ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំពេញ​៖ ក្នុង ១​ថ្ងៃៗ ស្រូវ​មិនតិចជាង ២០០០​តោន​ទេ ដែល​ឈ្មួញ​វៀតណាម ជិះទូក​ចូលមក​ទិញ នៅ​ច្រកព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ក្នុងស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។…

ភ្នំពេញ​៖ ក្នុង ១​ថ្ងៃៗ ស្រូវ​មិនតិចជាង ២០០០​តោន​ទេ ដែល​ឈ្មួញ​វៀតណាម ជិះទូក​ចូលមក​ទិញ នៅ​ច្រកព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ក្នុងស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។ ប្រជាកសិករ​ខ្មែរ​យើង ត្អូញត្អែរថា ស្រូវ​ឆ្នាំនេះ ចុះថោក​ជាង​ឆ្នាំមុន ដោយសារ​តែមាន​វិបត្តិ​កូ​វីដ​-១៩​។ 

​តម្លៃ​ស្រូវ​របស់​កសិករ​ខ្មែរ​យើង ប្រភេទ​អ៊ី​អ៊ែរ ពូជ​ខា ៥១ ឬ​ខា​៥៤ ដែល​វៀតណាម ហៅ ហា​ណាំ​បូ​ង គឺ​វៀតណាម​ទិញ ក្នុង ១​គីឡូក្រាម តម្លៃ ៩០០​រៀល​។ ចំណែក​អ្នកប្រមូល​ទិញ​ពី​ប្រជាកសិករ ដែលជា​អ្នក​ផលិត​ផ្ទាល់ គឺ ១​គីឡូក្រាម តម្លៃ ៨០០​រៀល ទៅ ៨៥០​រៀល​ប៉ុណ្ណោះ​។ ស្រូវ សុមាលី ទិញ​ពី​កសិករ ក្នុង ១​គីឡូក្រាម តម្លៃ ១០៥០​រៀល លក់​ចេញ​ឲ្យ​វៀតណាម ក្នុង ១​គីឡូក្រាម តម្លៃ ១ ១៥០​រៀល​។ ស្រូវ​ស្រែ (​ស្ងួត​) ទិញ​ពី​ប្រជាពលរដ្ឋ ក្នុង ១​គីឡូក្រាម តម្លៃ ១ ១៥០​រៀល លក់​ចេញ​ឲ្យ​វៀតណាម ក្នុង ១​គីឡូក្រាម តម្លៃ ១ ២៥០​រៀល​។

​តាម​ប្រជាកសិករ បើ​ប្រៀបធៀប​តម្លៃ​ស្រូវ នៅ​ឆ្នាំ​២០២០ គឺ​តម្លៃ​ស្រូវ​អ៊ី​អ៊ែរ ខា ៥៤ ក្នុង ១​គីឡូក្រាម ទិញ​ពី​កសិករ​ផ្ទាល់​តម្លៃ ៩៥០​រៀល ទៅ ១ ០០០​រៀល ហើយ​លក់​ចេញ​ឲ្យ​ទៅ​វៀតណាម ក្នុង ១​គីឡូក្រាម តម្លៃ ១ ១៣០​រៀល​។ ស្រូវ​សុមាលី ទិញ​ពី​កសិករ ក្នុង ១​គីឡូក្រាម តម្លៃ ១ ១៥០​រៀល លក់​ចេញ ១​គីឡូក្រាម តម្លៃ ១ ២៥០​រៀល ទៅ ១ ៣០០​រៀល​។ ស្រូវ​ស្រែ ទិញ​ពី​កសិករ​ក្នុង ១​គីឡូក្រាម តម្លៃ ១ ២៥០​រៀល លក់​ចេញ​ឲ្យ​វៀតណាម ក្នុង ១​គីឡូក្រាម តម្លៃ ១ ៣៥០​រៀល​។

