ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតកម្ម​ចំណីអាហារ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពេល​កូ​វី​ដ ១៩​ នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម្ចាស់​រោងចក្រ សហគ្រាស​ផលិត​ចំណីអាហារ​នៅ​កម្ពុជា បាន​និយាយ​ថា​ជំងឺ​កូ​វី​ដ ​១៩ បាន​បង្កផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ចង្វាក់​ផលិតកម្ម​ចំណីអាហារ​ក្នុងស្រុក ​។ លោកស្រី កែវ…

រាជធានី​ភ្នំពេញ ៖ ម្ចាស់​រោងចក្រ សហគ្រាស​ផលិត​ចំណីអាហារ​នៅ​កម្ពុជា បាន​និយាយ​ថា​ជំងឺ​កូ​វី​ដ ​១៩ បាន​បង្កផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ចង្វាក់​ផលិតកម្ម​ចំណីអាហារ​ក្នុងស្រុក ​។ លោកស្រី កែវ មុំ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​ និង​ជា​អគ្គ​នាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី បាន​និយាយ​ថា​នៅ​ពេល​ផ្ទុះ​កូ​វី​ដ ​១៩ សាលារៀន​នៅ​កម្ពុជា​ជា​ច្រើន​បាន​បិទទ្វារ​ដែល​ធ្វើ​ឲ្យ​ទីផ្សារ​លក់​ធំ​របស់​ក្រុមហ៊ុន​លោកស្រី​រួម​តូច ។​ ម្យ៉ាងទៀត កូ​វី​ដ​ ១៩ បាន​ធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មានការ​ឡើងថ្លៃ និង​មិនសូវ​មាន​កប៉ាល់​ចេញចូល​ប្រទេស​កម្ពុជា ដូច្នេះ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក៏​ត្រូវ​បាន​កាត់​បន្ថយ​មួយ​ចំនួន​ផង​ដែរ ។

នៅ​ក្នុង​វេទិកា​មគ្គុទេសក៍​ស្ដារ​អាជីវកម្ម​កែ​ច្នៃ​ផលិតផល​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី ​២៨ តុលា ២០២១​ នេះ​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​ឲ្យ​ដឹង​ថា ​«នៅ​ក្នុង​ឆ្នាំ​ ២០២០ បញ្ហា​កូ​វី​ដ​ ១៩​ បាន​កើតឡើង​មែន ​ប៉ុន្តែ​ទីផ្សារ​និង​ការ​នាំ​ចេញ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នៅ​តែ​បន្ត តែ​ចូល​មក​ដល់​ឆ្នាំ ​២០២១ វិបត្តិ​នៅ​កម្ពុជា​កាន់តែ​ធ្ងន់ សាលារៀន​បាន​បិទ​ទាំងអស់ ហើយ​ការ​ដឹក​ជញ្ជូន​ចេញចូល​ក៏​ឡើងថ្លៃ​ជាមួយនឹង​កង្វះ​កុងតឺន័រ​ផង​ដែរ​នោះ​ទើប​ធ្វើ​ឱ្យ​អ្នក​ផលិត​កាន់តែ​ជួប​បញ្ហា​ជាង​ឆ្នាំ ​២០២០» ។

លោកស្រី​បន្ថែម​ថា ទន្ទឹម​នឹង​បញ្ហា​នេះ​ដែរ តម្លៃ​វត្ថុធាតុដើម​ដែល​នាំ​ចូល​ពី​ខាងក្រៅ​ប្រទេស​ក៏​ឃើញ​ថា ​មានការ​ឡើងថ្លៃ​ និង​ពេល​ខ្លះ មិន​មានការ​ផ្គត់ផ្គង់​ពី​ខាងក្រៅ​ទៅ​ទៀត ជាក់ស្ដែង​វត្ថុធាតុដើម​សម្រាប់​ផ្គត់ផ្គង់​ដល់​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ចំណីអាហារ​មក​ពី​ប្រទេស​ចិន​បាន​ និង​កំពុង​ឡើងថ្លៃ ហើយ​មាន​តម្រូវការ​ខ្ពស់ និង​ធ្វើ​ឱ្យ​អ្នកបញ្ជា​ទិញ​ដណ្ដើម​គ្នា​កុម្ម​ង់​ទៅ​ទៀត ។

កញ្ញា​ ថូ​ង ធីតា ម្ចាស់​សហគ្រាស​ផលិត​អំបិល​ធម្មជាតិ​នៅ​ខេត្តកំពត​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ​១៩ តម្រូវការ​អំបិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ឃើញ​ថា​ មានការ​ថមថយ តែ​មិនជា​បញ្ហា​ធំ​សម្រាប់​អាជីវកម្ម​នោះ​ទេ ។ ​អ្វី​ដែល​ជា​បញ្ហា​គឺ​តម្រូវការ​សម្បក​វេច​ខ្ចប់​អំបិល ដែល​ត្រូវការ​កុម្ម​ង់​ទិញ​ពី​ក្រៅប្រទេស​មានការ​យឺតយ៉ាវ ហើយ​ពេល​ខ្លះ​យើង​បាន​កុម្ម​ង់​និង​ព្រមព្រៀង​ទៅ​ហើយ តែ​ក្រោយមក​ក៏​មានការ​លុប​ចោល​ពី​អ្នក​ផ្គត់ផ្គង់​វិញ​ដោយសារ​តែ បញ្ហា​កូ​វី​ដ ​១៩ អត់​មាន​មធ្យោបាយ​ដឹក​ជញ្ជូន​ជាដើម ។

ម្ចាស់​សហគ្រាស​ផលិត​អំបិល​ធម្មជាតិ​នៅ​ខេត្តកំពត​បន្ត​ថា​នៅ​ពេល​ខ្សែ​ចង្វាក់​ផលិតកម្ម​ក្នុងស្រុក​មួយ​ចំនួន​ជួប​បញ្ហា ​និង​ការ​ផលិត​ធ្លាក់​ចុះ បាន​ធ្វើ​ឱ្យ​តម្រូវការ​អំបិល​ដែល​ផ្គត់ផ្គង់​ទៅ​កាន់​សហគ្រាស​ទាំងនោះ​ថមថយ​ដែរ ដូច្នេះ​បើសិនជា​បញ្ហា​ការ​ផលិត​នូវ​ចំណីអាហារ មាន​បញ្ហា​ហើយ​វា​នឹង​អូស​ទាញ​គ្នា​ទៅ​ជាមួយ​ផង​ដែរ ។

សហគ្រិន​ជា​ច្រើន​បាន​រំពឹង​ថា ​ការ​បើក​ប្រទេស​ឡើង​វិញ​របស់​រដ្ឋាភិបាល នឹង​ជំរុញ​ឱ្យ​មាន​តម្រូវការ​ចំណីអាហារ​ឡើង​វិញ ជាក់ស្ដែង​នៅ​ពេល​រដ្ឋាភិបាល​ប្រកាស​បើក​សាលារៀន​ទូ​ទាំង​ប្រទេស សិស្ស​នឹង​ចូល​រៀន ហើយ​ពួក​គាត់​នឹង​មាន​តម្រូវការ​ក្នុង​ការ​ហូប​ចុក​នៅ​ក្នុង​សាលា ដូច្នេះ​ការ​ផលិត​ចំណីអាហារ​ក៏​នឹង​អាច​កើនឡើង​ជាង​មុន​បន្តិច​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