ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បានកូន​ក្រពើ​៣​ក្បាល​ទៀត​ហើយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​កោះ​លត ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គិរី បាន​ចាប់​កូន​ក្រពើ​ទៀត​ហើយ ដែល​មាន​ចំនួន​៣​ក្បាល ខណៈ​ពេល​ដែល​ពួក​គាត់​ដើរ​ឆ្លុះ​កង្កែប

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​កោះ​លត ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គិរី បាន​ចាប់​កូន​ក្រពើ​ទៀត​ហើយ ដែល​មាន​ចំនួន​៣​ក្បាល ខណៈ​ពេល​ដែល​ពួក​គាត់​ដើរ​ឆ្លុះ​កង្កែប កាលពី​យប់​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១​។ ហើយ​ករណី​ចាប់​បានកូន​ក្រពើ​ជា​បន្តបន្ទាប់​បែប​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច ព្រោះ​មិន​ទាន់​ដឹង​ប្រភព​ច្បាស់លាស់​ថា តើ​កូន​ក្រពើ​នោះ​រួច​ពី​កន្លែង​ចិញ្ចឹម ឬ​ក៏​អាច​ជា​ក្រពើ​ធម្មជាតិ?

បើ​តាម​ការ​បញ្ជាក់​របស់​បុរស​ម្នាក់​ឈ្មោះ សំណាង បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​២៧ ខែតុលា ពួក​គាត់​មាន​គ្នា​ចំនួន​៣​នាក់ បាន​នាំ​គ្នា​ឆ្លុះ​កង្កែប និង​ចាប់​ត្រី​នៅ​តាម​វាលស្រែ​ចុង​ភូមិ ហើយ​ក៏​បាន​ប្រទះ​ឃើញ​សត្វ​ក្រពើ​ចំនួន​៣​ក្បាល​ដែល​កំពុង​តែ​បណ្ដែត​ខ្លួន​ក្នុង​ទឹក ។ ពេល​នោះ​ពួក​គាត់​ក៏​នាំ​គ្នា​ដេញចាប់​បាន ទាំង​៣​ក្បាល​នោះ​តែ​ម្ដង​។

បុរស​ខាងលើ​បាន​បញ្ជាក់​ដែរ​ថា នៅ​ម្ដុំ​ភូមិ​នេះ មិន​មាន​នរណា​ម្នាក់​ចិញ្ចឹម​ក្រពើ​នោះ​ទេ ប៉ុន្តែ​មិនដឹង​ថា កូន​ក្រពើ​នោះ​មកពីណា​ឡើយ? ហើយ​កូន​ក្រពើ​ទាំង​៣​ក្បាល​នេះ គឺ​មាន​ប្រវែង​ចាប់ពី​០,៨​ម៉ែត្រ ដល់​១,៣​ម៉ែត្រ និង​មាន​ទម្ងន់​ចាប់ពី​២​គីឡូក្រាម​ដល់​៤​គីឡូក្រាម​។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​នោះ ក៏​បាន​លើក​ឡើង​ថា ការ​ចាប់​បាន​ក្រពើ​លើក​នេះ មិនមែន​ជា​លើក​ទី​មួយ​ទេ គឺ​កន្លង​ទៅ ប្រជាពលរដ្ឋ​ក៏​ធ្លាប់​បាន​ចាប់​កូន​ក្រពើ​ជា​បន្តបន្ទាប់​ប្រមាណ​ជាង​១០​ក្បាល​មក​ហើយ​។

ជាក់ស្ដែង​នៅ​យប់​ថ្ងៃ​ទី​២៤ ខែតុលា កន្លង​មក​ថ្មី​ៗ​នេះ ក៏​មាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ភារ​ម្យ ក៏​ចាប់​បាន​ក្រពើ​មួយ​ក្បាល​ដែរ ទម្ងន់​​៣​គីឡូក្រាម ។ ហើយ​ក្រពើ​ដែល​ចាប់​បាន​នោះ ត្រូវ​បាន​ពួក​គាត់​យក​ទៅ​ធ្វើ​ម្ហូប ដោយ​មិន​បាន​ប្រគល់​ឲ្យ​ទៅ​ខាង​ណា​នោះ​ទេ។

ដោយឡែក​តាម​ការ​បញ្ជាក់​របស់​លោក ឃឹម ឡុ​ង នាយ​ផ្នែក​រដ្ឋបាល​ជលផល​កំពង់​ប្រាសាទ បាន​ឲ្យ​ដឹង​ថា​៖ ក្នុងភូមិ​សាស្ត្រ ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី​នេះ គ្មាន​អ្នក​ចិញ្ចឹម​ក្រពើ​ទេ ។ លោក​សង្ស័យ​ថា កូន​ក្រពើ​ដែល​ប្រជាពលរដ្ឋ​ចាប់​បាន​នេះ គឺជា​កូន​ក្រពើ​ធម្មជាតិ ដែល​មក​តាម​ទឹកទន្លេ​ឡើង ព្រោះថា កន្លង​មក ក៏​មាន​ប្រជាពលរដ្ឋ​ខាង​ខ្វិត​តាំងក្រសាំង ទឹកដី​ខេត្តកំពង់ចាម ក៏​ធ្លាប់​ចាប់​បាន​កូន​ក្រពើ​២​ក្បាល​ដែរ ដែល​ទម្ងន់​១​ក្បាល​ជាង​១០​គីឡូក្រាម ដោយហេតុ​នេះ​ហើយ លោក​សូម​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