេទ្យ មានបេសកកម្មអាទិភាព គឺដឹកអ្នកជំងឺ ទៅសង្គ្រោះជីវិត នៅមន្ទីរពេទ្យ។ ឡានពេទ្យ បំពាក់ស៊ឺរ៉ែន ដោយមានសិទ្ធិអាទិភាពពិសេសជាងឡានស៊ឺរ៉ែនរបស់ប៉ូលិសអមដំណើរអ្នកធំទៅទៀត។ ដូច្នេះមនុស្សគ្រប់គ្នា ត្រូវតែបើកផ្លូវ អោយឡានពេទ្យទៅមុន។
ប៉ុន្តែតាមការសង្កេតក្នុងសង្គមយើងសព្វថ្ងៃ គឺមិនដូច្នេះឡើយ។ នោះក៏ដោយសារតែផ្លូវកកស្ទះចរាចរណ៍ ហើយអ្នកបើកបរមួយចំនួន មិនគោរពច្បាប់ និងមិនស្គាល់ថា អ្វីទៅជាសិទ្ធិអាទិភាព ក៏មាន។ ដូច្នេះហើយ វាក៏លេចករណី រហូតដល់ឡានពេទ្យ ត្រូវមានអ្នកជិះម៉ូតូ បើកផ្លូវបន្ថែមទៀត។
សកម្មភាពក្រុមយុវជនជិះម៉ូតូ បើកផ្លូវឡានពេទ្យនោះ កន្លងមក បានជួបគ្រោះថ្នាក់ ដោយមួយករណី រហូតដល់ស្លាប់ នៅខាងច្បារអំពៅ ដោយសារតែជិះលឿន ហើយជ្រុលចង្កូត ចូលក្រោមឡាន។ ថ្មីៗនេះទៀត អ្នកជិះម៉ូតូ ដែលអះអាងថា ជាក្រុមអ្នកសម្រួលចរាចរណ៍ ជូនរថយន្តសាម៉ុយ ក៏ត្រូវឡានមួយគ្រឿង បុកនៅផ្លូវបំបែកជា៤ កាលពីម៉ោង ១១យប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅផ្លូវបំបែកជា៤ ស្តុបទេពផន កែងមហាវិថីម៉ៅសេទុង ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក គឺត្រឹមតែខូចខាតម៉ូតូបន្តិចបន្តួចប៉ុណ្ណោះ។
ករណីយុវជន ២នាក់ ដែលប៉ូលិសទើបឃាត់បាននេះ គឺមិនមានម្នាក់ មិនពាក់មួកសុវត្ថិភាពទៅទៀត។ ដូច្នេះបើបើកបរលឿន ហើយជួបគ្រោះថ្នាក់ដោយយថាហេតុណាមួយ គឺនរណា ទទួលខុសត្រូវ ហើយប្រហែលជា យុវជននោះ មិនបានជួយឡានពេទ្យទេ បែរជាឡានពេទ្យ ត្រូវជួយដឹកយកទៅសង្គ្រោះវិញ ក៏ថាបាន។
ជារួម ករណីហាមឃាត់ ឈប់ឲ្យក្រុមយុវជនបើកម៉ូតូ នាំមុខឡានពេទ្យនេះ ក៏ទាមទារឲ្យប៉ូលិស និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវគិតគូរ ជួយសម្រួលចរាចរណ៍ ធ្វើយ៉ាងណាឲ្យឡានពេទ្យ នាំអ្នកជំងឺ ត្រូវសង្គ្រោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យ បានទាន់ពេលវេលា ក្នុងពេលភ្នំពេញសព្វថ្ងៃ ជួបប្រទះបញ្ហាកកស្ទះចរាចរណ៍សឹងគ្រប់ផ្លូវ និងស្ទើរតែរាល់ម៉ោងដូច្នេះ។ ហាមឃាត់គេហើយ បែរជាមិនធ្វើអ្វីសោះ គឺមិនកើតទេ។ ពេលនោះ នឹងមានការសើចចំអក។
