ខេត្តព្រះសីហនុ ៖ សន្តិសុខយាមប្រចាំការនៅលើផែប្រេងឥន្ធនៈក្រុមហ៊ុនតេលា ដែលរងគ្រោះធ្លាក់ទឹកសមុទ្រ ដោយសារនាវាដឹកប្រេង STSCOGIS TISCSSVICEGSE បុកផែកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៩ ខែមីនាកន្លងមក ត្រូវបានប្រជានេសាទប្រទះឃើញសពកាលពីវេលាម៉ោង១១និង៥០នាទី ព្រឹកថ្ងៃទី៣១ មីនា ខណៈអណ្តែតតាមខ្សែទឹកមកដល់ឆ្នេរព្រែកត្រែង ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ នាវាសមុទ្រដឹកប្រេងចូលចតភ្លាត់ស្នៀតបុកបាក់ផែ ។
លោក ម៉ឹក ស៊ីថា ប្រធានគ្រប់គ្រងឃ្លាំងស្តុកប្រេងឥន្ធនៈក្រុមហ៊ុនតេលា បានឱ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីប្រជានេសាទ ដែលបានប្រទះឃើញសពសន្តិសុខ យើងក៏បានរូតរះទៅពិនិត្យមើល ។ ជនរងគ្រោះជាសន្តិសុខរូបនេះឈ្មោះ សែម វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ បុគ្គលិករបស់ក្រុមហ៊ុនរួមជាមួយសាច់ញាតិជនរងគ្រោះ និងកងរាជអាវុធហត្ថមូលដ្ឋានស្រុកស្ទឹងហាវ បានទៅដល់កន្លែងប្រទះឃើញសពអណ្ដែត ហើយស្រង់សពប្រគល់ជូនសាច់ញាតិ ដើម្បីដឹកយកទៅស្រុកកំណើតចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី ដោយមានការជួយឧបត្ថម្ភជាថវិកា ពីក្រុមហ៊ុនផងដែរ ។
គួររំឭកថា ក្រោយពេលកើតហេតុខាងលើ តាមរបាយការណ៍របស់កងរាជអាវុធហត្ថមូលដ្ឋានស្រុកស្ទឹងហាវ បានឱ្យដឹងថា លោក ម៉ឹក ស៊ីថា ប្រធានគ្រប់គ្រងឃ្លាំងស្ដុកប្រេងឥន្ធនៈតេលា បានដាក់ពាក្យបណ្ដឹងពីក្រុមហ៊ុននាវាដឹកប្រេងឈ្មោះ STSCOGIS TISCSSVICEGSE ទៅសាលាដំបូងខេត្តព្រះសីហនុ ជុំវិញការបុកបាក់សំណង់ផែនិងបណ្តាលឱ្យសន្តិសុខម្នាក់ស្លាប់ ។
មានពាក្យចចាមអារ៉ាមពីមជ្ឈដ្ឋានខាងក្រៅ បែបមាត់ចាបមាត់ព្រាបថា ផែដែលជាចំណតនាវាផ្ទេរប្រេងឥន្ធនៈរបស់ក្រុមហ៊ុន មិនមានគុណភាពទេ ដោយហេតុថាការសាងសង់មិនបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស ការសាងសង់បុកគ្រឹះរាក់ៗ ពេលរលកនាំខ្សាច់មកក្បែរផែមានការកើនឡើងធ្វើឱ្យនាវាដឹកប្រេងចូលចតមិនបាន ទើបជាហេតុធ្វើឱ្យមានការប៉ះពាល់ដល់សសរគ្រឹះសំណង់ផែ ហេតុដូចនេះហើយ ទើបមានការប៉ះទង្គិចពីនាវាបណ្តាលឲ្យទៅជាដួលរលំបែបនេះ ។ ប៉ុន្តែទោះជាមានការលើកឡើងបែបនេះក្តី ក៏នោះគ្រាន់តែជាប្រភពក្រៅផ្លូវការប៉ុណ្ណោះ ។
លោកស្រី ចាប សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៣១ ខែមីនា ថា ជុំវិញឧប្បត្តិហេតុខាងលើនេះ លោកស្រីពុំទាន់បានទទួលពាក្យបណ្តឹងណាមួយពីអគ្គនាយកក្រុមហ៊ុនប្រេងឥន្ធនៈតេលានៅឡើយទេ ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ក្រុមហ៊ុនដែលជាអ្នករងគ្រោះលោកស្រីនឹងរៀបចំចាត់ការទៅតាមនីតិវិធី ។
ដោយឡែក អគ្គនាយកក្រុមហ៊ុនប្រេងឥន្ធនៈតេលា ភ្នាក់ងារអ្នកយកព័ត៌មានយើងមិនអាចស្វែងរកការបំភ្លឺបានឡើយ ៕
ចែករំលែកព័តមាននេះ