ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ហុងដា​ឌ្រី​ម​ មិនដឹង​ប្រញាប់​ទៅ​ណា ​បើក​ឆ្លងផ្លូវ​លឿន​ដូច​ហោះ ​បុក​ម៉ូតូ​ស្កូ​ប​ពី​ខ្ទាត​ក្មេង​ប្រុស​ជំទង់​ម្នាក់​ចូល​រថយន្ត​កិន​របួសធ្ងន់

44 វិនាទី មុន

រាជធានី​ភ្នំពេញ​ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ មិនដឹង​ជា​ប្រញាប់​ទៅ​ណា​ទេ បាន​ជិះ​ម៉ូតូ​ ១​គ្រឿង ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ឆ្លងផ្លូវ​ផង ​បើក​លឿន​ដូច​ហោះ ហើយ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​…

រាជធានី​ភ្នំពេញ​ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ មិនដឹង​ជា​ប្រញាប់​ទៅ​ណា​ទេ បាន​ជិះ​ម៉ូតូ​ ១​គ្រឿង ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ឆ្លងផ្លូវ​ផង ​បើក​លឿន​ដូច​ហោះ ហើយ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ ១​គ្រឿង​ទៀត​ ម៉ាក​ហុងដា​ស្កូ​ប​ពី ពេញទំហឹង។ បណ្ដាល​ឲ្យ​ដួល​ទាំងអស់​គ្នា ហើយ​ខ្ទាត​ក្មេង​ប្រុស​ជំទង់​ម្នាក់ ​ដែល​ជា​អ្នក​ជិះ​ម៉ូតូ​ស្កូ​ប​ពី ​ចូល​ក្រោម​កង់​រថយន្ត​កុងតឺន័​រ កិន​រង​របួស​ធ្ងន់ធ្ងរ ចំណែក​បុរស ​ដែល​ជា​ជន​បង្ក​ ​អត់​របួស​ឡើយ រួច​លើក​ម៉ូតូ​ជិះ​រត់គេច​បាត់​ស្រមោល ។

ឧប្បត្តិហេតុ​ខាងលើ​នោះ​ បាន​កើតឡើងនៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ត្រង់​ចំណុច ​បុរី​សែន​មនោ​រម្យ ភូមិ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ជំទង់​រង​គ្រោះ​ឈ្មោះ​ ផល្លា បញ្ញា​បុត្រ អាយុ​១៦​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ចំណែក​ក្មេង​ប្រុស​ជំ​ទង ​ដែល​ជា​អ្នក​ឌុ​ប​ឈ្មោះ ​ប៊ុ​ន សាល​វ័​ន្ត អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជាមួយ​គ្នា​របួសស្រាល។ នៅ​មុន​ពេល​កើតហេតុ ​ក្មេង​ប្រុស​ជំទង់​រង​គ្រោះ​ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ស្កូ​ប​ពី ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1JI-3800 ពីក្រោយ​មិត្តភក្ដិ (​មិត្តភក្ដិ​ជា​អ្នក​ឌុ​ប​) ធ្វើ​ដំណើរ​តាម​ផ្លូវ​ជា​តិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ស្របគ្នា​ជាមួយ​រថយន្ត​កុងតឺន័រ​ ១​គ្រឿង ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ​ 1M-6919 ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​ជើង ​ទៅ​ត្បូង ​ជ្រុល​មក​បុក​ពេញទំហឹង​តែ​ម្ដង។ ពេល​នោះ​ បាន​បណ្ដាល​ឲ្យ​ម៉ូតូ​ទាំង​២​គ្រឿង​ដួល ហើយ​ខ្ទាត​ក្មេង​ប្រុស​ជំទង់​ខាងលើ ​ចូល​កង់​រថយន្ត​កុងតឺន័រ​កិន បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ចំណែក​បុរស ​ដែល​ជា​ជន​បង្ក ​អត់​របួស​នោះ​ទេ រួច​ក៏​លើក​ម៉ូតូ​ជិះ​គេចខ្លួន។ ខណៈនោះ​ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ដេញចាប់​ដែរ ប៉ុន្តែ​តាម​អត់​ទាន់ ហើយ​បុរស​នោះ​ ក៏​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ចំណែក​រថយន្ត​កុងតឺន័រ ​ដែល​កិន​ក្មេង​ប្រុស​ជំទង់​ខាងលើ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​ទុក​ផង​ដែរ ។

សមត្ថកិច្ច ​បាន​បញ្ជាក់​ប្រាប់​បន្ថែម​ទៀត​ថា លុះ​ក្រោយមក​ឪពុក​ម្ដាយ​ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ ទៅ​ដល់​កន្លែង​កើត​ហេ​ត និង​បាន​សួរនាំ​ទៅ​កាន់​អ្នក​ឃើញ​ហេតុការណ៍​បានដឹង​ថា កូនប្រុស​គាត់​ជិះ​ម៉ូតូ​បុក​គ្នា​ ដួល​ខ្ទាត​ចូល​ក្រោម​រថយន្ត​កុងតឺន័រ ​ដោយ​ខ្លួនឯង។ ទើប​ពួក​គាត់​អត់​ប្ដឹងផ្ដល់​ ហើយ​អនុញ្ញាត​ឲ្យ​រថយន្ត​កុងតឺន័រ​នោះ ​បន្តដំណើរ​ទៅ​មុខ​ទៀត​បាត់​ទៅ បន្ទាប់​មក​ពួក​គាត់​បាន​សុំ​យក​ម៉ូតូ ​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង ចំណែក​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ បាន​ដឹក​យក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ៕

ប្រជាពលរដ្ឋរត់ដេញចាប់ជនបង្ក

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