ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថាធិប្បាយ៖ ឡានក្រុង និងកាណូត ដំណើរការ​ឡើងវិញ នឹងមិនមានហានិភ័យទេ!

9 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ សេវា​ដឹកជញ្ជូន​សាធារណៈ តាមរយៈ​រថយន្តក្រុង និង​កាណូត នៅក្នុង​រាជធានី​ភ្នំពេញ បាន​បើក​ដំណើរការ​ឡើងវិញ​ហើយ ចាប់ពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២១​។ រដ្ឋបាល​រាជធានី​ភ្នំពេញ…

ភ្នំពេញ​៖ សេវា​ដឹកជញ្ជូន​សាធារណៈ តាមរយៈ​រថយន្តក្រុង និង​កាណូត នៅក្នុង​រាជធានី​ភ្នំពេញ បាន​បើក​ដំណើរការ​ឡើងវិញ​ហើយ ចាប់ពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២១​។ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​អនុញ្ញាតឱ្យ​សាធារណជន ជិះ​ដោយ​មិន​បង់ប្រាក់ រយៈពេល ៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​ក្នុង​ដំណើរការ​សាកល្បង​សេវា​ដឹកជញ្ជូន​សាធារណៈ តាម​រថយន្តក្រុង និង​កាណូត​ឡើងវិញ នៅ​ភ្នំពេញ ចាប់ពី​ថ្ងៃទី​២ ខែវិច្ឆិកា​នេះ គឺ​រថយន្តក្រុង មាន ៥​ខ្សែ រួមមាន​៖ ខ្សែ​ទី​១-ចេញពី​ស្ថានីយ​ចំណតរថយន្ត​ក្រុង​ព្រែក​ព្នៅ ដល់​ស្ថានីយ​ចំណតរថយន្ត​ក្រុង​វាល​ស្បូវ​។ ខ្សែ​ទី​២-ចេញពី​ស្ថានីយ​ចំណតរថយន្ត​ក្រុង​រង្វង់​មូល​គួច​កាណុង ដល់​ស្ថានីយ​ចំណតរថយន្ត​ក្រុង ស្ពាន​ព្រែក​សំរោង ក្រុង​តាខ្មៅ​។ ខ្សែ​ទី​៣-​ចេញពី​ស្ថានីយ​ចំណតរថយន្ត​ក្រុង សួន​ឫស្សីកែវ ដល់​ស្ថានីយ ចំណតរថយន្ត​ក្រុង​បុរី​សន្តិភាព​២ តាម​មហាវិថី​សហព័ន្ធរុស្ស៊ី​។ ខ្សែ​ទី​៤A-ចេញពី​ស្ថានីយ​ចំណតរថយន្ត​ក្រុង​សួន​ឫស្សីកែវ ដល់​ស្ថានីយ​ចំណតរថយន្ត​ក្រុង​បុរី​សន្តិភាព​២ តាម​មហាវិថី​សហព័ន្ធរុស្ស៊ី និង​ខ្សែទី​៤B-ចេញពី​ស្ថានីយ​ចំណតរថយន្ត​ក្រុង​សួន​ឫស្សីកែវ ដល់​ស្ថានីយ​ចំណតរថយន្ត​ក្រុង​បុរី​សន្តិភាព​២ តាម​មហាវិថី​ចោមចៅ​។ ចំណែក​កាណូត ដឹកជញ្ជូន​អ្នកដំណើរ ចេញពី​ស្ថានីយ​ចំណត​សួន​ឫស្សីកែវ ដល់​ស្ថានីយ​ចំណត​ក្រុង​តាខ្មៅ​។

Picture

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​អនុញ្ញាត​ឲ្យ​ជិះ​រថយន្តក្រុង និង​កាណូត ដោយ​មិន​បង់ប្រាក់ រយៈពេល ៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២១ និង​គិត​កម្រៃ​សេវា​ធម្មតា ចាប់ពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ដោយ​លើកលែង​មិន​គិតថ្លៃ ចំពោះ​ព្រះសង្ឃ ចាស់ជរា កុមារ​កម្ពស់​ក្រោម ១​ម៉ែត្រ សិស្ស​-​និស្សិត កម្មករ​-​កម្មការិនី កីឡាករ​-​កីឡា​រិ​នី និង​គ្រូបង្រៀន​។​

​យ៉ាងណាក៏ដោយ នៅពេល​ឡានក្រុង និង​កាណូត​ដឹកជញ្ជូន​អ្នកដំណើរ បើក​ដំណើរការ​ឡើងវិញ​នេះ អាជ្ញាធរ កំណត់ថា អ្នកដំណើរ​ទាំងអស់ ត្រូវគោរព​តាម​វិធានការ​សុខាភិបាល ដោយ​ត្រូវ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង សម្រាប់​មនុស្សពេញវ័យ ពាក់​ម៉ាស លាងដៃ​នឹង​អាល់កុល វ៉ាស់​កម្តៅ ស្កេ​ន QR Code និង​អង្គុយ​តាម​កៅអី ដែល​បានរៀបចំ​។​

​ការដឹកជញ្ជូន​សាធារណៈ តាម​រថយន្តក្រុង និង​តាម​កាណូត បាន​ផ្អាក អំឡុង​ផ្ទុះ​ព្រឹត្តិការណ៍​ឆ្លង​កូ​វីដ​១៩ ចាប់តាំងពី​ដើមឆ្នាំ​២០២០ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។ តែ​នៅ​ថ្ងៃ​ដំបូង​នៃ​ដំណើរការ​ឡើងវិញ កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា មិនសូវមាន​អ្នកជិះ​ច្រើន​ទេ ទាំង​ឡានក្រុង និង​ទាំង​កាណូត​។

