ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្នងការ​ចាប់​ដំណើរការ​ស៊ើបអង្កេត​​លើ​សំណុំ​​​​​​រឿង​​​អាស្រូវ​​លោក​​អធិការ​ស្រុក​សង្កែ​

2 ឆ្នាំ មុន
  • បាត់ដំបង

​​ខេត្តបាត់ដំបង​៖ ក្រោយ​ពី​មាន​លិខិត​អ​នាមិកហែក​ទម្លាយ​ពី​រឿងលោក ស៊ុន សុវណ្ណ ​អធិការ​ស្រុក​សង្កែ ឃុបឃិ​ត​ជាមួយ​កូនចៅ​ជំនិត​មួយ​ចំនួន ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្នុង​អង្គភាព ស្នងការ​ការ​ខេត្ត លោក សាត…

​​ខេត្តបាត់ដំបង​៖ ក្រោយ​ពី​មាន​លិខិត​អ​នាមិកហែក​ទម្លាយ​ពី​រឿងលោក ស៊ុន សុវណ្ណ ​អធិការ​ស្រុក​សង្កែ ឃុបឃិ​ត​ជាមួយ​កូនចៅ​ជំនិត​មួយ​ចំនួន ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្នុង​អង្គភាព ស្នងការ​ការ​ខេត្ត លោក សាត គឹ​ម​សាន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ពេល​នេះ ខ្ញុំ​បាន​ដាក់​ផែនការ​នេះ​ ឱ្យ​ទៅ​ខាង​បុគ្គលិកចុះ​ធ្វើការ​ស្រាវជ្រាវលើ​ករណី​នេះ​ហើយ​»​។ លោក សាត គឹ​ម​សាន បាន​បញ្ជាក់​តាម​ទូរ​ស័ព្ទ​ប្រាប់​កោះសន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ទី២៥ តុលា ថា «​ខ្ញុំបាន​ទ​ទួល​ដំណឹង​នូវ​លិខិត​អ​នា​មិក ដែល​បាន​សរសេរ​លាតត្រដាង​អំពី​រឿងអាស្រូវ​ពុក​រលួយ​របស់​លោក​អធិការ​ស្រុក​សង្កែនោះ​ហើយ​។ ហើយ​ពេល​នេះ ​ខ្ញុំ​បាន​ដាក់​ផែនការ​នេះ ទៅ​ឲ្យ​ខាង​បុគ្គលិក ជា​អ្នកធ្វើការ​ស្រាវជ្រាវ តែ​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ទាន់​ទ​ទូល​បាន​លទ្ធផល​យ៉ាងណា​នៅឡើយ​ទេ​»​។

សូម​បញ្ជាក់​ថា លិខិត​អ​នា​មិកជា​ច្រើន​សន្លឹក ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​លើ​ដងផ្លូវ ម្ដុំ​រង្វង់​មូល​លោកតា​ដំបងគ្រញូង ក្នុង​ក្រុង​បាត់​ដប​ង កាលពី​ព្រឹក​ថ្ងៃ​ទី២២ តុលា ហើយ​ត្រូវ​បាន​គេ​ផ្ញើ​ចែករំលែក​បន្ត​គ្នា​តាម​រយៈ​បណ្ដាញ​សង្គម រហូត​ដល់​ដៃ​មន្ត្រី​នានា នៅ​ក្នុង​ស្នងការ​ខេត្ត​។ គោលបំណង នៃ​លិខិត​នេះ​សូម​គោរព​ជូន «សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ឯកឧត្តម ឧត្តម​សេនី​យ៍​ទោ សាត គឹ​ម​សាន ស្នងការ​ខេត្ត មេត្តា​អនុវត្ត​អភិក្រម​ទាំង​៥ របស់​សម្ដេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន​»​។ លិខិត​អ​នា​ម៉ឹក​នោះ បាន​សរសេរ​ខ្លឹមសារ​វាយប្រហារ​ចំ​ៗ​ទៅ​លើ​ទ​ង្វើ​មិន​ប្រក្រតី​របស់​លោក ស៊ុន សុវណ្ណ អ​ថិ​ការ​ស្រុក​សង្កែ និង លោក ហៀ​ង យ៉ុ​ង​ហុង អធិការរង ទ​ទូល​បន្ទុក​សេនាធិការ ដែល​គេ​អះអាង​មន្ត្រី​ទាំង​០២​រុ​ប​នេះ បាន​រួមដៃគ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ពេញអង្គ​ភាព​។

