ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្សីចាំក្រុង វិលត្រឡប់មកបង្អួតសម្រស់យ៉ាងស្កឹមស្កៃ ក្រោយឆ្លងកាត់ការសង្គ្រោះយ៉ាងយកចិត្តទុកដាក់

2 នាទី មុន

ខេត្តសៀមរាប ៖ ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ចប់​ការងារ​សង្គ្រោះ​បន្ទាន់​ប្រាសាទបក្សីចាំក្រុង ដែល​រកកលនឹងរ​លំបាក់ កាលពី​ខែតុលា ឆ្នាំ​២០២៥ ដែល​ជា​ប្រាសាទ​ស្កឹមស្កៃ​មួយ នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ។…

ខេត្តសៀមរាប ៖ ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ចប់​ការងារ​សង្គ្រោះ​បន្ទាន់​ប្រាសាទបក្សីចាំក្រុង ដែល​រកកលនឹងរ​លំបាក់ កាលពី​ខែតុលា ឆ្នាំ​២០២៥ ដែល​ជា​ប្រាសាទ​ស្កឹមស្កៃ​មួយ នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: បាន​ប្រកាស​នា​ថ្ងៃ​ទី​៩ ខែឧសភា​នេះ ។

គម្រោង​សង្គ្រោះ​បន្ទាន់ ដោយ​ការងារ​ទល់​ទ្រ និង​ជួសជុល​ពង្រឹង​ឡើង​វិញ​ទាំងស្រុង​នៃ​ប្រាសាទបក្សីចាំក្រុង​បាន​បញ្ចប់​រួចរាល់​ជា​ស្ថាពរ​ហើយ នៅ​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២៦​នេះ ។

លោក ពុទ្ធ សុទ្ធ ប្រធាន​គម្រោង​បាន​លើក​ឡើង​ថា ក្រុមការងារ​របស់​លោក​បាន​ជួសជុល និង​ពង្រឹង​ចំណុច​ហានិភ័យ​ខ្ពស់​នៃ​ប្រាសាទ​នេះ​រួចរាល់​ហើយដោយ​រំពឹង​ថា ប្រាសាទ​ដ៏​ទាក់ទាញ​មួយ​នេះ​នឹង​ឈរ​រឹង​មាំ​តទៅ​មុខ​រាប់រយ​ឆ្នាំ​ទៀត ។

តាម​ការ​បញ្ជាក់​ពី​អ្នកជំនាញ ចំណុច​ដែល​ប្រឈម​ខ្លាំង​រួម​មាន ផ្នែក​ដំបូល​ដែល​ដោយសារ​ឥដ្ឋ​ពុក​ផុយ និង​មាន​ថ្ម​ជ្រុះ​ធ្លាក់​ចំនួន​២​លើក នៅ​អំឡុង​ខែវស្សា​ឆ្នាំទៅ​មិ​ញ និង​ផ្នែក​ជញ្ជាំង​ខាងក្នុង​នៃ​កំពូល ។ ចំណុច​ហានិភ័យ​ទាំងនេះ​ត្រូវ​បាន​ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ជួយ​សង្គ្រោះ​បាន​ជោគជ័យ​តាម​រយៈ​ការ​ទល់​ទ្រ​ការ​ជួសជុល​យក​ឥដ្ឋ​ពុក​ផុយ​ចេញ​ដាក់​ជំនួស​ឥដ្ឋ​ថ្មី រៀប​បំពេញ​ឥដ្ឋ​ឡើង​វិញ តាម​រចនា​សម្ពន្ធ​ពី​ខាងក្នុង​នៃ​កំពូល​ឱ្យ​យ​មាន​រូបរាង​ដើម ដើម្បី​ទប់​លំនឹង​ជញ្ជាំង​ដែល​នៅ​សល់ និង​មានការ​បិទ​បាយអ​ពង្រឹង​បន្ថែម​ជាដើម ។

ក្រៅពី​ជួសជុល​ផ្នែក​ដំបូល និង​ជញ្ជាំង​ខាងក្នុង ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​សម្រេច​លុបរណ្តៅ​ដី​នៅ​ច្រក​ខាង​មុខ​ប្រាសាទ ដែល​ឯក​សារបាន​បញ្ជាក់​ថា ជា​រណ្តៅ​កំណាយ​នៅ​សម័យ​បារាំង​អំឡុង​ឆ្នាំ​១៩៥១ ។ ការងារ​នេះ ដើម្បី​ការពារ​គ្រឹះ​ប្រាសាទ​ផង និង​លើក​សោភ័ណ​ភាព​ជុំវិញ​បរិវេណ​ប្រាសាទ​ផង ។ ចំពោះ​រន្ទា​វិញ ក្រុមការងារ​នៅ​រក្សា​មួយ​រយៈ​សិន ដើម្បី​តាមដាន ពិនិត្យ​បាយអ និង​ថ្ម​ដែល​ប្រេះស្រាំ​ដែល​ធានា​ពី​ភាព​ធន់ និង​ជាប់​យូរអង្វែង ។

លោក ពុទ្ធ សុទ្ធ បាន​បង្ហាញ​មោទនភាព​ជា​ខ្លាំង ក្នុង​នាម​ជា​អ្នកជំនាញ​ខ្មែរ​សុទ្ធសាធ ដែល​បាន​រួម​គ្នា​ជួសជុល​ប្រាសាទ​ដែល​មាន​ខឿន​៤​ជាន់ និង​មាន​កម្ពស់​ជិត​៣០​ម៉ែត្រ​នេះ​បាន​ដោយ​ជោគជ័យ​ជាទី​មោ​ទ​នៈ ។ មន្ត្រី​រូប​នេះ មាន​សុទិដ្ឋិនិយម​ថា ប្រាសាទ​នេះ​នឹង​ឈរ​រឹង​មាំ ស្កឹមស្កៃ យូរអង្វែង​សម្រាប់​បង្អួត​ភ្ញៀវ​ទេសចរ និង​សម្រាប់​កូន​ខ្មែរ​ត​ជំនាន់​ក្រោយ​ទៀត ។ អ្នកជំនាញ​រូប​នេះ​រំពឹង​ថា នឹង​មានការ​គម្រោង​ជួសជុល​នៅ​ដំណាក់កាល​បន្ទាប់​ទៀត ព្រោះថា ចំណុច​ខ្លះ​ដូច​ជា នៅ​ខឿន ជណ្តើរ និង​កំពែង​ជុំវិញ ក៏​ត្រូវការ​ការ​ជួសជុល និង​លើក​តម្លៃ​ឡើង​វិញ​ផង​ដែរ​។

សូម​ជម្រាប​ថា គម្រោង​ទល់​ទ្រ និង​ពង្រឹង​បន្ទាន់​ប្រាសាទបក្សីចាំក្រុង ធ្វើ​ឡើង​ពី​ខែតុលា ឆ្នាំ​២០២៥ និង​បញ្ចប់​នៅ​ក្នុង​ខែឧសភា ឆ្នាំ​២០២៦ ។ ប្រាសាទ​នេះ មាន​ខឿន​ថ្មបាយក្រៀម​៤​ថ្នាក់ មាន​កម្ពស់​សរុប ២៩,២០​ម៉ែត្រ និង​មាន​អាយុកាល​ជាង ១ ០០០​ឆ្នាំ ៕ អត្ថបទ៖ នាង សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