ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ចំថ្ងៃខួបកំណើតរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ គឺសម្តេច អមដំណើរដោយឥស្សរជនជាន់ខ្ពស់សំខាន់ៗ ក្នុងកងយោធពលខេមរភូមិន្ទ ជាច្រើនរូប បានអញ្ជើញចុះពិនិត្យមើលអាគាររដ្ឋបាល និងសាលប្រជុំធំក្រសួងការពារជាតិថ្មី និងការរៀបចំស្តង់ពិព័រណ៍រូបភាព ស្ដីពីសកម្មភាពនៃកិច្ចដំណើរការសាងសង់អាគាររដ្ឋបាលទីស្ដីការក្រសួងការពារជាតិថ្មី និងសកម្មភាពនានារបស់កងយោធពលខេមរភូមិន្ទ ដើម្បីត្រៀមរៀបចំមីទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃខួបកំណើតកងយោធពលខេមរភូមិន្ទ ថ្ងៃ៩ វិច្ឆិកា ១៩៥៣/ ថ្ងៃ៩ វិច្ឆិកា ២០២១។
ក្រសួងការពារជាតិ ប្រកាសថា អគារថ្មីទីស្ដីការក្រសួងការពារជាតិ សម្រេចការសាងសង់បាន ៩៩% ហើយ ដោយមានទីធ្លាសន្និសីទកាសែត និងសាលប្រជុំធំមួយ ដែលអាចផ្ទុកមនុស្សចូលរួមប្រជុំបានរហូតដល់ ១០០០នាក់។
គេហទំព័រហ្វេសប៊ុករបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា សម្ដេចបានអនុញ្ញាត និងប្រគល់ភារកិច្ចឱ្យនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិ ដឹកនាំគណៈកម្មការដំណើរការសាងសង់នៃអាគាររដ្ឋបាលទីស្ដីការក្រសួងការពារជាតិថ្មីនេះ ដោយមានដំឡើងដងទង់ជាតិ ២ដើម ដែល ១ដើមៗ មានកំពស់ ២០ ម៉ែត្រ នៅចំពីមុខអាគានៃទីស្ដីការក្រសួងការពារជាតិថ្មីនេះ ហើយគិតមកដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២១ អាគារនៃទីស្ដីការក្រសួងការពារជាតិថ្មី ត្រូវបានសាងសង់សម្រេចបានលទ្ធផលប្រមាណជា ៩៩ ភាគរយហើយ។
សូមបញ្ជាក់ថា អគាររដ្ឋបាលនៃទីស្ដីការក្រសួងការពារជាតិថ្មីនេះ រៀបចំកសាងសាលប្រជុំធំ មានទទឹងប្រវែង ២៨ម៉ែត្រ បណ្ដោយប្រវែង ១៩១ ម៉ែត្រ មានកម្ពស់ ៣២ ម៉ែត្រ និងមានចំណតរថយន្តនៅក្រោមដី ដែលអាចចតរថយន្តបានរហូតដល់ទៅ ១៥០គ្រឿង។ អាគាររដ្ឋបាលនៃទីស្ដីការក្រសួងការពារជាតិថ្មីនេះ មានរៀបចំកន្លែងទទួលបដិសណ្ឋារកិច្ចគ្រប់បណ្ដាប្រតិភូថ្នាក់ជាតិ និងអន្តរជាតិ ធ្វើពិធីត្រួតពលកងកិត្តិយស ត្រែទ័ព នៅក្នុងអាគារតែម្ដង បើទោះបីជាមានភ្លៀងធ្លាក់។ ក្រៅពីនេះ អាគារថ្មីនេះ ក៏មានរៀបចំបន្ទប់ប្រជុំតូច ធំ បន្ទប់សវនាការតូច ធំ ទីវាលសន្និសីទកាសែត និងសាលប្រជុំធំមួយ ដែលអាចទទួលអ្នកចូលរួមប្រជុំបានរហូតដល់ ១ ពាន់នាក់ សម្រាប់ការប្រជុំថ្នាក់ជាតិ និងអន្តរជាតិ។
អាគាររដ្ឋបាលនៃក្រសួងការពារជាតិថ្មីនេះ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៨ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ បើតាមគម្រោងផែនការ ការសាងសង់ មានរយៈពេល ៣៦ ខែ នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២១។ ប៉ុន្តែដោយសារពិភពលោកទាំងមូល ពិសេសព្រះរាជាណាចក្រកម្ពុជា ជួបនូវវិបត្តិជំងឺកូវីដ១៩ ការសាងសង់ត្រូវបានស្នើសុំពន្យារពេលកិច្ចសន្យារយៈពេល ៤ ខែបន្ថែមទៀត ដូច្នេះការដ្ឋាន ត្រូវពន្យារពេលរហូត ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ កន្លងមកនេះ ទើបបានបញ្ចប់ការសាងសង់ ហើយរហូតមកដល់ពេលនេះ នៅសល់តែការបង្ហើយតិចតួចតែប៉ុណ្ណោះ៕









ចែករំលែកព័តមាននេះ