ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំ​ពេញ​៖ ករណី​​​​កសិផល នៅ​​ស្រុក​យើង ធ្លាក់​ថ្លៃ កើតឡើង​យូរ​ឆ្នាំ​មកហើយ និង​ស្ទើរតែ​រាល់ពេលប្រមូលផល​​។ នៅ​​ឆ្នាំ​នេះ កាលពីខែ​​សីហា តា​ង៉ែ​ន ឬ​ផ្លែ​មៀន​ប៉ៃលិន…

ភ្នំ​ពេញ​៖ ករណី​​​​កសិផល នៅ​​ស្រុក​យើង ធ្លាក់​ថ្លៃ កើតឡើង​យូរ​ឆ្នាំ​មកហើយ និង​ស្ទើរតែ​រាល់ពេលប្រមូលផល​​។ នៅ​​ឆ្នាំ​នេះ កាលពីខែ​​សីហា តា​ង៉ែ​ន ឬ​ផ្លែ​មៀន​ប៉ៃលិន នៅ​ខេត្ត​​​ជាប់​ព្រំដែន​ថៃ គឺ​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន ជាដើម ធ្លាក់ថ្លៃ ហើយ​មិនមាន​ទីផ្សារ ដោយ​មិនអាច​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ បាន​នោះទេ​។ ក្រោយមក នៅពេល​ប្រមូល​ផល​ស្រូវវស្សា កាល​ពីខែកញ្ញា និងខែតុលា​ ក៏​ប្រជាកសិករ​លក់​​ក្នុងតម្លៃ​ទាបជាងឆ្នាំមុន​​​​។ នៅពេលនេះ​ ដល់ពេល​ប្រមូល​ផល​ស្វាយកែវ​រមៀត ក៏ត្រូវបានប្រជា​កសិករ​​លើកឡើងថា​ ថ្លៃ​ស្វាយ​លក់បាន​ថោក តែ​ជី និង​ថ្នាំ​កសិកម្ម ឡើងថ្លៃ ដែល​ធ្វើ​ឲ្យ​​ប្រជាកសិករ ប្រឈម​នឹង​ការខា​តប​ង់​ជាថ្មី​។​

​កសិករ​ដាំ​​ស្វាយ នៅ​ស្រុក​ទឹកឈូ ខេត្តកំពត បាន​​សម្រេចចិត្ត​បន្ថយ​ការធ្វើ​ស្វាយ​ខុសរដូវ ពី​ចំនួន ២​ពាន់​ដើម មក​ត្រឹមតែ ១​ពាន់​ដើម ដោយសារ​ជី​ និងថ្នាំ​កសិកម្ម ឡើងថ្លៃ​ពាក់កណ្ដាល រីឯ​ទីផ្សារ​ស្វាយ រយៈពេល ២​ឆ្នាំ​ចុង​ក្រោយនេះ មានតម្លៃ កាន់តែ​ទាប​។ ក្នុង​ខែតុលា ឆ្នាំ​២០២១​នេះ ជី​កសិកម្ម បាន​ឡើងថ្លៃ​ពី ១០​ម៉ឺន​រៀល ទៅ ១៥​ម៉ឺន​រៀល ក្នុង​មួយ​បាវ ខណៈ​តម្លៃ​ស្វាយ ចុះមក​ត្រឹមតែ ៣០០​រៀល ក្នុង ១​គីឡូក្រាម​។​

​ចំណែក​តម្លៃ​ស្វាយកែវ​រមៀត នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម ក៏​នៅតែ​ទាប​ដូចឆ្នាំមុន។ ចំណែក​ជី និង​ថ្នាំ​កសិកម្ម សម្រាប់ធ្វើ​ស្វាយ​ឲ្យ​ផ្លែ​ខុសរដូវ​នេះ ឡើងថ្លៃ​។ នៅ​ឆ្នាំនេះ មាន​កសិករ​ជាច្រើន ផ្អាក​មិន​ធ្វើ​ឡើយ ដោយសារតែ​មិន​រួចខ្លួន​។​

​យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ  បាន​សរសេរ​លើ​ហ្វេ​ស​បុក​របស់លោក កាលពី​ខែតុលា​ថា ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម ឡើងថ្លៃ ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ នាំឱ្យ​ប្រទេស​ផលិត ខ្វះ​វត្ថុធាតុដើម កាត់បន្ថយ​កម្លាំង​ពលកម្ម និង​ការ​ចំណាយពេល​ច្រើន ក្នុងការ​ដឹកជញ្ជូន ទើប​មិនមាន​លទ្ធភាព​ផ្គត់ផ្គង់​គ្រប់គ្រាន់ តាម​តម្រូវការ​ឡើយ​។​

​ចំពោះ​ទីផ្សារ​វិញ ក៏​ត្រូវបាន​រដ្ឋមន្ត្រី​កសិកម្ម លើកឡើងថា ដ្បិតតែ​កម្ពុជា និង​ចិន មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​អនុញ្ញាតឱ្យ​កម្ពុជា អាច​នាំ​ផលិតផល​កសិកម្ម​ជាច្រើន​មុខ ចូល​ទីផ្សារ​ប្រទេស​ចិន ដោយ​មិន​ជាប់​ពន្ធគយ​ក្តី ប៉ុន្តែ​ទំនិញ​របស់​កម្ពុជា​ទាំងនោះ ត្រូវតែ​បំពេញ​តាម​លក្ខខណ្ឌ តម្រូវ​តាម​ស្តង់ដារ​អនាម័យ និង​ភូតគាម​អនាម័យ រួមទាំង​សុវត្ថិភាព​ចំណីអាហារ ដែល​កំណត់ដោយ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​រប​ស់​ប្រទេស​ចិន​។​

​អ្នកជំនាញ​សេដ្ឋកិច្ច មើលឃើញ​ថា មូលហេតុ នាំឱ្យ​ទីផ្សារ​កសិផល​​ធ្លាក់​​ថ្លៃ​នេះ ព្រោះ​កម្ពុជា ​ពឹងផ្អែក​តែ​លើ​ទីផ្សារ​ប្រទេសជិតខាង ហើយ​ទិន្នផល​ស្វាយ​កម្ពុជា ក៏​ពុំមាន​ស្តង់ដារ ដែល​អាច​នាំចេញ​ទៅកាន់​ប្រទេស​ផ្សេង​បានឡើយ​។​

​អ្នកវិភាគ​សេដ្ឋកិច្ច បានផ្ដល់​អនុសាសន៍​ឱ្យ​កសិករ​ទាំងអស់ រួមទាំង​អ្នក​ដាំ​ស្វាយ នៅ​កម្ពុជា ត្រូវ​ច្នៃ​កសិផល​ខ្លួន ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ នាបច្ចុប្បន្ន​នេះ​។ ការដោះ​ស្រាយ នៅ​ក្នុ​​ង​​ស្រុក ដោយ​កែច្នៃ​​កសិផល​ទាំងអស់​នេះ នៅពេល​ប្រទេសជិតខាង ឈប់​ទិញ​ពី​យើង​។

​មួយវិញទៀត បញ្ហា​ប្រឈម ដែល​កសិករ​ខ្មែរ​យើង បាន និង​កំពុង​ជួបប្រទះ ដោយសារតែ​តម្លៃ​ធ្លាក់ចុះ ហើយ​ពេលខ្លះ មិនមាន​ទីផ្សារ​លក់​ចេញ​ថែមទៀត​​ អាចមកពី​ការប្រមូល​ផល មាន​បរិមាណ​ច្រើន គឺ​ការផ្គត់ផ្គង់ លើស​តម្រូវការ​។ ម្យ៉ាង អ្នក​ដាំ​ស្វាយ​មួយចំនួន លក់បាន​តម្លៃ​ទាប ដោយ​មូល​ហេតុថា ផ្លែស្វាយ​ទាំងនោះ មិនទាន់មាន​គុណភាព​ល្អ ស្របតាម​ស្តង់ដារ ដូចជា មាន​ទំហំ​តូច គ្មាន​សោភ័ណភាព និង​មិនទាន់​ស្របតាម​លក្ខខណ្ឌ​តម្រូវ​នៃ​ការបញ្ជាទិញ​របស់​ក្រុមហ៊ុន​។ បញ្ហា​កូ​វីដ នាំ​ឲ្យ​ប្រទេសជិតខាង​បិទ​ព្រំដែន ក៏​ជា​មូលហេតុ ធ្វើ​ឲ្យ​ស្វាយ​ធ្លាក់​ថ្លៃ ​នៅ​ស្រុក​យើង​ផងដែរ​។​

