ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់ មានសន្តិសុខយាមប្រចាំការម្នាក់ នៅលើផែចតនាវាផ្ទេរប្រេងឥន្ធនៈរបស់ក្រុមហ៊ុនតេលា ដែលមានទីតាំងស្ថិតនៅក្នុងក្រុម៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ បានបាត់ខ្លួននៅក្នុងឧប្បត្តិហេតុនាវាដឹកប្រេងចូលចតខុសបច្ចេកទេស ហើយជ្រុលទៅបុកផែពេញទំហឹង បណ្តាលឲ្យប៉ុស្តិ៍យាមប្រចាំការនៅលើផែ រួមទាំងផែផងរលំបាក់ធ្លាក់ចូលបាត់ទៅក្នុងសមុទ្រ ។
តាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន កងរាជអាវុធហត្ថប្រចាំស្រុកស្ទឹងហាវ បានឱ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២៩ ខែមីនា ខណៈនាវាដឹកប្រេងមួយគ្រឿងឈ្មោះ STLOGISTICS SEVICEGSE មកពីប្រទេសវៀតណាម បើកបរដោយនាវិកឈ្មោះ NIAYEN VULANE និងនាវិកកម្ពុជាម្នាក់ឈ្មោះ នួន ចាន់រិទ្ធិ ចូលចតអែបផែ ដើម្បីផ្ទេរប្រេងឥន្ធនៈ ។

ព័ត៌មានបញ្ជាក់ថា ដោយសារតែមានការធ្វេសប្រហែស ក៏ជ្រុលចង្កូតទៅបុកផែ និងប៉ុស្តិ៍យាមប្រចាំការរបស់សន្តិសុខ បណ្តាលឲ្យរលំបាក់រាបចូលទៅក្នុងសមុទ្រអស់ទំហំ៨០ម៉ែត្រគុណ១៣០ម៉ែត្រ ។ ជាមួយនេះ ក៏បណ្តាលឲ្យបាត់បង់អាយុជីវិតសន្តិសុខម្នាក់ដែលកំពុងឈរយាមនៅលើផែ ដែលរហូតមកដល់ម៉ោង៥ល្ងាចថ្ងៃទី៣០ ខែមីនា សមត្ថកិច្ចនិងក្រុមហ៊ុនកំពុងតែរុករកសព ។
នៅក្នុងរបាយការណ៍បានឲ្យដឹងទៀតថា សន្តិសុខដែលរងគ្រោះបាត់បង់អាយុជីវិតនេះឈ្មោះ សែម វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងស្នាក់នៅបណ្តោះអាសន្នក្នុងឃ្លាំងស្តុកប្រេងឥន្ធនៈរបស់ក្រុមហ៊ុន។ ប្រភពព័ត៌មានបញ្ជាក់ថា ជាធម្មតាពេលនាវាដឹកប្រេងបើកចូលមកផែម្តងៗ គឺបើកយឺតៗសំដៅចូលចតអែបផែ ដើម្បីផ្ទេរប្រេងឥន្ធនៈ ហើយក៏មាននាវាតូចៗចំនួន២គ្រឿងអមដំណើរ សម្រាប់ជាជំនួយក្នុងការទាក់យកខ្សែពួរដើម្បីជួយរុញ ឬជួយទាញតម្រង់នាវាបានចូលចតដោយសម្រួល គឺនាវាតូច២គ្រឿងនេះហើយ សម្រាប់នាំផ្លូវឱ្យចូលចតដើម្បីសុវត្ថិភាព ។
តាមការបង្ហើបព័ត៌មានបានធ្លោយឲ្យដឹងទៀតថា ប៉ុន្តែការចូលចតលើកនេះពេលនាវាតូចៗទាំងពីរគ្រឿងមិនទាន់បានទទួលខ្សែពួរពីនាវាផ្ទុកប្រេងផង ស្រាប់តែគេឃើញនាវាផ្ទុកប្រេងដែលបើកមកជិតដល់ផែ បញ្ចេញផ្សែងខ្មៅខ្មួលខ្មាញ់ ហាក់បីដូចជាបន្ថែមល្បឿនមកចំទទឹងផែ និងបុកពេញទំហឹងបណ្តាលឲ្យរងការខូចខាតតែម្តង ។
លោក ម៉ឹក ស៊ីថា ជាអ្នកគ្រប់គ្រងឃ្លាំងស្តុកប្រេងឥន្ធនៈ បានដាក់ពាក្យបណ្តឹងពីក្រុមហ៊ុននាវាដឹកប្រេង STLOGISTICS SEVICEGSE មកពីប្រទេសវៀតណាមនេះ និងនាវិកទាំងពីរនាក់ទៅសាលាដំបូងខេត្តព្រះសីហនុរួចហើយ ដើម្បីការពារផលប្រយោជន៍របស់ក្រុមហ៊ុនដែលរងការខូចខាតនាពេលនេះ ៕
ចែករំលែកព័តមាននេះ