រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាបលើកទី១នៅកោះពេជ្រ ដែលរៀបចំធ្វើរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៦ដល់២៧ មីនា កន្លងមកនេះ បានធ្វើឱ្យកក្រើកពេញកោះពេជ្រទាំងមូលដោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ។
លោកឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា មានប្រសាសន៍ថា ថ្វីដ្បិតតែការប្រកួតកីឡាប្រណាំងម៉ូតូលើវាលរាបទើបតែចាប់ផ្ដើមជាលើកទី១មែនប៉ុន្តែយើងទទួលបានជោគជ័យដោយសារមានអ្នកចាប់អារម្មណ៍ខ្លាំងលើការបង្ហាញសមត្ថភាពពិសេសៗរបស់កីឡាករខ្មែរយើង ។ ការប្រកួតនេះ ធ្វើឡើងក្នុងគោលបំណងអប់រំណែនាំដល់យុវជនទាំងអស់ក៏ដូចជាប្រជាពលរដ្ឋឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីការគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ។ ការប្រកួតនេះគណៈកម្មការរៀបចំការប្រកួតបានធ្វើការបែងចែកជា៤កម្រិតគឺកម្រិតA, កម្រិតB, កម្រិតC និងកម្រិតD ក្នុងនោះគេចាប់អារម្មណ៍ជាងគេទៅលើការប្រកួតកម្រិតA ។ ការប្រកួតទាំងមូលទទួលបានការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ទស្សនិកជនតាំងពីដើមដល់ចប់ ព្រោះវាជាការប្រកួតប្រភេទម៉ូតូកែច្នៃដែលមានកម្លាំងរហូតដល់ទៅ១៣៥សេសេ ។ មិនតែប៉ុណ្ណោះការប្រកួតប្រភេទម៉ូតូកែច្នៃកម្រិតAនេះទៀត ក៏មានកីឡាករជើងខ្លាំងមកពីវៀតណាមចូលរួមផងដែរ។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នោះគឺកីឡាករកម្ពុជា ជាអ្នកមានប្រៀបជាងក្នុងការយកឈ្នះលើការប្រកួតលើកនេះទាល់តែបាន។
ជាលទ្ធផលការប្រកួតកម្រិតA ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករកម្ពុជាឈាន ពៅ, លេខ២បានទៅលើកីឡាករវៀតណាមGnuyen Quang Khai និងលេខ៣បានទៅលើកីឡាករវៀតណាមNguyen Chi Anh Vu។
ការប្រកួតកម្រិតB ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករសុខ សួនអារុណ, លេខ២បានទៅលើកីឡាករពេជ្រ គឹមស្រុន និងលេខ៣បានទៅលើកីឡាករខុន ប៊ុនហ៊ាប ។
ការប្រកួតកម្រិតC ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករសុខ គឹមហុង, លេខ២បានទៅលើកីឡាករជឹម បញ្ញា និងលេខ៣បានទៅលើកីឡាករម៉ុន លីមហុង និង
ការប្រកួតកម្រិតD ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករសីហា, លេខ២បានទៅលើកីឡាករឡេង ឆាយ និងលេខ៣បានទៅលើកីឡាករហេង វុទ្ធី ៕
ចែករំលែកព័តមាននេះ