​ដូច្នេះ​ដើម្បី​រក្សាបាន​នូវ​ស្ថិរភាព​តម្លៃ​សមស្រប និង​មាន​ទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានប្រកាស​ឲ្យ​ប្រជាកសិករ​ទាំងអស់ ចុះបញ្ជី​កសិដ្ឋាន​របស់ខ្លួន សម្រាប់​នាំចេញ នៅ​អគ្គនាយកដ្ឋាន​កសិកម្ម ដើម្បី​ងាយស្រួល​ទទួលបាន​ព័ត៌មាន និង​សេវា​បណ្តុះបណ្តាល​បច្ចេកទេស ក្នុងការ​បង្កើន​ផលិតភាព និង​គុណភាព​ដំណាំ​កសិផល ស្របតាម​ស្តង់ដារ ព្រមទាំង​រៀបចំ​ចងក្រង ជា​បណ្តុំ​អាជីវកម្ម​កសិផល សម្រាប់​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​ក្នុង និង​ក្រៅ​ស្រុក ចុះកិច្ចសន្យា​ប្រមូល​ទិញ ធ្វើការ​កែច្នៃ និង​នាំចេញ​។​

​ក្នុង​គោលដៅ ជំរុញ​ការនាំ​ផ្លែស្វាយ​ទៅ​ប្រទេស​ចិន អគ្គនាយកដ្ឋាន​កសិក​ម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានប្រកាសថា មាន​កសិដ្ឋាន ចំនួន ៣០ បាន​ចុះបញ្ជី សម្រាប់​ការនាំចេញ​ស្វាយ ទៅកាន់​ប្រទេស​ចិន និង​រោងចក្រ​ប្រព្រឹត្តិកម្ម សម្លាប់​ពងរុយ​ចោះ​ផ្លែស្វាយ ចំនួន ៤ សម្រាប់​នាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា ទៅ​ប្រទេស​ចិន​។

​​តម្លៃ​ស្វាយ ធ្លាក់ចុះ​កន្លងមក និង​ពេលនេះ បណ្ដាលមកពី​កត្តា​សំខាន់ៗ ដូចជា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ អ្នក​ដាំ​ដុះ​ស្វាយ​មួយចំនួន មិនទាន់​អនុវត្តតាម​គោលការណ៍​នៃ​ការអនុវត្ត​កសិកម្ម​ល្អ ដោយ​ដាំ​ដុះ​មិនបាន​ត្រឹមត្រូវ ហើយ​រោងចក្រ​កសិកម្ម​កែច្នៃ​ផលិតផល​ស្វាយ នៅក្នុង​ស្រុក នៅមាន​ចំនួន​តិច ខណៈដែល​បច្ចេកទេស​កែច្នៃ ក៏​នៅមានកម្រិត​។​

​កន្លងមក ករណី​ប្រជាកសិករ ដាំ​តា​ង៉ែ​ន ឬ​មៀន​ប៉ៃលិន នៅ​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន ជួប​បញ្ហា​ទីផ្សារ ក៏ដូចជាថ្លៃ​ចុះថោក ហើយ​មិនអាច​នាំចេញ​ទៅ​លក់​នៅក្រៅ​ប្រទេស​​បាន​នោះទេ កាលពី​អំឡុង​ខែសីហា​។ កាលណោះ រាជរដ្ឋាភិបាល បាន​អន្តរាគមន៍ ឲ្យ​អាជ្ញាធរ​ជួយប្រមូល​ទិញយក​តា​ង៉ែត​របស់​ប្រជាកសិករ។ តែវិធានការនេះ ​អាច​​ដោះស្រាយ​បានតែ​មួយពេល​ ដោយ​​មិន​អាចធ្វើ​​ដូច្នេះ លើ​ដំណាំ​ស្វាយ ឬក៏​ស្រូវ រួមទាំង​កសិផល​ដទៃ​ទៀត​ឡើយ​។​

​ដូច្នេះ​ចាប់ពីពេលនេះ​តទៅ នៅពេល​កូ​វីដ​១៩ ធូរស្បើយ ​​ទាមទារ​ឲ្យ​យើង​មាន​រោងចក្រ​សិប្បកម្ម កែច្នៃ​ផលិតផលកសិកម្ម រួមទាំង​ផ្លែស្វាយ ដោយច្នៃស្វាយទំ ធ្វើជាតផលកសិកម្ម រួមទាំង​ផ្លែស្វយ ដោយដំណាប់​ស្វាយ។ រីឯ​​មន្ត្រី​ជំនាញ​ខាង​កសិកម្ម ក៏​គួរតែ​ចុះ​ជួប​កសិករ ណែនាំ និងបង្រៀន​ពី​របៀប​ដាំ​ស្វាយ ស្របតាម​បច្ចេកទេស​ត្រឹមត្រូវ​។ មន្ទីរ​កសិកម្ម​រាជធានី​-​ខេត្ត ក៏ត្រូវ​សហការ​ជាមួយ​នាយកដ្ឋាន​ក​សិ​​ឧស្សាហកម្ម ដើម្បី​ជំរុញ​ឲ្យ​កសិករ ចងក្រង​ជា​ក្រុម​ផលិត និង​សហគមន៍ ដោយ​ត្រូវ​ចុះបញ្ជី​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ងាយស្រួល រៀបចំ​ផែនការ​ផលិត​ស្វាយ ជា​លក្ខណៈ​ប្រមូលផ្ដុំ បណ្ដុះបណ្ដាល​បច្ចេកទេស​ស្របតាម​ស្ដង់ដារ និង​ការផ្សារភ្ជាប់​ទីផ្សារ តាមរយៈ​ការចុះកិច្ចសន្យា​ទិញ​-​លក់ ជាដើម​។​

​មន្ត្រី​ជំនាញ​កសិកម្ម ក៏ត្រូវ​ជំរុញ​ផ្សព្វផ្សាយ​នូវ​ការប្រើប្រាស់​បណ្ដាញ​ព័ត៌មាន​ទីផ្សារ​ផលិតផល​កសិកម្ម តាម​បច្ចេកទេស​ទំនើប ដល់​កសិករ រួមទាំង​ការដាំដុះ​តាម​បច្ចេកទេស ក្រោយ​ប្រមូល​ផល និង​ការ​ស្តុក​ទុក ជាដើម​។ ការស្វែងរក​ទីផ្សារ រួមទាំង​ការបង្ក​លក្ខណៈ​ងាយស្រួល​ឲ្យ​ប្រទេសជិតខាង ចេញ​ចូលមក​ទិញ​កសិផល ពិសេស​ស្វាយ ដោយ​មិនមាន​បញ្ហា ក៏​ជា​ដំណោះស្រាយ​ចំពោះមុខ ដែល​អាជ្ញាធរ​សមត្ថកិច្ច​យើង ត្រូវ​ជួយ​កសិករ ពិសេស​នៅពេល​ប្រមូល​ផល​ស្វាយ​នេះ ដើម្បី​ឲ្យ​តម្លៃ​ងើបឡើង​វិញ​។​ ក្នុងនោះ ការទប់ស្កាត់​ កុំ​ឲ្យជី និងថ្នាំកសិកម្មឡើងថ្លៃ ក៏ក្រសួងជំនាញ ត្រូវតែដោះស្រាយដែរ​។

​ក្នុងនោះ ការរៀបចំ​គោលនយោបាយ និង​លើកទឹកចិត្ត​អ្នកវិនិយោគ ឲ្យ​កែច្នៃ​កសិផល តាម​លក្ខណៈ​គ្រួសារ ឬក៏​ជា​រោងចក្រ​សហគ្រាស ផលិត​ស្វាយ​ទុំ ទៅជា​ដំណាប់ និង​ទឹក​ស៊ី​រ៉ូ​ស្វាយ សម្រាប់​លក់​ក្នុងស្រុក និង​រហូតដល់​នាំចេញ ក៏​ជា​មធ្យោបាយ​ជួយ​ដោះស្រាយ​ការធ្លាក់​ថ្លៃ​ស្វាយ និង​មិនមាន​ទីផ្សារ​បាន​មួយផ្នែក​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