ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារពិភពលោក និង​អា​មេ​រិ​ក បង្កក​ជំនួយ​ទៅ​ស៊ូ​ដង់​ បន្ទាប់​ពី​​មាន​រដ្ឋប្រហារ​យោធា

1 ខែ មុន

ស៊ូដង់ ៖ ធនាគារពិភពលោក បាន​ធ្វើការ​បង្កក​ជំនួយ​ទៅ​កាន់​ប្រទេស​ស៊ូ​ដង់ ក្រោយ​ពេល​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​

ស៊ូដង់ ៖ ធនាគារពិភពលោក បាន​ធ្វើការ​បង្កក​ជំនួយ​ទៅ​កាន់​ប្រទេស​ស៊ូ​ដង់ ក្រោយ​ពេល​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ី​វិល​។

កាលពី​ថ្ងៃ​ច័ន្ទ​ដើម​ស​ប្តា​ហ៍​នេះ អ្នកនយោបាយ​ជា​ច្រើន រួម​ទាំង​នាយក​រដ្ឋមន្ត្រី​ស៊ូ​ដង់​ផង​ដែរ ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​រដ្ឋប្រហារ​យោធា បណ្តាល​ឲ្យ​មានការ​ផ្ទុះ​ការ​តវ៉ា​ទូ​​ទាំង​​ប្រទេស និង​ការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​អន្តរជាតិ​។

សហភាព​អា​ហ្វ្រិ​ច (AU) ក៏​បាន​ដក​ស៊ូ​ដង់​ចេញពី​ប្លុក​បណ្តោះអាសន្ន​ផង​ដែរ ជុំវិញ​ការ​ដណ្តើម​អំណាច​ដោយ​ខុសច្បាប់​។ ចំណែក​អា​មេ​រិ​ក​វិញ បាន​ផ្អាក​ជំនួយ​ចំនួន ៧០០​លាន​ដុល្លារ​។

ការ​ប្រកាស​ផ្តាច់ជំនួយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ទំនងជា​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​ស៊ូ​ដង់​មាន​ផលវិបាក​ធ្ងន់ធ្ងរ នៅ​ពេល​ប្រទេស​នេះ​កំពុង​តែ​ចាប់ផ្តើម​ងើបឡើង​វិញ​។

ចំណាត់ការ​របស់​ធនាគារពិភពលោក និង​សហភាព​អា​ហ្វ្រិ​ច​បាន​ដាក់​សម្ពាធ​បន្ថែម​ទៅ​ដល់​មេដឹកនាំ​រដ្ឋប្រហារ​គឺ​ឧត្តមសេនីយ៍ Abdel Fattah Burhan ដើម្បី​ឲ្យ​មានការ​ដឹកនាំ​បែប​ស៊ី​វិល​ឡើយ​វិញ​។

ប្រធាន​ធនាគារពិភពលោក លោក David Malpass ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ថា «ខ្ញុំ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ព្រឹត្តិការណ៍​ថ្មី​ៗ​ក្នុង​ប្រទេស​ស៊ូ​ដង ហើយ​ខ្ញុំ​បារម្ភ​ថា​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ទៅ​ដល់​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​សង្គម និង​ការ​អភិវឌ្ឍន៍​របស់​ស៊ូ​ដង់​»។

កាលពី​ខែមីនា ប្រទេស​ស៊ូ​ដង់​បាន​ទទួល​ជំនួយ​រាប់​ពាន់​លាន​ដុល្លារ​ពី​ធនាគារពិភពលោក​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជិត ៣០​ឆ្នាំ​ចុង​ក្រោយ ក្រោយ​ពេល​ប្រទេស​នេះ​បាន​ជម្រះបំណុល​របស់​ខ្លួន​។ នៅ​ពេល​នោះ ប្រធាន​ធនាគារពិភពលោក​បាន​និយាយ​ថា ស៊ូ​ដង់​កំពុង​មានការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង បន្ទាប់​ពី​មាន​វិបត្តិ​ធ្ងន់ធ្ងរ​អស់​ជា​ច្រើន​ឆ្នាំ​។

ធនាគារពិភពលោក​បាន​ផ្តល់​ជំនួយ​ចំនួន ៣​ពាន់​លាន​ដុល្លារ​ទៅ​ដល់​ស៊ូ​ដង់ ដើម្បី​គាំទ្រ​វិស័យ​កសិកម្ម ដឹក​ជញ្ជូន ថែ​ទាំង​សុខភាព និង​វិស័យ​អប់រំ​ជាដើម​។

សូម​រម្លឹក​ថា​ក្រោយ​ពេល​ធ្វើ​រដ្ឋប្រហារ​បាន​មួយ​ថ្ងៃ មេដឹកនាំ​រដ្ឋប្រហារ​ស៊ូ​ដង់ ឧត្តមសេនីយ៍ Abdel Fattah al-Burhan បាន​ចេញ​មុខ​អះអាង​ថា ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នោះ​គឺ​ដើម្បី​ការពារ​កុំ​ឲ្យ​សង្គ្រាមស៊ីវិល​កើតឡើង​។

ក្រុម​យោធា និង​ក្រុម​ស៊ី​វិល បាន​ធ្វើការ​ចែករំលែក​អំណាច​គ្នា​ក្នុង​សម្ព័ន្ធភាព​មួយ​ដែល​គេ​ហៅ​ថា​ក្រុមប្រឹក្សា​អធិបតេយ្យ ចាប់តាំងពី​ផ្តួលរំលំ​ប្រធានាធិបតី Omar al-Bashir ដែល​កាន់​តំណែង​យូរអង្វែង​កាលពី​ឆ្នាំ ២០១៩​។

ប៉ុន្តែ​បន្ទាប់​ពី​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​យោធា​បរាជ័យ​កាលពី​ខែកញ្ញា​មក​ដោយ​កងកម្លាំង​ស្មោះស្ម័គ្រ​នឹង​លោក​ប្រធានាធិបតី​Omar al-Bashir មេដឹកនាំ​យោធា​បាន​ធ្វើការ​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​ចំពោះ​សម្ព័ន្ធ​កងកម្លាំង​សេរីភាព និង​ការ​ផ្លាស់​ប្តូរ (FF) និង​ការ​ប្តូរ​គណៈរដ្ឋមន្ត្រី​។

ប៉ុន្តែ​មេដឹកនាំ​ស៊ី​វិល បាន​ចោទប្រកាន់​ពួក​គេ​ពី​បទ​ចង់​ដណ្តើម​អំណាច ហើយ​បច្ចុប្បន្ន ស៊ូ​ដង់​កំពុង​ប្រឈម​នឹង​វិបត្តិ​នយោបាយ​ដ៏​ធំ​បំផុត​៕ (​យោង​តាម​ប្រភព​៖ BBC)

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture