ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា កំពុងរៀបចំគោលនយោបាយ និងគាំទ្រ​ការ​ប្រើប្រាស់​រថយន្តដើរដោយថាមពលអគ្គិសនី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់ថា កម្ពុជា កំពុង​ត្រៀម​គោលនយោបាយ និង​ការគាំទ្រ…

រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់ថា កម្ពុជា កំពុង​ត្រៀម​គោលនយោបាយ និង​ការគាំទ្រ សម្រាប់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី (EVs) នៅក្នុង​ប្រទេស​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាសថា នៅក្នុង​កម្មវិធី​ក្រោម ប្រធានបទ​៖ “​អគ្គិសនី​ភាវូបនីយកម្ម​នៃ​យានយន្ត​ដើម្បី​អនាគត​បៃតង​សម្រាប់​កម្ពុជា​” នា​ព្រឹក​ថ្ងៃទី​៤​វិច្ឆិកា លោក​ទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល បាន​មានប្រសាសន៍ថា «​ថ្ងៃនេះ ខ្ញុំ​បានធ្វើ​ដំណើរ​តាម​រថយន្ត ដើរ​ដោយ​ថាមពល​អគ្គិសនី I-Pace electric Jaguar មក​ចូលរួម​កិច្ចពិភាក្សា​ថ្ងៃនេះ​។ ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​របស់ខ្ញុំ វា​ដូចជា​ការធ្វើដំណើរ​តាម​រថយន្ត​ម៉ាស៊ីន​សាំង​ធម្មតា​ដូច្នោះ​ដែរ ជា​រថយន្ត​អនាគត ទំនើប ស្ងាត់ ប្រសិទ្ធភាព និង​អាចធ្វើ​ដំណើរ​បាន​ដោយ​រលូន​នៅលើ​ផ្លូវ​»​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​គូសបញ្ជាក់ថា រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​រួមចំណែក​ដ​ល់​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូន ទៅក្នុង​បរិយាកាស ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន និង​បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​ចូលរួម​ក្នុង​ការជជែក​ពិភាក្សា​អំពី​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី ដើម្បី​ផ្ដល់ព័ត៌មាន​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ថា រថយន្ត​ប្រភេទ​នេះ មាន​លក់​នៅ​កម្ពុជា សម្រាប់​ជា​មធ្យោបាយ​ធ្វើដំណើរ សម្រាប់​ពលរដ្ឋ​កម្ពុជា​ហើយ​។

​បន្ថែម​ពីលើ​នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​គូសបញ្ជាក់ថា ក្រសួង កំពុង​រៀបចំ​គោលនយោបាយ និង​ការគាំទ្រ សម្រាប់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​(EVs)​។ យើង​ត្រូវ​ធានាឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងមូល សម្រាប់ EVs នៅ​កម្ពុជា ក្នុងនោះ រួមមាន​៖ ស្ថានីយ​សាក​អាគុយ កន្លែង​ផ្តល់​សេវា គ្រឿងបន្លាស់ បុគ្គលិក​ទទួល​ការបណ្តុះបណ្តាល និង​កន្លែង​បោះចោល​អាគុយ និង​ធានាថា EVs ដែល​នាំ​ចូលមក​កម្ពុជា​មានគុណ​ភាពល្អ​។​

​បន្ថែម​ពីលើ​នេះ លោក​ទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន និង​កំពុងធ្វើការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​រៀបចំ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ ស្តីពី ការអភិវឌ្ឍន៍​វិស័យ​ដឹកជញ្ជូន​២០២២-២០៣១ ហើយ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​នេះ ត្រូវបាន​ឯកភាព​ជាគោលការណ៍​ដោយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមមាន​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ក្រសួង​វិទ្យាសាស្ត្រ​ឧស្សាហកម្ម បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​-​ស្ថាប័ន ពាក់ព័ន្ធ​មួយចំនួន​ផ្សេងទៀត​ផងដែរ​។​

