អត្ថាធិប្បាយ៖ បើកសាលារៀនឡើងវិញ គ្រប់កម្រិត តែគោលការណ៍រក្សាគម្លាត សម្រាប់ក្មេងៗ ធ្វើមិនទាន់បាន!
- ភ្នំពេញ
ភ្នំពេញ៖ ដូចការគ្រោងទុក នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សាលារៀននៅគ្រប់កម្រិត ចាប់ពីថ្នាក់មតេយ្យ រហូតដល់ឧត្តមសិក្សា និងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ នៅទូទាំងប្រទេស ទាំងសាលារៀនរដ្ឋ និងសាលាឯកជន បានបើកដំណើរការឡើងវិញហើយ។ ប៉ុន្តែនៅថ្ងៃដំបូងនៃការចូលរៀនឡើងវិញ បន្ទាប់ពីផ្អាករៀនដោយផ្ទាល់នៅសាលារៀន ដោយសារតែកូវីដនេះ គឺនៅថ្នាក់មត្តេយ្យសិក្សា រហូតដល់បឋមសិក្សា ការរក្សានូវគម្លាតសុវត្ថិភាពពីម្នាក់ ទៅម្នាក់ យ៉ាងហោចណាស់ ១ម៉ែត្រកន្លះ មិនអាចធ្វើបានឡើយ។
ការបើកដំណើរការសាលារៀនឡើងវិញ នាពេលនេះ គឺយោងលើលទ្ធផល អាចទទួលយកបាននៃការបើកដំណើរការសាលារៀនសាកល្បង កន្លងទៅ នៅថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ។ ការពង្រីកវិសាលភាពវិស័យអប់រំនេះ ក៏អាស្រ័យលើស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ដែលអាចគ្រប់គ្រងបាន ខណៈអត្រាអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកុមារ ក៏បានធ្វើឡើងចាប់ពីអាយុ ៥ឆ្នាំឡើង ហើយអាយុ ៦ឆ្នាំឡើង ក៏ចាក់វ៉ាក់សាំងបានតាមផែនការ និងលើសផែនការ រួចរាល់ទាំង ២ដូសហើយ។

ពេលបើកដំណើរការសាលារៀនឡើងវិញ នៅគ្រប់កម្រិត ចាប់ពីថ្ងៃទី១ ខែវិច្ឆិកានេះ នៅសាលារៀន រាប់ចាប់ពីបុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជា មាតាបិតាអាណាព្យាបាលសិស្ស ក៏ត្រូវតែគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា ដែលត្រូវបានដាក់ចេញ ដោយក្រសួងសុខាភិបាល ក្រសួងអប់រំ ក៏ដូចជាវិធានការរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ នោះគឺវិធានការ ៣កុំ និង៣ការពារ នៅតែចាំបាច់ និងត្រូវបន្តអនុវត្តជាប់ជានិច្ច។
តែបញ្ហានៅត្រង់ថា កុមារតូចៗ នៅថ្នាក់មត្តេយ្យ និងបឋមសិក្សា យល់ដឹងថា អ្វីទៅជាការរក្សាគម្លាតសុវត្ថិភាពនោះ ដែរ ឬទេ? តើកុមារតូចៗ អាចពាក់ម៉ាស បានជាប់រហូត និងរក្សាអនាម័យបានកម្រិតណា?
ការរក្សាគម្លាតសុវត្ថិភាព កុមារតូចៗ អាចមិនយល់ទេ ដែលនាំឲ្យមានការព្រួយបារម្ភពីការឆ្លងកូវីដ ក្នុងចំណោមកុមារ នៅពេលមានការសង្កេតឃើញថា នៅថ្ងៃចូលរៀនដំបូងនេះ ទោះបីជាក្មេងៗ បានពាក់ម៉ាស មានអាល់កុលដបតូចៗតាមខ្លួន បាញ់លាងដៃញឹកញាប់ តែគោលការណ៍នៃការរក្សាគម្លាតសុវត្ថិភាព មិនអាចធ្វើបានទេ។
ចំណុចនេះ ទាមទារឲ្យអាណាព្យាបាល អប់រំ ណែនាំ ផ្តាំកូនចៅពីផ្ទះ ពីការរក្សាអនាម័យ ពាក់ម៉ាស និងការរក្សាគម្លាត។ ចំណែកនៅពេលទៅដល់សាលារៀន គឺគ្រូបន្ទុកថ្នាក់និមួយៗ ដើរតួនាទីសំខាន់ ក្នុងការបង្រៀនផង មើលថែសិស្សផង រួមទាំងការញែកសិស្ស កុំឲ្យនៅជិតៗគ្នា។ ក្នុងថ្នាក់ បានរៀបចំរក្សាគម្លាតរួចហើយ គឺ ១តុ អង្គុយតែម្នាក់ ហើយនៅឃ្លាតៗ ពីគ្នា ដោយក្នុង ១ថ្នាក់ ឲ្យសិស្សចូលរៀនតែ ១៥នាក់ ទៅ ២០នាក់ប៉ុណ្ណោះ។ តែនៅពេលចេញលេង គឺជាអ្វី ដែលលោកគ្រូអ្នកគ្រូ ត្រូវយកចិត្តទុកដាក់ កុំឲ្យកូនសិស្ស នៅជិតៗគ្នា ឬក៏លេងចូលគ្នា ដូចទម្លាប់ក្មេងៗពីមុន។ ចំណែកលោកគ្រូអ្នកគ្រូ ក៏មិនត្រូវទៅជិតសិស្សពេកដែរ។ ម៉ាស ត្រូវពាក់ជាប់ជានិច្ច ទាំងគ្រូ និងទាំងសិស្ស ហើយទាំងនៅក្នុងថ្នាក់រៀន និងទាំងនៅពេលចេញលេង ជាដើម។

