ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួចធ្វើការឃាត់ខ្លួនក្រោយពេលទទួលបានពាក្យប្ដឹងពីជនរងគ្រោះ ខណៈដែលជនសង្ស័យនិងបក្ខពួកខាងលើបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះបានសម្រេច ហើយបក្ខពួកម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់។
ករណីចោរកម្ម ជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះបានសម្រេចបានកើតឡើងកាលពីទៀបភ្លឺឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកភ្នំស្រួចបាននិយាយឲ្យដឹងថានៅមុនពេលឃាត់ខ្លួនជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូខាងលើនេះកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ មានឈ្មោះ ណូ ម៉ារីយ៉ាស់ ភេទស្រី អាយុ៤៦ ឆ្នាំរស់នៅក្នុងភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បានមកដាក់ពាកយប្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រែងត្រយឹង ទៅលើជនសង្ស័យមិនស្គាល់អត្តសញ្ញាណមិនដឹងចំនួន។
ជនរងគ្រោះជាម្ចាស់ម៉ូតូបានរៀបរាប់ឲ្យដឹងថាកាលពីចន្លោះម៉ោង០២ទៅម៉ោង០៣ទៀបភ្លឺឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ មានជនសង្ស័យមិនដឹងចំនួន បានធ្វើសកម្មភាពលួចកាត់របងលួសសំណាញ់ពីខាងត្បូងផ្ទះ រួចហើយជនសង្ស័យក៏បានចូលមកលួចម៉ូតូរបស់គាត់០១ គ្រឿង ម៉ាកហុងដាវ៉េវ (Wave )ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1Y-0031 ដែលគាត់បានទុកនៅក្នុងរបងផ្ទះ ខាងក្រោមផ្ទះ អំឡុងពេលដែលគាត់និងក្រុមគ្រួសារគេងលង់លក់នៅខាងក្នុងបន្ទប់ ។ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកចាប់ខ្លួនក្រុមជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
នគរបាលស្រុកភ្នំស្រួចបានបន្តឲ្យដឹងទៀតថា÷ ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះខាងលើរួចមក កម្លាំងនគរបាលជំនាញនិងប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំត្រែងត្រយឹង បានធ្វើការស្រាវជ្រាវ(ឆែកមើលតាមកាមេរ៉ាសុវត្ថិភាព) កំណត់បានជនសង្ស័យម្នាក់មានឈ្មោះ ស៊ន ឧត្តម ភេទប្រុស អាយុ៣៦ឆ្នាំ និងបានឃាត់ជនសង្ស័យនៅវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្នុងផ្ទះជួលស្ថិតក្នុងភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ យកមកសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាព លួចម៉ូតូខាងលើពិតប្រាកដមែន។ ពេលលួចម៉ូតូបានរូបខ្លួនបានយកម៉ូតូខាងលើឱ្យទៅបក្ខពួកម្នាក់ទៀតដែលមានឈ្មោះ ឃីម មោក ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ៥ ឃុំត្រែងត្រយឹង ជិះគេចខ្លួនបាត់ទៅហើយ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែ បន្ដធ្វើការស្រាវជ្រាវស្វែងរកបក្ខពួកជនសង្ស័យដែលកំពុងរត់គេចខ្លួននិងវត្ថុតាង ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
ចំណែកជនសង្ស័យដែលឃាត់ខ្លួនខាងលើ នគរបាលស្រុកភ្នំស្រួចបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕




ចែករំលែកព័តមាននេះ