ដូច្នេះអាជ្ញាធរសមត្ថកិច្ចយើង អាចដាក់ពង្រាយកងកម្លាំងប៉ូលិសចរាចរណ៍ និងកម្លាំងប្រជាការពារ ប៉ូលិសប៉ុស្តិ៍តាមសង្កាត់ ដើម្បីនៅចាំសម្រួលចរាចរណ៍ នៅចំណុចផ្លូវកកស្ទះខ្លាំង ពិសេសនៅចំណុចភ្លើងស្តុប ដូចអ្វីដែលកងកម្លាំងសមត្ថកិច្ច តែងតែអន្តរាគមន៍ បើកផ្លូវដល់ក្បួនឡានអ្នកធំៗ ឆ្លងកាត់កន្លងមក។ ក្នុងនោះ ក៏អាចរៀបចំក្រុមប៉ូលិសចរាចរណ៍ ដែលមានច្រើន ចាំតែស្ទាក់ចាប់អ្នកបើកបរ ល្មើសច្បាប់ យកលុយទាំងក្រុមៗ គួរតែយកក្រុមនោះ បែងចែកគ្នា ឲ្យនាំមុខឡានពេទ្យ ក្នុងករណីចាំបាច់។
ម្យ៉ាងទៀត បើថា ក្រុមយុវជនអ្នកបើកបរម៉ូតូទាំងនោះ ចង់ធ្វើការងារនេះ ខ្លាំងណាស់ គឺប៉ូលិស និងអាជ្ញាធររាជធានីភ្នំពេញ រួមទាំងខាងមន្ទីរពេទ្យ ត្រូវសហការគ្នា ប្រជុំ រៀបចំ និងបណ្តុះបណ្តាលជំនាញឲ្យយុវជនទាំងនោះ ក្លាយជាអ្នកមានជំនាញប្រាកដប្រជា ក្នុងការបើកម៉ូតូ នាំផ្លូវឡានពេទ្យ។ ត្រូវមានសម្ភារៈការពារខ្លួន មួកការពារ ហើយក៏អាចបំពាក់ស៊ឺរ៉ែន នៅម៉ូតូក៏បាន ក្នុងពេលបំពេញបេសកកម្មនាំមុខឡានពេទ្យ ដោយមានទាំងមេក្រូ អាចប្រកាសប្រាប់មហាជន ឲ្យជៀសផ្លូវថែមទៀត។ តែករណីនេះ ត្រូវមានគោលការណ៍ច្បាស់លាស់ និងការទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ច ចេញកាតត្រឹមត្រូវ និងឆ្លងកាត់ការបណ្តុះបណ្តាលជំនាញត្រឹមត្រូវ។
ចំណែកមធ្យោបាយមួយទៀត ក្រុមយុវជនអ្នកស្ម័គ្រចិត្ត បើកម៉ូតូនាំផ្លូវឡានពេទ្យទាំងឡាយ បើថា គេហាម មិនឲ្យធ្វើដូច្នេះទៀតហើយ ក៏ត្រូវតែឈប់ ហើយរកវិធីជួយសង្គមតាមបែបផ្សេង ដែលអាជ្ញាធរសមត្ថកិច្ច មិនហាមឃាត់ និងមិនបង្កគ្រោះថ្នាក់ដល់ខ្លួនឯងផង និងគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរដទៃទៀតផង។ មានការងារច្រើនណាស់ ដូចជា ឈរសម្រួលចរាចរណ៍ នៅតំបន់កកស្ទះណាមួយ ក៏បាន។ ដើររើស ប្រមូល និងកើប ដឹកជញ្ជូនសំរាម ក៏ជាការងារសង្គមដែរ ឬក៏លើកដីដាក់ជង្ហុកតាមផ្លូវ ជាដើម។
មែនទែនទៅទៀតនោះ គឺគ្រាន់តែយុវជនយើងម្នាក់ៗ ខំប្រឹងរៀនសូត្រ និងធ្វើជាកូនល្អ ស្តាប់ដំបូន្មានឪពុកម្តាយក្នុងគ្រួសារនិមួយៗ ហើយជាពិសេសយុវជនយើងម្នាក់ៗ គ្រាន់តែកុំប្រព្រឹត្តអំពើពាលាអាវ៉ាសែ កុំផឹកស្រា កុំលេងល្បែង កុំសេពគ្រឿងញៀន និងកុំលួចឆក់ប្លន់ ក៏មានឈ្មោះថា យុវជននោះ បានជួយសង្គមដ៏ក្រៃលែងទៅហើយ៕
ចែករំលែកព័តមាននេះ