ប្រភពព័ត៌មានផ្លូវការនានារាយការណ៍ថា មនុស្សយ៉ាងតិច៦៩នាក់ស្លាប់ និងជាង៣០០នាក់ទៀតរងរបួសដោយសារការវាយប្រហារអត្តឃាតមួយកាលពីយប់ថ្ងៃទី២៧ មីនា នៅជិតឧទ្យានសាធារណៈមួយនៃទីក្រុងឡាហ័រ ទីប្រជុំជនខេត្ត PENDJAB ភាគខាងកើតប៉ាគីស្ថាន ។
នាយទាហានមួយរូបនៅទីក្រុងឡាហ័រ អនុសេនីយ៍ត្រី USMAN និយាយថា ក្នុងចំណោមអ្នកស្លាប់មានកុមារ២៣នាក់ ហើយកុមារ៥៦នាក់ទៀតរងរបួសបញ្ជូនទៅមន្ទីរពេទ្យ។
ប្រមុខប៉ូលិសម្នាក់នៃទីក្រុងឡាហ័រ លោក HAIDER ASHRAF រៀបរាប់ថា ជនអត្តឃាតបានធ្វើឱ្យផ្ទុះនៅកន្លែងចតម៉ូតូមួយស្ថិតនៅជិតច្រកចូលសំខាន់នៃឧទ្យាន GULSHAN-E-IQBAL ។ លោកអះអាងថា នាពេលវាយប្រហារអ្នកទៅលេងនៅក្នុងឧទ្យាននេះមានច្រើនខុសធម្មតា ព្រោះតែបណ្តាគ្រឹស្តសាសនិកក៏លើកគ្នាទៅទីនោះដែរ ដើម្បីប្រារព្ធបុណ្យគ្រឹស្ត PÂQUES ។ អ្នកជំនាញខាងគ្រឿងផ្ទុះនិយាយថា ជនអត្តឃាតប្រើគ្រឿងផ្ទុះដាក់ជាប់ខ្លួនគេដល់ពី៨ទៅ១០គីឡូក្រាមសម្រាប់ការវាយប្រហារនេះ។
ក្រុមតាលីបង់ប៉ាគីស្ថានមួយប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារអត្តឃាតនេះ ។ អ្នកនាំពាក្យរបស់ក្រុម TEHRIK-E-TALIBAN ប៉ាគីស្ថានគូសបញ្ជាក់ថា យើងសូមប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារប្រឆាំងពួកគ្រិស្តខណៈពួកគេប្រារព្ធបុណ្យសាសនាមួយ ។
ក្រោយការវាយប្រហារនេះ គ្រប់ឧទ្យានទាំងអស់នៃទីក្រុងឡាហ័រត្រូវបិទ ហើយមនុស្សម្នាត្រូវបានស្នើឱ្យស្ថិតនៅក្នុងផ្ទះ ។
ក្នុងចំណោមអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ JINNAH និងមន្ទីរពេទ្យ SHEIKH ZAID ភាគច្រើនជានារី និងកុមារ ហើយក្នុងចំណោមអ្នកទាំងនេះជាច្រើនសិបនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងន់ ។
មនុស្សជាច្រើនរយនាក់លើកគ្នាទៅកាន់បណ្តាមន្ទីរពេទ្យ ព្រោះចង់តាមរកសាច់ញាតិដែលបាត់ខ្លួនក្រោយការវាយប្រហារនេះ តែត្រូវរារាំងមិនឱ្យចូល ។
អាជ្ញាធរក្រុងបានអំពាវនាវដល់ពលរដ្ឋឱ្យជួយបរិច្ចាគឈាមដល់មន្ទីរពេទ្យទាំងឡាយ ដើម្បីជួយសង្គ្រោះបណ្តាអ្នករបួស ។
ប៉ូលិសបានរកឃើញអត្តសញ្ញាណប័ណ្ណរបស់ជនអត្តឃាតនៅជិតសាកសពរបស់គេ ដែលបង្ហាញថា ជននេះជាអ្នករស់នៅទីក្រុង MUZFFARGARH ជាទីក្រុងមួយនៃខេត្ត PENDJAB កើតថ្ងៃទី១ មករា ឆ្នាំ១៩៨៨ ។ នៅទីក្រុងនេះប៉ូលិសបានចាប់ខ្លួនមនុស្ស១៥នាក់ ក្នុងនោះមានបងប្អូនជនអត្តឃាត២នាក់ ។ អាជ្ញាធរខេត្ត PENDJAB ប្រកាសពីការកាន់មរណទុក្ខរយៈពេល៣ថ្ងៃ ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកណាវ៉ាសសារីហ្វ ព្រមទាំងប្រធានាធិបតីលោក MAMNOON HUSSAIN បានថ្កោលទោសចំពោះការវាយប្រហារនេះ ដោយស្នើដល់បណ្តាមន្ទីរពេទ្យឱ្យដុតដៃដុតជើង ជួយព្យាបាលអ្នករបួស ។ ដោយសារការវាយប្រហារនេះ លោកសារីហ្វ ដែលត្រូវទៅបំពេញទស្សនកិច្ចមួយនៅប្រទេសអង់គ្លេសនាថ្ងៃទី២៨ មីនា នោះ បានសម្រេចចិត្តពន្យារពេលវិញ ៕
ចែករំលែកព័តមាននេះ