ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡោ សំណាង និង សេន ប៊ុ​ន​ថេ​ន ជួប​ថៃ​ថ្ងៃ​សៅរ៍​នេះ​មួយ​ណា​សម្រេច​គោលដៅ?

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​ចាស់វស្សា ឡោ សំណាង មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​បា​បៀរ ស៊ី​ត​ហ្វា​ម៉ៃ បន្ទាប់​ពី​បាត់​មុខ​មួយ​រយៈ​ធំ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​ចាស់វស្សា ឡោ សំណាង មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​បា​បៀរ ស៊ី​ត​ហ្វា​ម៉ៃ បន្ទាប់​ពី​បាត់​មុខ​មួយ​រយៈ​ធំ ខណៈ​សេន ប៊ុ​ន​ថេ​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ភុង​ដេ​ត​ធ៍ ដួង​ឆៃ​ផ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​ទី​៩ មេ​សា នេះ​។

ឡោ សំណាង និង​សេន ប៊ុ​ន​ថេ​ន សុទ្ធតែ​ជា​កំពូល​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្ទើរតែ​គ្មាន​គូ​ប្រៀប​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ។ សម្រាប់​ការ​បាត់​មុខ​ពីលើ​សង្វៀន​មួយ​រយៈ​មកនេះ មិន​ដឹង​ថា ពួក​គេ​ទាំង​២​នៅ​ខ្លាំង​ដូច​មុន​ឬ​យ៉ាងណា​នោះ​ទេ​។ ឡោ សំណាង ធ្លាប់​ប្រកួត​បាន​៨៦​ដង ឈ្នះ​៨០​ដង ចាញ់​តែ​៦​ដង​ក្នុង​នោះ​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​មិន​តិច​ដង​ទេ ។ ចំណែក​បា​បៀរ ស៊ី​ត​ហ្វា​ម៉ៃ ធ្លាប់​ប្រកួត​៨០​ដង ឈ្នះ​៥៨​ដង ចាញ់​២០​ដង ស្មើ​២​ដង ។ ឡោ សំណាង បើ​យោង​លើ​ប្រវត្តិ​គេ​មាន​ផ្លែ​កែង និង​ជង្គង់​ល្អ​អាច​ប្រើ​ការ​បាន​យ៉ាង​ស្ទាត់ជំនាញ និង​រហ័សរហួន​ទៀត​ផង​។ ទោះបី​ស្នៀត​ម៉ាត់​និង​ទាត់​របស់​គេ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក៏​ពេល​មក​ជួប​កីឡាករ​ថៃ​ដែល​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ គ្មាន​អ្នក​ណា​ហ៊ាន​ទាយ​ទុក​មុន​ថា​យ៉ាងណា​នោះ​ទេ ។ ដូ​ច្នះ​គូ​នេះ​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​នៅ​លើ​សង្វៀន​ជាក់ស្ដែង​ប៉ុណ្ណោះ​ទើប​ដឹង​។

សេន ប៊ុ​ន​ថេ​ន គឺជា​កំពូល​អ្នកលេង​ស្នៀត​ជើង​យ៉ាង​សាហាវ​ម្នាក់​ដែល​ពិបាក​រក​គូប្រកួត​បំផុត ។ ទោះបី​បាត់​មុខ​ពីលើ​សង្វៀន​មួយ​រយៈ មែន​ក៏​សេន ប៊ុ​ន​ថេ​ន នៅ​តែ​ជា​អ្នក​​ប្រដាល់​ដែល​គួរ​ឱ្យ​ទុកចិត្ត ដោយសារ​បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​របស់​គេ​មាន​ច្រើន​មិន​តិច​ដង​ទេ​។  សេន ប៊ុ​ន​ថេ​ន ធ្លាប់​ប្រកួត​៩៩​ដង ឈ្នះ​៨៧​ដង ចាញ់​៨​ដង ស្មើ​៤​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​២២​ដង ។ ចំណែក​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៥០​ដង ឈ្នះ​៤០​ដង ចាញ់​៨​ដង និង​ស្មើ​២​ដង ។ ដូច្នេះ​បើ​ប្រៀបធៀប​ប្រវត្តិ​ប្រកួត​រវាង​ពួក​គេ​ទាំង​២ កីឡាករ​ថៃ​រូប​នេះ​ប្រហែលជា​មិន​អាច​ទៅ​រួច​ជាមួយ​កីឡាករ​កម្ពុជា​យើង​ឡើយ ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មាន ផ​ន ផល្លា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​ទេស ឧត្តម មក​ពី​ក្លិប​កងពលតូច​លេខ​៧០ និង​ហែល វ៉ា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​ផា​ន់ សា​រុន មក​ពិ​ក្លិប​គជសារ​កីឡា ៕