​ជាមួយគ្នា​នោះ​ផងដែរ លោក Paplo kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី បាន​បញ្ជាក់ថា រដ្ឋាភិបាល​អូស្ត្រាលី បាន និង​កំពុងផ្តល់​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ថាមពល​កកើត​ឡើងវិញ​យ៉ាងសកម្ម ដែលជា​ផ្នែក​មួយ​នៃ​ផែនការអភិវឌ្ឍន៍​ថាមពល​សម្រាប់​កម្ពុជា ដោយ​សហការ​ជាមួយ​វិស័យ​ឯកជន ហើយ​តាម​ការសិក្សា​បឋម​បានបង្ហាញ​ឱ្យឃើញថា ប្រទេស​កម្ពុជា មាន​ថាមពល​ពន្លឺព្រះអាទិត្យ និង​ខ្យល់​យ៉ាងច្រើន ដែលជា​ប្រភព​ថាមពល​កកើត​ឡើងវិញ ប្រកបដោយ​សក្កា​នុព​ល និង​អាច​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការចំណាយ​ផងដែរ​។​

​ដោយឡែក លោកស្រី Tina Redshaw ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស ប្រចាំ​កម្ពុជា  បាន​សម្តែង​នូវ​មោទកភាព ដែល​លោកស្រី បានទទួល​រថយន្ត ដែល​ដើរ​ដោយ​ថាមពល​កកើត​ឡើងវិញ ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ដល់​បណ្ដា​ថ្នាក់ ដឹកនាំ​សំខាន់ៗ ក៏ដូចជា សាធារណៈជន​ទូទៅ  និង​បាន​បញ្ជាក់ថា ការប្រើប្រាស់​រថយន្ត​ដើរ​ដោយ​ថាមពល​កកើតឡើង​វិញ​នេះ ជួយ​ដល់​ការកាត់បន្ថយ​នូវ​ការបញ្ចេញ​ឧស្ម័ន​កាបូន ទៅក្នុង​បរិយាកាស ជួយ​ឱ្យ​បរិស្ថាន​ស្អាត បៃតង និង​ប្រកបដោយ​បច្ចេកវិទ្យា​ទំនើប​ផងដែរ ហើយ​ប្រសិនបើ​យើង​ចង់​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ និង​ធានាបាន​នូវ​ស្ថិរភាព​អាកាសធាតុ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ យើង​ចាំបាច់​ត្រូវ​ដោះស្រាយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​ចេញពី​ការដឹកជញ្ជូន​។

​ជាមួយគ្នា​នោះ លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា បាន​សម្តែង​សុទិដ្ឋិនិយម ចំពោះ​ការរួម​សហការគ្នា​រវាង​ការផ្គត់ផ្គង់​អគ្គិសនី និង​បណ្តាញ​អគ្គិសនី​នាពេល​អនាគត​។​

​លោក​បាន​បន្ថែមថា ជាមួយនឹង​គោលនយោបាយ​វៃឆ្លាត និង​ការប្ដេជ្ញា​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន កម្ពុជា មាន​ថាមពល​កកើត​ឡើងវិញ នៅក្នុង​បណ្ដាញ​ចែកចាយ​អគ្គិសនី​កម្ពុជា ចំនួន​៩% និង​ក្នុង​ពេលខាងមុខ នឹង​ឡើងដល់ ១០% ខណៈ​ការផ្គត់ផ្គង់​អគ្គិសនី​ដើរ​ដោយ​ថាមពល​កកើត​ឡើងវិញ ក្នុង​កម្រិត​ពិភពលោក គិត​ជា​មធ្យម​មាន​ប្រហែល​ពី​៤% ទៅ ៥% ដូច្នេះ​យើង​ឋិត​ក្នុងស្ថានភាព​ល្អ​។ ​គួរ​កត់សម្គាល់ថា រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី ជួយ​ឱ្យ​បរិស្ថាន​ស្អាត មាន​ប្រសិទ្ធភាព​ជាង​រថយន្ត​ប្រើ​សាំង និង​អាចជួយ​កាត់បន្ថយ​ការបំពុល​ខ្យល់​ក្នុង​ទីក្រុង​នានា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