ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​​ផ្តល់​ថ​វិកា​សរុប​​​១៧៧,៨២១ដុល្លារ​​អា​មេ​រិ​ក ​​សាង​សង់​ស្ពាន និង​កែ​លំអ​​ផ្លូវ

10 ឆ្នាំ មុន

ក្រោម​គ្រោង​ការណ៍​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ជប៉ុន ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ (​ជំនួយ​គូ​សាណូ​ណិ​) រដ្ឋាភិបាល​ជប៉ុន បាន​ផ្តល់​ថវិកា​សរុប​ចំនួន ១៧៧,៨២១ ដុល្លារ​អា​មេ​រិ​ក ដល់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តឧត្តរមានជ័យ និង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តព្រះវិហារ​។ កិច្ចសន្យា​ផ្តល់​ជំនួយ ត្រូវ​បាន​ចុះហត្ថលេខា​

ក្រោម​គ្រោង​ការណ៍​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ជប៉ុន ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ (​ជំនួយ​គូ​សាណូ​ណិ​) រដ្ឋាភិបាល​ជប៉ុន បាន​ផ្តល់​ថវិកា​សរុប​ចំនួន ១៧៧,៨២១ ដុល្លារ​អា​មេ​រិ​ក ដល់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តឧត្តរមានជ័យ និង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តព្រះវិហារ​។ កិច្ចសន្យា​ផ្តល់​ជំនួយ ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃនេះ ដោយ​ឯកឧត្តម គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​អ្នកតំណាង​ស្ថាប័ន​ទទួល​ជំនួយ​ទាំង​ពីរ​សម្រាប់​គម្រោង​ដូច​តទៅ​៖

១-គម្រោង​សាងសង់​ស្ពាន​ដងទង់ ក្នុងស្រុក​សំរោង ខេត្តឧត្តរមានជ័យ (​ថវិកា​ចំនួន​៩០,៣៥០ ដុល្លារ​អា​មេ​រិ​ក​) អង្គភាព​ទទួល​​ជំនួយ​៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តឧត្តរមានជ័យ ។

​គម្រោង​ទី​មួយ​នេះ នឹង​ធ្វើការ​សាងសង់​ស្ពានបេតុង​មួយ នៅ​ក្នុងស្រុក​សំរោង ខេត្តឧត្តរមានជ័យ​។ គម្រោង​នេះ ត្រូវ​បាន​រំពឹង​ថា នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ធំធេង​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៣,៤០០​នាក់ នៅ​ក្នុង​តំបន់​។ ស្ពានបេតុង​ថ្មី​នេះ ក៏​ត្រូវ​បាន​រំពឹង​ផង​ដែរ​ថា នឹង​ផ្តល់​ភាព​ងាយស្រួល​កាន់តែ​ប្រសើរ​ដល់​ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​សាលារៀន មន្ទីរពេទ្យ និង​ផ្សារ ព្រមទាំង​ជួយ​សម្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ផលិតផល​កសិកម្ម​នានា​ជាដើម​។

២-គម្រោង​កែ​លម្អ​ផ្លូវ ក្នុង​ឃុំ​ឆែប​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ (​ថវិកា​ចំនួន ៨៧,៤៧១ ដុល្លារ​អា​មេ​រិ​ក​) អង្គភាព​ទទួល​ជំនួយ​៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តព្រះវិហារ ។

គម្រោង​ទី​ពីរ​នេះ នឹង​ធ្វើការ​សាងសង់​ផ្លូវ​គ្រួ​ស​ក្រហម​មួយ​ខ្សែ​ប្រវែង ៤,០០០​ម៉ែត្រ និង​លូ​ចំនួន​៦ ក្នុង​ឃុំ​ឆែប​ពីរ ស្រុក​ឆែប ខេត្ត​ព្រះ​វិហារ​។ គម្រោង​នេះ ត្រូវ​បាន​រំពឹង​ថា នឹង​ផ្តល់​អត្ថប្រយោជន៍​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៣,២០០​នាក់ នៅ​ក្នុង​តំបន់​។ ផ្លូវ​ក្រួស​ក្រហម​ថ្មី​នេះ ក៏​ត្រូវ​បាន​រំពឹង​ផង​ដែរ​ថា នឹង​ផ្តល់​ភាព​ងាយស្រួល​ជាង​មុន​ដល់​ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើ​ដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​គោលដៅ និង​ពី​ភូមិ​គោលដៅ​នានា​ទៅ​កាន់​ផ្លូវជាតិ​ផង​ដែរ ជា​ពិសេស​គឺ​នៅ​ក្នុង​រដូវវស្សា​។ 

ជំនួយ​ឥត​សំណង​គូ​សាណូ​ណិ​របស់​ជប៉ុន បាន​ចាប់ផ្តើម​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៩១ ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​ឡើង​វិញ​នៅ​តាម​កម្រិត​មូលដ្ឋាន​។

គម្រោង​ជំនួយ​នេះ មាន​ទិស​ដៅ​ការពារ​ជន​ងាយ​រង​គ្រោះ​ពី​កត្តា​មួយ​ចំនួន​ដូច​ជា ភាព​ក្រីក្រ និង​ភាព​អកុសល ដែល​អាច​គំរាមកំហែង​ដោយ​ផ្ទាល់​ដល់​ជីវភាព​រស់នៅ ការ​ចិញ្ចឹមជីវិត និង​សេចក្តី​ថ្លៃថ្នូរ​របស់​ពួក​គេ ក៏​ដូច​ជា​ជួយ​ជំរុញ​នូវ​ភាព​ម្ចាស់​ការ​លើ​ខ្លួនឯង​របស់​ប្រជា​សហគមន៍​។ ចាប់តាំងពី​ឆ្នាំ​១៩៩១ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ថវិកា​ជាង​៥៥​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការក្រៅ​រដ្ឋាភិបាល ដើម្បី​អនុវត្ត​គម្រោង​គូ​សាណូ​ណិ​ចំនួន​៥៥៤ គម្រោង​នៅ​ទូ​ទាំង​ប្រទេស​៕