​ការ​ប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ​អ្នក​ផលិត ឲ្យ​តម្លៃថោក​ជាង​ឆ្នាំ​២០២០ ត្រូវបាន​គេ​លើកឡើងថា ដោយសារតែ​ការចំណាយ​សេវា​ច្រើន លើ​ថ្លៃ​ដឹកជញ្ជូន ថ្លៃ​កម្មករ លើកដាក់​រថយន្ត លើក​ចុះទូក ហើយ​បង់​ឲ្យ​ភាគី​សមត្ថកិច្ច​វៀតណាម គឺ​ក្នុង​ទូក​កាណូត ១​គ្រឿង សមត្ថកិច្ច​វៀតណាម យក ១ ៥០០ ០០០​ដុង ស្មើ ២៧៥ ០០០​រៀល ទើប​គេ​ឲ្យ​ទូក​កាណូត ចូលមក​ដឹកស្រូវ នៅក្នុង​ផែ​ខ្មែរ​យើង​។ សមត្ថកិច្ច​វៀតណាម រឹតបន្តឹង ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។​

​ទោះបីយ៉ាងណា អាជ្ញាធរខេត្ត​ស្វាយរៀង បាន​ជួយ​សម្របសម្រួល និង​ទំនាក់ទំនង​ជាមួយ​ភាគី​វៀតណាម សុំ​ឲ្យ​ទូក​ឈ្មួញ​វៀតណាម ចូលមក​ប្រមូល​ទិញស្រូវ ចូលដល់​ផែ​កាណូត​ខ្មែរ​យើង​។ នៅក្នុង​ខែកញ្ញា និង​ខែតុលា ឆ្នាំ​២០២១​នេះ នៅ​ផែ​កាណូត​ទាហាន ព្រៃ​វ​ល្លិ៍ នាំ​ស្រូវ​ចេញទៅ​ប្រទេស​វៀតណាម ក្នុង​មួយថ្ងៃ ជា​មធ្យម​បាន​ជាង ២ ០០០​តោន​។​

​យូរ​ឆ្នាំ​មកហើយ កម្ពុជា​នៅតែ​បន្ត​លក់​ស្រូវ ទៅ​ឲ្យ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លើកឡើងថា ស្រូវ​កម្ពុជា​ភាគច្រើន ត្រូវបាន​ដឹកជញ្ជូន ទៅ​វៀតណាម ច្រើនជាង​ទៅ​ថៃ​។ ក្នុង​មួយថ្ងៃៗ កម្ពុជា​អាច​ដឹកជញ្ជូន​ស្រូវ បាន​ចន្លោះ​ពី ៨០០០-១២០០០​តោន ចេញទៅ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​។​

​យ៉ាងណាក៏ដោយ ការលក់​ស្រូវ​ឲ្យ​ប្រទេសជិតខាង​នេះ គឺ​ប្រជាកសិករ​ខ្មែរ​យើង ត្រូវតែ​លក់ ទោះជា​ក្នុង​តម្លៃថោក​ជាង​ឆ្នាំមុន​ក៏ដោយ​។ នេះ​ក៏​ព្រោះតែ ការកែច្នៃ​ក្នុងស្រុក គឺ​ពុំទាន់​អាចធ្វើ​បាន​ឲ្យ​អស់​បរិមាណ ដែល​កម្ពុជា​ផលិត​ស្រូវ​បាន​នោះទេ​។ ក្នុងនោះ គោលនយោបាយ នាំចេញ​អង្ករ ឲ្យ​បាន ១​លាន​តោន ក្នុង ១​ឆ្នាំ ក៏​កម្ពុជា មិនទាន់​អាច​សម្រេចបាន ទោះបីជារាជរដ្ឋាភិបាល ​ដាក់​ផែនការ​យូរ​ឆ្នាំ​ណាស់​មកហើយ​ក៏ដោយ​។ 

​កន្លងមក រាជ​រដ្ឋាភិបាល តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ក៏បានផ្តល់​ទុន​​ឱ្យ​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក ប្រមូល​ទិញស្រូវ​ទាំងនោះ ពី​កសិករ ក្នុងតម្លៃ​មួយ ដែល​ស្រប​នឹង​ទីផ្សារ ដើម្បី​ដោះស្រាយ​បញ្ហា​ទីផ្សារ​ជូន​កសិករ​។ តែនៅតែទិញមិនអស់ស្រូវ​របស់កសិករឡើយ​ ដោយសារតែចំនួន​រោងម៉ាស៊ីនកិនស្រូវ មានចំនួន​តិច​នៅឡើយ។​