យោង​ខ្លឹមសារតាម​រយៈ​លិខិត​អ​នា​មិក​ដែល​កោះសន្តិភាព​ទ​ទូល​បាន បាន​ហែក​កកាយ​និង​បាន​ចង្អុល​ចំ​ៗ​ទៅ​លើ លោក ស៊ុន សុវណ្ណ អធិការ​ស្រុក​សង្កែ និងលោក ហៀ​ង យ៉ុ​ង​ហុង អធិការរងទ​ទូល​បន្ទុក​សេនាធិការ​ថា «​បាន​រួមគំនិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយបក្សពួក​និយម តម្លើង​ឋានន្តរស័ក្ដិ​ទារ​លុយ​ពី​កូនចៅ​ក្រោម​ឱវ៉ា​តរបស់​ខ្លួន ឲ្យ​មន្ត្រី​អសកម្ម​មិន​មក​ធ្វើការ​បើកប្រាក់​ខែ​រដ្ឋ និង កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​៣ របស់​រដ្ឋ​ក្នុង​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ធ្វើ​ជា​កម្ម​សិទ្ធ​របស់​ខ្លួន​»​។ លិខិត​អ​នា​មិកនេះ បាន​លាតត្រដាង​ទៀង​ថា «​ដោយសារ​តែ​ទ​ង្វើ​បែប​នេះ​របស់​លោក​អធិការ ទើប​ធ្វើ​ឲ្យ​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុង​អង្គភាព​មាន​សតិ​អារ​ម្ម​ណ៍​មិនល្អ បណ្ដាល​ឲ្យ​គ្មាន​វិន័យ​ក្នុង​អង្គភាព ចំពោះ​ការ​ដឹកនាំ​របស់​លោក​ទាំង​០២​នាក់​នេះ​»​។ លិខិត​អ​នា​មិកនេះ បាន​លាតត្រដាង​ឈ្មោះ និង អត្តលេខ​ច្បាស់លាស់ចំពោះ​មន្ត្រី​អសកម្ម និង មន្ត្រី​ខិលខូច​ជា​ច្រើន​រូប​នៅ​ក្នុង​អង្គភាព​ផង​ដែរ​។

បើ​យោង​លើ​លិខិត​នេះ បាន​បង្ហាញ​ឈ្មោះ​មន្ត្រី​ចំនួន​០៨​នាក់ ដែល​អសកម្ម​មិន​ដែល​ឃើញ​មុខចូល​ធ្វើការ តែ​មាន​វត្តមាន​ចុះ​ក្នុង​បញ្ជី​វត្តមាន​រាល់ថ្ងៃ ហើយ​ថែម​ទាំង​បាន​បើកប្រាក់​យ៉ាង​ទៀងទាត់​ទៀត​ផង​។ ដោយឡែក ​មន្ត្រី​ចំនួន​០៥​រូប​ទៀត ក៏​ត្រូវ​បាន​លិខិត​នេះ លាតត្រដាង និងចោទ​ថា លោក ស៊ុន សុវណ្ណ និងលោក ហៀ​ង យ៉ុ​ង​ហុង ឃុំ​ឃិ​ត​គ្នា​ស្ងាត់​ៗ រៀបចំ​ផ្លាស់​ប្ដូរ​តួនាទី​មន្ត្រី​ទាំង​០៥​រូប​នេះ ពី​ផ្នែក​មួយ ទៅ​ផ្នែក​មួយ​ដោយ​គ្មាន​ការ​ឯកភាព​ពី​ថ្នាក់ដឹកនាំ​តាម​ផ្នែក​ជំនាញ​ឡើយ និងខុស​ពី​សេចក្ដីសម្រេច​របស់​ថ្នាក់លើ​(​របៀប​បក្សពួក​)​។

ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ពី​លិខិត​អ​នា​មិក​គ្មាន​ប្រភព​ច្បាស់លាស់​ខាងលើ​នេះ កោះសន្តិភាពមិន​ទាន់​អាច​ទំនាក់​ទ​ន​ង សុំ​ការ​ប្រតិកម្ម​បំភ្លឺ​តប​ពី​លោក​ស៊ុន សុវណ្ណ អធិការ​ស្រុក​សង្កែ និង លោក ហៀ​ង យ៉ុ​ង​ហុង អធិការរង បាន​នៅឡើយ​ទេ គិត​ត្រឹមម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី ២៥ តុលា​។ យ៉ាងណា​ក្ដី បើ​យោង​លើ​ការ​ពិនិត្យ​លើ​ខ្លឹមសារ ដែល​លិខិត​អ​នា​មិក​បាន​លាតត្រដាង គឺ គេ​បាន​ដាក់​ការ​សង្ស័យ​ថា សំណុំរឿង​ដ៏​អាស្រូវ​នេះ ទំនង​ផ្ទុះ​ចេញពី​ផ្ទៃក្នុង នៅ​ក្នុង​អង្គភាព ដែល​មន្ត្រី​មួយ​ចំនួន​មិន​សប្បាយចិត្ត ស៊ូ​ទ្រាំ​មិន​បាន​ទៅ​នឹង​ទ​ង្វើ​ដ៏​អាក្រក់​របស់​លោក​អធិការ និង លោក​អធិការរង ដែល​បាន​រួមដៃគ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ប្រកាន់​បក្ស​ពួក និងកៀបសង្កត់​ទៅ​លើ​មន្ត្រី​ក្រោម​ឱវាទយ៉ាង​អ​យុ​ត្តិ​ធ​ម៌ ។

គេ​កំពុង​រង់ចាំ​មើល​ចំណាត់ការ​របស់​លោកស្នងការ​ខេត្ត និងថ្នាក់ដឹកនាំ តើ​មាន​ចំណាត់ការ​បែប​ណា​ចំពោះ​លោក​អធិការ​ស្រុក​សង្កែ និងលោក​អធិការរង តាម​បណ្ដឹង​របស់​ជន​អ​នា​ម៉ឹក ដែល​សរសេរ​លិខិត​យក​ទៅ​បោះចោល​លើ​ដងផ្លូវ ដើម្បី​ឲ្យ​មហាជន​បានឃើញ​នេះ ? ប៉ុន្តែ​លោកស្នងការបាន​បញ្ជាក់​ហើយ​ថា ពេល​នេះ​ ដំណើរការ​ស៊ើបអង្កេត បាន​និង​កំពុង​ដំណើរការ​ហើយ​៕

អត្ថបទសរសេរ ដោយ