​យ៉ាងណាក៏ដោយ នៅលើ​ឡានក្រុង និង​នៅលើ​កាណូត​ដឹកជញ្ជូន​សាធារណៈ​នេះ តម្រូវ​អ្នកដំណើរ​ទាំងអស់ ត្រូវគោរព​តាម​វិធានការ​សុខាភិបាល ដើម្បី​ការពារ និង​ទប់ស្កាត់​កូ​វីដ​១៩ រួមមាន ត្រូវ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង ពាក់​ម៉ាស លាងដៃ​នឹង​អាល់កុល វាស់​កម្ដៅ ស្កេ​ន QR-Code និង​អង្គុយ​តាម​កៅអី ដែល​បានរៀបចំ ដោយមាន​សញ្ញា​ខ្វែង មាន​គម្លាត​ពីគ្នា​ជាង ១​ម៉ែត្រ​។ ក្រៅពីនោះ មានរ​ណាំង​ផ្លា​ស្ទីក បាំង​រវាង​អ្នកដំណើរ និង​អ្នកបើកបរ ហើយ​មិន​ប្រើ​ម៉ាស៊ីនត្រជាក់​ទេ គឺ​បើក​កញ្ចក់​ឡាន ជាដើម​។​

Picture

​ការបើក​ដំណើរការ​សាកល្បង​បព​សេវា​ដឹកជញ្ជូន​សាធារណៈ​ឡានក្រុង និង​កាណូត នៅ​រាជធានី​ភ្នំពេញ នាពេលនេះ ធ្វើឡើង​ស្របពេល​នៃ​ការបើក​ប្រទេស​ឡើងវិញ លើ​គ្រប់​វិស័យ តាម​គន្លង​ថ្មី មុន​ដំណើរការ​បើកទទួល​ទេសចរណ៍​វ៉ាក់សាំង នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ចំ​ថ្ងៃ​បុណ្យអុំទូក​។ នៅពេលនេះ សាលារៀន​ ក៏​បើក​ដំណើរការ​ឡើងវិញ នៅ​គ្រប់​កម្រិត ហើយ​ទេសចរណ៍ ​ក៏​ដំណើរ​ការធម្មតា តាម​ប្រក្រតី​ថ្មី ខណៈ​វិស័យ​ដទៃទៀត ក៏បាន​បើក​ឡើងវិញ​ជា​បន្តបន្ទាប់​។

​កន្លងមក ការដឹកជញ្ជូន​អ្នកដំណើរ តាម​រថយន្តឈ្នួល ទៅមក​ភ្នំពេញ តាម​បណ្តា​ខេត្ត​នានា ទាំង​រថយន្តឈ្នួល​តូចៗ និង​ទាំង​រថយន្តក្រុង បាន​ដំណើរការ​ពេញ​ផ្ទៃ​ប្រទេស តាំងពី​ពេល​មាន​ករណី​ឆ្លង​រាលដាល​កូ​វីដ​១៩ ទ្រង់ទ្រាយ​ធំ នៅ​ខែកុម្ភៈ បន្ត​រហូតដល់​ពេលនេះ​។ ឡាន​ឈ្នួល និង​ឡានក្រុង​ឯកជន ដឹក​អ្នកដំណើរ​កន្លងមក ក៏​មិនបាន​រៀបចំ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​កូ​វីដ ដូច​ការរៀបចំ​របស់​ឡានក្រុង និង​កាណូត​ដឹកជញ្ជូន​អ្នកដំណើរ នៅ​រាជធានី​ភ្នំពេញ​នោះទេ​។ តែ​ឡាន​ឈ្នួល និង​ឡានក្រុង​ឯកជន​ទាំងនោះ ក៏​មិន​ជួបនឹង​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​កូ​វីដ ទ្រង់ទ្រាយ​ធំ​ឡើយ​។​

​ដូច្នេះ​ដំណើរការ​សាកល្បង​ឡានក្រុង និង​កាណូត​ដឹកជញ្ជូន​អ្នកដំណើរ​នៅ​រាជធានី​ភ្នំពេញ ទៅមក​ក្រុង​តាខ្មៅ ខេត្តកណ្តាល នាពេលនេះ ក៏​នឹងមិន​ជួប​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​កូ​វីដ​នោះទេ ខណៈដែលរាជរដ្ឋាភិបាល សម្រេចបើកប្រទេសឡើងវិញ ចាប់តាំងពីថ្ងៃទី១វិច្ឆិកា​​។ ប៉ុន្តែ​​ក៏​នៅតែ​ទាមទារ​ឲ្យ​អ្នកដំណើរ​ទាំងអស់ ត្រូវគោរព​ឲ្យ​បាន​ហ្មត់ចត់​តាម​វិធាន​សុខាភិបាល ដែល​រៀបចំ​នៅលើ​ឡានក្រុង និង​នៅលើ​កាណូត​។ ពោលគឺ​ការពារ ប្រសើរ​ជាង​ព្យាបាល ត្បិតតែ​ម្នាក់ៗ បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស​ហើយ​ក៏ដោយ​៕​

Picture