បើទោះជានារីវ័យក្មេងស្រស់ស្អាតម្នាក់រាំជាមួយបុរសម្នាក់ ដែលលាបមុខជាខ្មោច ពាក់កងដៃកងជើង និងតែងខ្លួនដោយស្លៀកស្បង់ និងអង្ស័ករបស់ព្រះសង្ឃ ហើយលោតរាំកញ្ឆក់កញ្ឆែង ញាក់ទទ្រាក់ទទ្រើតនោះបានចេញមកសុំទោសជាសាធារណៈហើយយ៉ាងណាក៏ដោយ ក៏នៅតែមានពាក្យបណ្តឹងមួយច្បាប់ត្រូវបានប្តឹងទៅព្រះរាជ្ញអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ឱ្យផ្តន្ទាទោសនូវទង្វើអសីលធម៌របស់ពួកគេទៅតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយដោយមានគណនី TikTok ឈ្មោះភី សម័យ Phy Sakmai បានបង្ហោះវីដេអូឃ្លីប TikTok ដែលមាននារីវ័យក្មេងស្រស់ស្អាតម្នាក់ រាំជាមួយបុរសម្នាក់ដែលតែងខ្លួនលាបមុខជាខ្មោច ពាក់កងដៃកងជើង ស្លៀកស្បង់ និងពាក់អង្ស័កដែលជាគ្រឿងបរិក្ខាររបស់ព្រះសង្ឃ ហើយលោតរាំកញ្ឆក់កញ្ឆោង ញាក់ទទ្រាក់ទទ្រើតបែបកំប្លុកកំប្លែងលេងសប្បាយដែលនាំឱ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនាយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យមហាជនខឹងសម្បាហើយបានថ្កោលទោសនូវទង្វើអសីលធម៌នេះឡើងកក្រើកបណ្តាញសង្គមផងដែរ ។
ទាក់ទងនឹងអំពើមិនគប្បីខាងលើនេះ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានថ្លែងកាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ថា ចំពោះករណីនេះគឺទាក់ទងទៅនឹងច្បាប់ក្រមព្រហ្មទណ្ឌ ដែលបានចែងអំពីការប្រើប្រាស់ស្បង់ចីវរមិនមានការអនុញ្ញាត បើតាមច្បាប់គឺពួកគេមានទោស ។

លោកក៏បានសំណូមពរ សូមឱ្យសមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ មិនអាចជនណាម្នាក់យកពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយកទៅបំប្លែងលេងសើចទៅតាមអ្វីដែលគេចង់ធ្វើដោយគ្មានច្បាប់គ្មានទម្លាប់ គ្មានការគោរពកោតក្រែងពុទ្ធបរិស៏ទបែបហ្នឹងទេ ព្រោះការធ្វើអញ្ចឹង គឺខុសច្បាប់ ហើយមានទោសទាំងច្បាប់រដ្ឋ និងជំនឿសាសនាគឺមានបាប ។
យោងតាមច្បាប់ក្រមព្រហ្មទណ្ឌ បទល្មើសដែលប៉ះពាល់ដល់ព្រះពុទ្ធសាសនាត្រង់មាត្រា ៥០៨ បទស្លៀកដណ្ដប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ ចែងថា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃទៅ៣ខែ និងពិន័យជាប្រាក់ពី ១សែនរៀលទៅ៥សែនរៀល ដោយអំពើស្លៀកដណ្ដប់ជាសាធារណៈ ដោយគ្មានសិទ្ធិនឹងស្លៀកដណ្ដប់នូវស្បង់ ចីវរសម្រាប់អ្នកបួសក្នុងព្រះពុទ្ធសាសនា ។

ដោយមិនធ្វើអត្ថាធិប្បាយបន្ថែមលើពាក្យបណ្តឹងនេះ កោះសន្តិភាពបានភ្ជាប់ពាក្យបណ្តឹងរបស់បុរសឈ្មោះឃាន គឹមលាង ដែលរស់នៅភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបងដូចតទៅ៖
ចែករំលែកព័តមាននេះ