​នៅ​ខេត្ត​​ជាប់​​ព្រំដែន គឺ​ខាង​ប្រទេស​វៀតណាម ដូចជា ខេត្តស្វាយរៀង ខេត្តព្រៃវែង និង​ខេត្តតាកែវ ជាដើម បាន​លក់​ស្រូវ ដោយ​នាំចេញ ឬក៏​ឈ្មួញ​វៀតណាម ចូលមក​ទិញ​។ រីឯ​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ លក់​ស្រូវ​ទៅ​ឲ្យ​ថៃ​។ ក្នុងពេល​កូ​វីដ​នេះ  ព្រំដែន​ត្រូវ​បិទ នាំ​ឲ្យ​តម្លៃ​ស្រូវ​ចុះថោក​ដែរ​។ 

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លើកឡើងថា ប្រទេសជិតខាង​កម្ពុជា និង​ប្រទេស​ផលិត​អង្ករ​ដទៃទៀត បាន​បញ្ចុះតម្លៃ​អង្ករ ដោយសារ​បញ្ហានយោបាយ និង​សេដ្ឋកិច្ច ពិសេស​បញ្ហា​កូ​វីដ​១៩​។ ចំណែក​ខាងក្នុង​ប្រទេស​វិញ គឺ​កម្ពុជា ជួប​បញ្ហា​ដឹកជញ្ជូន ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ បញ្ហា​ក្នុង​ការប្រមូលទិញ ដំណើរការ​ផលិតកម្ម ក៏ត្រូវ​ចំណាយ​ច្រើន រាប់ទាំង​ថ្លៃ​ប្រេងសាំង អគ្គិសនី និង​មិន​ម៉ាស៊ីន​ស​ម្ងួ​ត ជាដើម​។

​ក្នុងនោះ ការមិនអាច​សម្រេច​នូវ​គោលនយោបាយ​នាំ​អង្ករ​ចេញ ១​លាន​តោន ក្នុង​១​ឆ្នាំ បណ្តាលមកពី​បញ្ហា​មួយចំនួន រួមមាន​៖ ទី​១ គឺ​ខ្វះ​ធនធាន​ថវិកា សម្រាប់​ទ្រទ្រង់​វិស័យនេះ​។ ទី​២ -​បច្ចេកទេស គឺ​គ្មាន​ម៉ាស៊ីនកិនស្រូវ​ស្តង់​ការ​គ្រប់គ្រាន់ ដែល​ម៉ាស៊ីន​នោះ អាច​កិនស្រូវ មិន​ឲ្យ​បាក់​ចុង និង​មិន​ធ្វើ​ឲ្យ​អង្ករ​សល់​ខ្លី ពោលគឺ​នៅតែ​អាច​ឲ្យ​អង្ករ​នៅ​វែង​។ ការដាំដុះ ដីធ្លី និង​ជី ដែលជា​ទូទៅ ពលរដ្ឋ​ខ្មែរ​យើង ធ្វើ​ស្រូវ មិនត្រូវ​បច្ចេកទេស ឬ​ដាំ​តាម​ទម្លាប់​ប្រពៃណី​។ ទី​៣ គឺ​ពលរដ្ឋ​ដាំ​ជា​លក្ខណៈ​គ្រួសារ ហើយ​ពូជស្រូវ ក៏​មិន​ដូចគ្នា​ដែរ​។ ជាហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការប្រមូល បន្សុទ្ធ​អង្ករ និង​គុណភាព​អង្គរ​មិនត្រូវ​ស្តង់ដារ សម្រាប់​នាំចេញ​។ ទី​៤ បញ្ហា​នៃ​ការទិញ​ស្រូវ​ស្តុក​ទុក​។​

​អ្នកជំនាញ​កសិកម្ម មើលឃើញថា បញ្ហា​ស្រូវ​អង្ករ​នៅ​កម្ពុជា ដោយសារតែ​គ្មាន​ប្រព័ន្ធគ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ ចំពោះ​ទឹក ទុន និង​ទីផ្សារ​។ ម្យ៉ាងវិញទៀត អ្នកបច្ចេកទេស​ជំនាញ​របស់​ក្រសួងកសិកម្ម គួរតែ​ចុះ​មូលដ្ឋាន ជួយ​ដោះស្រាយ​បញ្ហា​ផ្ទាល់​របស់​កសិករ ឲ្យ​បាន​ច្រើន ទើប​ជាការ​ប្រសើរ​។​

​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញថា ការនាំ​ស្រូវ​ចេញ​របស់​កម្ពុជា ទៅកាន់​ប្រទេស​វៀតណាម កាលពី​ឆ្នាំ​២០២០ មាន​ចំនួន ២ ៨៩៣ ៩៥១ តោន​។ ចំណែក​ក្នុង​រយៈពេល ៧​ខែ ក្នុង​ឆ្នាំ​២០២១ នេះ ការនាំចេញ​ស្រូវ ទៅកាន់​ទីផ្សារ​វៀតណាម សម្រេចបាន​ប្រមាណ ២​លាន​តោន កើនឡើង​ជាង ៨០% ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។​

​ក្នុង​១​ឆ្នាំៗ កម្ពុជា​សល់​ស្រូវ​មិនតិចជាង ៦​លាន​តោន បើ​គិត​ជា​អង្ករ ស្មើ​ប្រមាណ​ជា ៤​លាន​តោន​។ ប៉ុន្តែ​ស្រូវ​អង្ករ ដែល​គិត​ជា​តួលេខ​ថា នៅសល់​ទាំងនោះ ត្រូវបាន​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ច្រើនជាង​ការកែច្នៃ​ជា​អង្ករ​នៅក្នុង​ស្រុក ដើម្បី​នាំចេញ​ទៅ​ក្រៅប្រទេស​។

​យូរ​ឆ្នាំ​មកហើយ ប្រជាពលរដ្ឋ​កម្ពុជា​យើង នៅតាម​ព្រំដែន​វៀតណាម បាន​លក់​ស្រូវ ទៅ​ប្រទេស​វៀតណាម ហើយ​ទិញ​អង្ករ ជី និង​ចំណី​សត្វ​ពី​វៀតណាម មកវិញ​។ នេះ​ជា​ទម្លាប់ ដែលមាន​ផល​អវិជ្ជមាន ច្រើនជាង​វិជ្ជមាន​។ តែ​ប្រជាកសិករ​យើង មិនមាន​ជម្រើស ព្រោះ​ផលិត​ស្រូវ​បាន នៅក្នុង​ស្រុក​មិនមាន​អ្នកទិញ ហើយ​បើ​មាន ក៏​ទិញ​ថោក​ទៅទៀត​។​

​យ៉ាងណាក៏ដោយ ចំពោះមុខ​បញ្ហា​មាន​មាស​ខ្វះ​ក្រដាស​ខ្ចប់​នេះ ពោលគឺ​ដើម្បី​ឲ្យ​សម្រេច​គោលនយោបាយ​នាំចេញ​អង្ករ ១​លាន​តោន ក្នុង​១​ឆ្នាំ កម្ពុជា​ត្រូវការ​ពង្រីក​ទីតាំង​ស​ម្ងួ​ត ស្តុក និង​កែច្នៃ​ក្នុងស្រុក ការរៀបចំ​ឱ្យមាន​ទុន សម្រាប់​វិស័យ​ស្រូវ​អង្ករ ការពង្រឹង​ពង្រីក​សហ​គម​ន៍ និង​ការសហការ​រវាង​សហគមន៍ និង​រោង​ម៉ាស៊ីន​ក្នុងស្រុក ជាដើម​។  ការកែច្នៃ​ស្រូវ ក្នុងស្រុក មានន័យថា​ការ​កិនស្រូវ​នៅក្នុង​ស្រុក គឺ​សល់​វត្ថុធាតុដើម ដូចជា អង្កាម​សម្រាប់​បង្កើន​ជីវជាតិ​ដី កន្ទក់ និង​ចុងអង្ករ សម្រាប់​ចិញ្ចឹមសត្វ និង​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ផង​។​

​ក៏ប៉ុន្តែ​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ទាំងអស់​ខាងលើនេះ ត្រូវបាន​អ្នកជំនាញ​កសិកម្ម និង​រាជរដ្ឋាភិបាល មើលឃើញ និង​លើក​ឡើងជា​រើ​យៗ​មកហើយ​។ ប៉ុន្តែ​មកដល់ពេលនេះ កម្ពុជាយើង នៅតែ​មិនទាន់​​អាច​​ដោះស្រាយ​​បាន​​នៅឡើយ​៕​

មុ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