ខេត្តព្រះសីហនុ ៖ នារីបរទេសម្នាក់បានបាត់បង់ជីវិតក្នុងមន្ទីពេទ្យបង្អែកចំការ ខណៈក្រុមគ្រូពេទ្យខិតខំជួយសង្គ្រោះបានជាងកន្លះម៉ោង បន្ទាប់ពីជិះម្នាក់ឯងទៅបុកខឿនផ្លូវ កាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃ២៨ មីនា ស្ថិតចំណុចមុខអនុវិទ្យាល័យសម្តេចឪ ក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
ប្រភពឱ្យដឹងថា នារីរងគ្រោះឈ្មោះចេននី សុកូឡា អាយុ២៣ឆ្នាំ ជនជាតិហូឡង់ ជាបុគ្គលិកនៅផ្ទះសំណាក់យីហោ «ប៉ា ប៉ា កាយូ» ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជិះម៉ូតូម៉ាកហាយយ៉ាតេ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1Y-4181 ក្នុងទិសដៅពីលិចទៅកើត ក្នុងគោលបំណងទៅកាន់កន្លែងធ្វើការសង្កាត់លេខ៤ក្នុងល្បឿនយ៉ាងលឿន រហូតមកដល់ចំណុចកើតហេតុ ដោយទីតាំងនោះមានភាពងងិតផង ក៏ជ្រុលចង្កូតទៅបុកខឿនពុះទ្រូងចែកផ្លូវ បណ្តាលឱ្យដួលសន្លប់ស្តូកស្តឹងនៅនឹងកន្លែង ។
បន្ទាប់ពីមានហេតុការណ៍នេះ រថយន្តសង្គ្រោះឯកជនដឹកទៅសង្គ្រោះ ប៉ុន្តែដោយស្ថានភាពធ្ងន់ធ្ងរពេក គ្លីនិកឯកជនក៏បញ្ជូនចេញ យកទៅសង្គ្រោះបន្តនៅមន្ទីពេទ្យបង្អែកចំការចេក តែបានបាត់បង់ជិវិតក្រោយបញ្ជូនដល់ប្រមាណ៣០នាទី ។ បច្ចុប្បន្ន សាកសព ត្រូវរក្សាទុកនៅក្នុងមន្ទីពេទ្យ ដើម្បីរង់ចាំតំណាងស្ថានទូតមកទទួលចាត់ចែងបន្ត ។
ចែករំលែកព័តមាននេះ