រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានស្នើប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ត្រូវកោះហៅនគរបាលយុត្តិធម៌ឲ្យមកចូលរួមនៅក្នុងនីតិវិធីនៃការស៊ើបសួរ និងការជំនុំជម្រះសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ។
យោងតាមលិខិតរបស់ក្រសួងយុត្តិធម៌ កាលពីពេលថ្មីៗកន្លងមកនេះ ឯកឧត្តម កើត រិទ្ធរដ្ឋមន្ត្រី បានឲ្យដឹងថា រយៈពេលកន្លងមកនេះជាពិសេសនៅក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធានីខេត្ត ក្រសួងយុត្តិធម៌ បានពិនិត្យឃើញថា សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ទាំងអស់បានខិតខំប្រឹងប្រែងចាត់ការសំណុំរឿងព្រហ្មទណ្ឌដែលក្នុងនោះភាគច្រើនជាសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន បានយ៉ាងឆាប់រហ័ស និងជាច្រើនករណីស្របតាមនីតិវិធីនៃច្បាប់ជាធរមាន ។
ឯកឧត្តមបានគូសបញ្ជាក់ថា ៖«ក្រសួងយុត្តិធម៌ក៏បានពិនិត្យឃើញផងដែរថា ការកោះហៅឱ្យចូលរួម និងការស្តាប់ចម្លើយមន្ត្រីនគរបាល ឬភ្នាក់ងារនគរបាលយុត្តិធម៌ក្នុងឋានៈជាសាក្សីនៅក្នុងនីតិវិធីស៊ើបសួរ និងការជំនុំជម្រះរបស់តុលាការនៅក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនមួយចំនួននៅមិនទាន់បានអនុវត្តឱ្យបានត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ដែលមានចែងក្នុងមាត្រា ៧៤ កថាខ័ណ្ឌទី១ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនថា ក្នុងនីតិវិធីនៃការស៊ើបសួរ និងការជំនុំជម្រះ, តុលាការត្រូវកោះហៅ និងស្តាប់ចម្លើយមន្ត្រីនគរបាល ឬភ្នាក់ងារនគរបាលយុត្តិធម៌ដែលបានចូលរួមក្នុងការស៊ើបអង្កេត និងស៊ើបសួរក្នុងឋានៈជាសាក្សីនៅឡើយ» ។
ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានចាត់ទុកថា វត្តមានចូលរួមរបស់នគរបាលយុត្តិធម៌ក្នុងឋានៈជាសាក្សី នៅក្នុងដំណើរការនីតិវិធីរបស់តុលាការចំពោះចំណាត់ ការសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន តាមមាត្រា៧៤ នៃច្បាប់ស្តីពីការត្រួតពិ និត្យគ្រឿងញៀនគឺមិនត្រឹមតែជាការបំពេញនូវលក្ខខណ្ឌផ្នែកនីតីវិធីដែលកំណត់ដោយច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារៈសំខាន់ និងមានភាពចាំបាច់ក្នុងការធានាសុក្រឹតភាពនៃការស្វែងរកការពិត,ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ក៏ដូចជាធានាបាននូវចំណាត់ការរឿងក្តីប្រកបដោយ ភាពត្រឹមត្រូវស្របតាមច្បាប់៕
ចែករំលែកព័តមាននេះ