ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង និង​វៀតណាម​ចុះ​អនុស្សរណៈ​ដើម្បី​សម្រួល​ដល់​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​រួម​គ្នា

8 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ភ្នាក់ងារ​លើក​ស្ទួយ​ការ​វិនិយោគ​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង (KOTRA) បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​មជ្ឈមណ្ឌល​លើក​ស្ទួយ​ពាណិជ្ជកម្ម និង​វិនិយោគ (ITPC) របស់​វៀតណាម ក្នុង​គោលបំណង​សម្រួល

ប្រទេស​វៀតណាម ៖ ភ្នាក់ងារ​លើក​ស្ទួយ​ការ​វិនិយោគ​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង (KOTRA) បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​មជ្ឈមណ្ឌល​លើក​ស្ទួយ​ពាណិជ្ជកម្ម និង​វិនិយោគ (ITPC) របស់​វៀតណាម ក្នុង​គោលបំណង​សម្រួល​ដល់​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ការ​វិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត​។ អនុស្សរណៈ​យោគយល់​នេះ ក៏​មាន​គោលបំណង​បង្កើន​ដល់​សកម្មភាព​នាំ​ចេញ និង​នាំ​ចូល​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។

អគ្គនាយក​នៃ​មជ្ឈមណ្ឌល ITPC លោក Pham Thiet Hoa លើក​ឡើង​ថា ៖ « ក្រោម​កិច្ចព្រមព្រៀង​នេះ ប្រទេស​ទាំង​ពីរ​នឹង​មាន​កិច្ច​សហប្រតិបត្តិការ និង​ចែករំលែក​ព័ត៌​មាន​ស្តី​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀតណាម និង​កូរ៉េ​ខាងត្បូង ក៏​ដូច​ជា​ជួយ​ដោះស្រាយ​រនាំង​ទីផ្សារ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​របស់​ប្រទេស​ទាំង​ពីរ» ។

ក្នុង​នោះ​ដែរ មជ្ឈមណ្ឌល KOTRA បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រុមហ៊ុន ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុន​វិនិយោគ​របស់​ខ្លួន អំពី​វិស័យ​បច្ចេកវិទ្យា​ក្នុង​ប្រទេស​វៀត​ណាម ព្រមទាំង​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​អ្នកជំនួញ​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ជិត​ស្និទ្ធ​ជាង​មុន​ថែម​ទៀត ។

លោក Roh Inho អគ្គនាយករង​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ាន និង​អូ​សេ​អា​នី បាន​លើក​ឡើង​ថា ៖ « កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀតណាម និង​កូរ៉េ​ខាងត្បូង ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ខែធ្នូ​កន្លង​មក នឹង​ផ្តល់​នូវ​កាលានុវត្តភាព​សម្រាប់​ការ​នាំ​ចេញ​របស់​វៀតណាម ដូច​ជា ផលិតផល​កសិកម្ម​, ជលផល​, សម្លៀក​បំពាក់ និង​ស្បែកជើង ដើម្បី​ឈាន​ជើង​ចូល​ទីផ្សារ​កូរ៉េ​ខាងត្បូង » ។

« កូរ៉េ​ខាងត្បូង​មាន​តម្រូវការ​ខ្ពស់​លើ​ផលិតផល​ផ្លែ​ឈើ​នៅ​តំបន់​ត្រូ​ពិ​ក​ដូច​ជា ផ្លែស្វាយ ម្នាស់ ដែល​វៀតណាម​បាន​សន្យា​ថា នឹង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​កូរ៉េ​ខាងត្បូង​ក្នុង​ពេល​ឆាប់​ៗ​នេះ » ។ នេះ​បើ​តាម​មន្ត្រី​មួយ​រូប​មក​ពី​មជ្ឈមណ្ឌល KOTRA ។

មិនតែប៉ុណ្ណោះ ជាមួយនឹង​ការ​យកពន្ធ​ទាប​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី បណ្តា​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​នឹង​មានឱកាស​បង្កើន​ការ​នាំ​ចេញ​វត្ថុធាតុដើម​ដូច​ជា សម្លៀក​បំពាក់​, ស្បែកជើង​, សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​, គ្រឿងសម្អាង និង​ផលិតផល​ដទៃ​ទៀត ។ ចំណែក​ក្រុមហ៊ុន​វៀតណាម​ចាំបាច់​ត្រូវ​តែ​បង្កើន​គុណភាព​ផលិតផល​នាំ​ចេញ រចនា​ផលិតផល ក៏​ដូច​ជា​កំណត់​តម្លៃ​ឲ្យ​មានការ​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ដទៃ​ទៀត ដើម្បី​បង្កើន​ការ​នាំ​ចេញ​ទៅ​កាន់​កូរ៉េ​ខាងត្បូង​ផង​ដែរ ៕