ខេត្តតាកែវ ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបាន១យប់ ឯម្នាក់ទៀតបានរងរបួសធ្ងន់កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយសារត្រូវរថយន្តប្រដេញគ្នាបុកយ៉ាងពេញទំហឹងកាលល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ។
ហេតុការណ៍លោកប៉ូលិសស័ក្តិ៤ដែលជានាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិភ្នំដិនផឹកស៊ីស្រវឹងបើកឡានបោះពួយបុកគេនេះបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០១ លេខ១០២ ស្ថិតក្នុងភូមិព្រៃធំ ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ ។
ប៉ូលិសចរាចរណ៍ស្រុកកោះអណ្ដែតបានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នេះម៉ាកហាយប្រ៊ិត ពណ៌ទឹកមាស អត់ពន្ធ ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ 2L-8891 អ្នកបើកបរឈ្មោះ ប៊ុន ចន្ថា ភេទប្រុស អាយុ៤៨ឆ្នាំ ជាប៉ូលិសពាក់ស័ក្តិ៍៤ និងជានាយរងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិន រីឯជនរងគ្រោះជិះម៉ូតូម៉ាក PCX ពណ៌ប្រផេះ ពាក់ស្លាកលេខ តាកែវ 1J-4694 បើកបរដោយឈ្មោះ ប្រាក់ សុខុម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រាំ សង្កាត់រកាក្រៅ បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យខេត្ត១យប់ ឯអ្នករួមដំណើរឈ្មោះ នី មានថៃ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ប៉ូលិសចរាចរណ៍ស្រុកបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូឌុបគ្នាធ្វើដំណើរពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុរថយន្តបង្ក និងរថយន្ត២-៣គ្រឿងទៀតជិះប្រដេញគ្នាយ៉ាងលឿន ក៏រេចង្កូតមកបុកគ្នាជាមួយម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូទាំង២នាក់ដេកដួលលើចិញ្ចើមថ្នល់ ឯជនបង្កឡើងជិះរថយន្តបក្សពួករត់គេចខ្លួនបាត់ ។
ប៉ូលិសច្រកទា្វរអន្តរជាតិភ្នំដិនបានបង្ហើបថា នៅមុនពេលកើតហេតុ ប៉ូលិសស័ក្តិ៤រូបនេះ និងនាយ នាយរងប៉ុស្តិ៍ប្រមាណជា៤-៥នាក់បាននាំគ្នាស៊ីផឹកនៅប៉ុស្តិ៍ឡើងស្រវឹងគ្រប់ៗគ្នា រួចក៏បែកផ្លូវគ្នា ទើបធ្វើឲ្យជនបង្កបើកឡានប្រដេញគ្នារេចង្កូតទៅបុកជនរងគ្រោះតែម្តង ៕
ចែករំលែកព័តមាននេះ