ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារមន្ទីរ​នៅ​សហរដ្ឋអាមេរិក​ប្រគល់​រូប​បដិមា «​ដងខ្លួន​ព្រះ​រាម​»​ឱ្យ​ប្រទេស​កម្ពុជា​វិញ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២៨ មីនា ទីស្តីការគណៈរដ្ឋមន្ត្រី សារមន្ទីរ Denver Art Museum (​សារមន្ទីរ DAM) និង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ថា សារមន្ទីរ DAM បាន​ប្រគល់​រូប​បដិមា​ខ្មែរ​ធ្វើ​ពី​ថ្មភក់​នា​សតវត្ស​ទី​១០ មកឲ្យ​ប្រទេស​កម្ពុជា​វិញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២៨ មីនា ទីស្តីការគណៈរដ្ឋមន្ត្រី សារមន្ទីរ Denver Art Museum (​សារមន្ទីរ DAM) និង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ថា សារមន្ទីរ DAM បាន​ប្រគល់​រូប​បដិមា​ខ្មែរ​ធ្វើ​ពី​ថ្មភក់​នា​សតវត្ស​ទី​១០ មកឲ្យ​ប្រទេស​កម្ពុជា​វិញ ។ រូប​បដិមា​ដងខ្លួន​ព្រះ​រាម​នេះ​ត្រូវ​បាន​ដាក់​តាំង​ក្នុង​សារមន្ទីរ​អស់​រយៈពេល​ជិត​៣០​ឆ្នាំ ។ ក្នុងអំឡុងពេល​នៃ​ការ​ស្រាវជ្រាវ​ពី​រូប​បដិមា​នេះ និង​បន្ទាប់​ពី​ការ​ពិភាក្សា​ជាមួយ​សហការី​នៅ​ប្រទេស​កម្ពុជា សារមន្ទីរ DAM បានដឹង​នូវ​អង្គហេតុ​ថ្មី​ស្តី​ពី​ប្រភព​របស់​រូប​បដិមា​ដែល​មិនដឹង នៅ​ពេល​សារមន្ទីរ​ទិញ​រូប​បដិមា​នេះ ។

រូប​បដិមា​ដងខ្លួន​ព្រះ​រាម ជា​រូបចម្លាក់​ធ្វើ​ពី​ថ្មភក់​របស់​ព្រះ​រាម​ដែល​មាន​បំពង់​ព្រួញ​នៅ​ពីក្រោយ​ព្រះ​អង្សា​ស្តាំ ។ រូប​បដិមា​ធ្វើ​ឡើង​នៅ​ដើម​សតវត្ស​ទី​១០ មាន​កម្ពស់​៦២​អ៊ី​ញ (​ប្រហែល​១៥៧​សង់ទីម៉ែត្រ​)  និង​នៅ​បាត់​ព្រះ​កេស ព្រះ​ហ​ស្ថ និង​ព្រះបាទ ។ សារមន្ទីរ Denver Art Museum បាន​ទិញ​រូប​បដិមា​ដងខ្លួន​ព្រះ​រាម នៅ​ឆ្នាំ​១៩៨៦​ពី Doris Weiner Gallery នៅ​ទីក្រុង​ញូ​វ​យ៉​ក ។ រូប​បដិមា​ដងខ្លួន​ព្រះ​រាម ត្រូវ​បាន​ដាក់​តាំង​ក្នុង​សារមន្ទីរ​ផ្នែក​សិល្បៈ​អាស៊ី ។

ជា​ផ្នែក​មួយ​នៃ​ការ​ស្រាវជ្រាវ​របស់​យើង សារមន្ទីរ Denver Art Museum បាន​ទាក់ទង​ទៅ​សហការី​នៃ​សារមន្ទីរ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរក​អង្គហេតុ​បន្ថែម​ពី​រូប​បដិមា​ដងខ្លួន​ព្រះ​រាម​នេះ​» តាម​ប្រសាសន៍​លោក Christoph Heinrich ប្រធាន​សារមន្ទីរ Denver Art Museum ។ «​ថ្មី​ៗ​នេះ​យើង​បាន​ទទួល​នូវ​ភស្តុ​តាង​ជាក់លាក់​ដែល​យើង​ពុំ​មាននៅ​ពេល​ទិញ​រូប​បដិមា​នេះ បន្ទាប់​មក​បាន​ចាត់វិធានការ ភ្លាម​ៗ​ដើម្បី​ដក​រូប​បដិមា​នេះ​ចេញពី​បញ្ជី​របស់​យើង និង​រៀប​ចំការ​បញ្ជូន​រូប​បដិមា​នេះ​ត្រលប់​ទៅ​ទីឋាន​កំណើត​របស់​ខ្លួន ។

បន្ថែម​ពី​ការ​ប្រគល់​ត្រឡប់​នេះ ក្នុងអំឡុងពេល​នៃ​ការ​ចរចា យើង​បាន​បង្កើត​នូវ​ទំនាក់ទំនង​កិច្ចសហការ​ជាមួយ​សហការី​នៅ​កម្ពុជា ហើយ​សង្ឃឹមថានឹង​អភិវឌ្ឍន៍​គម្រោង ឬ​កម្មវិធី​សហការ ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​អ្នក​ទស្សនា​នៅ​សារមន្ទីរ​នៅ​ទីក្រុង Denver និង​រាជធានី​ភ្នំពេញ ។
   
លោក យឹ​ម ណុ​លស​ន អនុប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ តំណាង​លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការ​ប្រគល់​ត្រឡប់​មក​វិញ នៃ​រូប​បដិមា​ដងខ្លួន​ព្រះ​រាម​ពី​សារមន្ទីរ Denver Art Museum និង​ការ​ផ្តល់​នូវ​ឱកាស សម្រាប់​ការ​ជួបជុំ​គ្នា​វិញ​នៃ​រូប​បដិមា ផ្សេង​ៗ​ដែល​ស្ថិត​នៅ​ប្រាសាទ​ចិន នៃ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​កោះ​កេរ ។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា «​ការ​ប្រគល់​ត្រឡប់​ដោយ​ស្ម័គ្រចិត្ត​នៃ​រូប​បដិមា​នេះ គឺ​បង្ហាញ​នូវ​ការ​គិតគូ​របស់​សារមន្ទីរ Denver Art Museum ចំពោះ​សារសំខាន់​នៃ​សម័យកាល​កោះ​កេរ​ចំពោះ​វប្បធម៌​របស់​កម្ពុជា ។ ការ​ប្រគល់​ត្រឡប់​មក​វិញ​នេះ ក៏​ឆ្លុះ​បញ្ចាំង​ពី​ការ​លួច​យ៉ាងធ្ងន់ធ្ងរ ដែល​បាន​កើតឡើង​នៅ​ប្រទេស​យើង​កាលពី​អតីតកាល ព្រមទាំង​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទាមទារ​ត្រឡប់​មក​វិញ​នូវ​រូប​បដិមា​ដែល​ជា​ផ្នែក​មួយ​នៃ​ដួង​ព្រលឹង​ជាតិ ដែល​ត្រូវ​បាន​យក​ចេញពី​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ៕