រាជធានីភ្នំពេញ ៖ ស្ត្រីចិនម្នាក់បានបើករថយន្តបញ្ច្រាសទិសដៅចរាចរណ៍ បត់ឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូមួយគ្រឿងគាបជាប់ក្រោមរថយន្ត បណ្តាលឱ្យនារីម្នាក់ជាអ្នកជិះម៉ូតូរងរបួសធ្ងន់ កាលពីវេលាម៉ោង០៨ និង៣០នាទីយប់ថ្ងៃទី២៩ មីនា ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងបានមួយសន្ទុះ ស្រាប់តែមានបុរសខ្មែរម្នាក់ជាអ្នកបកប្រែភាសាឱ្យស្ត្រីចិននោះ បានមករារាំងសមត្ថកិច្ចមិនឱ្យធ្វើការវាស់វែង និងយកម៉ូតូនិងរថយន្តបង្កទៅដោះស្រាយទេ ព្រមទាំងបង្កជម្លោះជាមួយប្រជាពលរដ្ឋដែលចោមរោមមើលទៀតផង ។ ទាល់តែមានអ្នកសារព័ត៌មានចុះទៅថតព្រោងព្រាត ទើបព្រមឱ្យសមត្ថកិច្ចយករថយន្ត និងម៉ូតូទៅដោះស្រាយ ។
តាមប្រភពឱ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះជិះម៉ូតូម៉ាកស្គូពីមួយគ្រឿង ពាក់ស្លាកលេខកណ្តាល 1P-4964 តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ិ ក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ត Lexus RX330 ពណ៌.ស ពាក់ស្លាកលេខភ្នំពេញ 2AI-2628 ដែលបើកដោយស្ត្រីចិនម្នាក់ចេញពីផ្លូវលំ ក្នុងទិសដៅពីជើងទៅត្បូងឡើងមកផ្លូវសហព័ន្ធរុស្ស៊ី(បើកបញ្ច្រាសទិស) ហើយបំរុងបើកឆ្លងផ្លូវ ក៏បានជ្រុលទៅបុកម៉ូតូស្គូពីអូសគាបជាប់ម៉ូតូនៅក្រោមកាងរថយន្តតែម្តង ។
ចែករំលែកព័តមាននេះ