យ៉ាងណាក៏ដោយ ការរក្សាមិនបាននូវគម្លាតសុវត្ថិភាព ក៏បានកើតឡើងរួចមកហើយ ក្នុងពេលបើកដំណើរការសាលារៀនឡើងវិញ លើកទី១ នៅថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ ប៉ុន្តែដំណើរការសាកល្បងកន្លងមកនោះ អាចចាត់ទុកថា ជាជោគជ័យ ដោយសារតែមិនមានការឆ្លងរាលដាលទ្រង់ទ្រាយធំ រហូតដល់បិទសាលារៀនទេ ទោះបីជាពេលដំបូងៗ នៅថ្នាក់រៀនមួយចំនួន នៅភ្នំពេញ មានសិស្សរកឃើញកើតកូវីដ ហើយគ្រូខ្លះ ធ្វើតេស្តមុនបង្រៀន រកឃើញឆ្លងកូវីដក៏ដោយ។ ទាំងគ្រូ ទាំងសិស្ស សុទ្ធតែចាក់វ៉ាក់សាំងរួចរាល់។
ក្នុងពេលបើកដំណើរការសាលារៀនគ្រប់កម្រិតឡើងវិញ នាពេលនេះ ក៏សិស្សថ្នាក់បឋមសិក្សា អាយុ ៦ឆ្នាំឡើង បានចាក់វ៉ាក់សាំង ២ដូសរួចរាល់ ខណៈដែលសិស្សមត្តេយ្យសិក្សា អាយុ ៥ឆ្នាំ ត្រូវចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី១ ខែវិច្ឆិកានេះ។ ប៉ុន្តែទន្ទឹមនឹងចាក់វ៉ាក់សាំងរួច ក៏នៅតែទាមទារនូវការការពារតាមទម្លាប់សាមញ្ញ ដោយពាក់ម៉ាស លាងដៃ និងរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់ ១ម៉ែត្រកន្លះពីគ្នា។
ដូច្នេះក្មេងៗនៅថ្នាក់មត្តេយ្យ និងបឋមសិក្សានេះ ទាមទារឲ្យអាណាព្យាបាល ឪពុកម្តាយ ពិសេសគ្រូបង្រៀន ត្រូវយកចិត្តទុកដាក់លើការរក្សាគម្លាតសុវត្ថិភាព ដើម្បីជៀសវាងការឆ្លងរាលដាលជំងឺកូវីដ១៩ ព្រោះថា ទោះបីជាអត្រាអ្នកឆ្លងកូវីដ១៩ នៅកម្ពុជាយើង បានថយចុះជារៀងរាល់ថ្ងៃ មកនៅក្រោម ១០០នាក់ ក្នុង ១ថ្ងៃៗ ហើយរាជរដ្ឋាភិបាល សម្រេចបើកប្រទេសឡើងវិញ ចាប់ពីថ្ងៃទី១វិច្ឆិកានេះតទៅក៏ដោយ ក៏មិនមែនមានន័យថា ប្រទេសយើង មានសុវត្ថិភាព ១០០% ពីកូវីដ១៩ នោះឡើយ៕









ចែករំលែកព័តមាននេះ