ធ្មេញពណ៌សចាំងអាចជួយបង្កើនសម្រស់និងជួយយើងឱ្យមើលទៅហាក់ជាមនុស្សម្នាក់ដែលគួរឱ្យចាប់អារម្មណ៍ក្នុងទីកន្លែងដែលយើងស្ថិតនៅ។ មនុស្សទាំងឡាយចូលចិត្តនិយាយរកអ្នកដែលមានធ្មេញស និងជាទូទៅពួកគេមិនចង់និយាយរកមនុស្សដែលមានធ្មេញពណ៌លឿងប្រឡាក់ក្អែលនោះទេ។ ធ្មេញពណ៌លឿងនិងមានក្អែលមើលទៅអាក្រក់ខ្លាំងណាស់។ ដើម្បីដោះស្រាយបញ្ហានេះ ក្រៅពីទៅជួបជាមួយពេទ្យធ្មេញ នៅមានវិធីសាស្ត្រមួយចំនួនដែលយើងអាចសាកល្បងនៅផ្ទះបាន ។
១-ប្រើថ្នាំដុសធ្មេញដែលធ្វើឱ្យធ្មេញស ៖ ថ្នាំប្រភេទនេះមានផ្ទុកទៅដោយ Peroxideដែលជាសារធាតុធ្វើឱ្យធ្មេញពណ៌ស។ អ្នកគួរប្រើប្រាស់វា២ដងក្នុងមួយថ្ងៃ។ ប្រសិនជាទម្លាប់បែបនេះបន្តបានពី២ទៅ៤សប្តាហ៍នោះ លទ្ធផលនឹងកើតមានជាពុំខាន ។
២-ប្រើទឹកថ្នាំខ្ពុរមាត់ធ្វើឱ្យធ្មេញស ៖ បៀមទឹកថ្នាំ១គម្របពេញទុក១នាទីបន្ទាប់មកទើបខ្ពុរមាត់ចោល។ ដើម្បីទទួលបានលទ្ធផល យើងគួរខ្ពុរមាត់២ដងក្នុង១ថ្ងៃ។ យ៉ាងណាក៏ដោយ ទឹកថ្នាំខ្ពុរមាត់នេះមានប្រសិទ្ធភាពតែលើធ្មេញមានក្អែលលឿងតិចតួចប៉ុណ្ណោះដ្បិតប្រសិទ្ធភាពរបស់វាមានរយៈពេលខ្លី ។
៣-ប្រើស្រទាប់ស្តើង veneer បិទនៅលើធ្មេញ ៖ វិធីសាស្ត្រនេះ អ្នកមិនអាចធ្វើបានដោយខ្លួនឯងទេ ចាំបាច់ត្រូវទៅជួបជាមួយគ្រូពេទ្យធ្មេញ។ ឧបករណ៍នេះអាចមានរយៈពេលពី១០ទៅ១៥ឆ្នាំទើបផ្លាស់ប្តូរថ្មី ។
៤-ប្រើទ្រនាប់ធ្មេញ bleaching trays ៖ វាជាដំណោះស្រាយថ្មីមួយទៀតដើម្បីជួយឱ្យធ្មេញរបស់អ្នកស។ ទ្រនាប់ធ្មេញនេះអ្នកអាចរកបានពីពេទ្យធ្មេញទាំងឡាយ។ ទោះជាយ៉ាងណា នឹងមានផលប៉ះពាល់រំខានខ្លះៗជាមួយឧបករណ៍នេះ។ ដូច្នេះពេលមានបញ្ហា អ្នកគួរតែទៅរកពេទ្យធ្មេញ។
៥-ប្រើក្រូចឆ្មារ ៖ ទឹកក្រូចឆ្មារពិតជាធ្វើឱ្យធ្មេញរបស់អ្នកសស្អាត។ អ្នកនឹងបានឃើញពីប្រសិទ្ធភាពនៅពេលដែលប្រើប្រាស់ទៀងទាត់។ ប៉ុន្តែផលប៉ះពាល់ប្រាកដជាមានខណៈនៅក្នុងទឹកក្រូចឆ្មារមានអាស៊ីដច្រើន។ វាអាចធ្វើឱ្យមានបញ្ហាដល់អញ្ចាញធ្មេញរបស់អ្នក។
៦-សាច់ផ្លែស្ត្របឺរីក៏អាចជួយឱ្យធ្មេញសស្អាតបានដែរ ។
៧-ប្រើអំបិលលាយទឹករួមនឹង Baking Soda (សូដ្យូមប៊ីកាបូណាត)ដុសធេ្មញរបស់អ្នកជាប្រចាំ ៕
ចែករំលែកព័តមាននេះ