ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុប​ចោល​គម្រោង​ចូលរួម​ព្យុហយាត្រា​ថ្ងៃ​បុណ្យចូលឆ្នាំចៀសវាង​ការ​ប៉ះទង្គិច​គ្នា​រវាង​អ្នកគាំទ្រ​និង​មិន​គាំទ្រ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កូនប្រុស​ច្បង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ា​ណែ​ត បាន​សម្រេច​ចូលរួម​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក តែ​មិន​ចូលរួម​…

រាជធានី​ភ្នំពេញ ៖ កូនប្រុស​ច្បង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ា​ណែ​ត បាន​សម្រេច​ចូលរួម​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក តែ​មិន​ចូលរួម​ក្នុង​ពិធី​ព្យុហយាត្រា​ទេ ដើម្បី​ចៀសវាង​ហេតុការណ៍​ណាមួយ​ដែល​ធ្វើ​ឱ្យ​អាប់ឱន​ដល់​មុខមាត់​ជាតិ ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​នៅ​លើ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​នា​ថ្ងៃ​ទី​២៧ ខែមីនា ថា «​ខ្ញុំ​និង​បងប្អូន​ក្រុមការងារ នឹង​ទៅ​ចូលរួម​កម្មវិធី​ផ្សេង​ៗ​ឆ្លើយ​តប​ទៅ​នឹង​ការ​អញ្ជើញ​របស់​បងប្អូន​ខ្មែរ​ដែល​រស់នៅ​តាម​បណ្តា​រដ្ឋ​នានា​នៅ​សហរដ្ឋអាមេរិក ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ជា​លក្ខណៈ​មហា​គ្រួសារ​ខ្មែរ​តែ​មួយ ។ ក្នុង​ពេល​ទស្សនកិច្ច​នោះ​ផង​ដែរ ខ្ញុំ​និង​បងប្អូន​រួម​ដំណើរ​ក៏​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ពិធី​ព្យុហយាត្រា​វប្បធម៌​នៅ​ទីក្រុង​ឡង​ប៊ិ​ច ក្នុង​គោលបំណង​រួម​គ្នា​ដើម្បី​លើក​ស្ទួយ​វប្បធម៌​និង​កិ​តិ្ត​យស​ជាតិ​របស់​យើង ។ ខ្ញុំ​សម្រេចចិត្ត​ទទួល​យល់ព្រម​ចូលរួម​ក្នុង​ពិធី​នេះ តាម​ការ​អញ្ជើញ​របស់​គណៈកម្មាធិការ​បុរី​កម្ពុជា គឺ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​របស់ខ្ញុំ ចំពោះ​គោល​គំនិត​ដ៏​ល្អ​របស់​គណៈកម្មាធិការ ដែល​ចង់​ឃើញ​ខ្មែរ​រួបរួម​គ្នា ដោយ​មិន​ប្រកាន់​ទីកន្លែង​រស់នៅ (​នៅ​អា​មេ​រិ​ក នៅ​ស្រុក​ខ្មែរ ឬ​នៅ​ប្រទេស​ណា​ទេ​) និន្នាការ​នយោបាយ សាសនា ដើម្បី​លើក​ស្ទួយ​កិត្តិយស​ជាតិខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​ឱកាស​ដ៍​ពិសេស​នេះ​» ។

លោក ហ៊ុន ម៉ា​ណែ​ត លើក​ឡើង​ថា ក្នុង​ឆ្នាំ​២០១០ ក៏​ធ្លាប់​មានការ​អញ្ជើញលោក កឹ​ម សុខា ចូលរួម​ក្នុង​ពិធី​នោះ ហើយ​លោក ក៏​បាន​ដឹកនាំ​ក្រុមការងារ​ចូលរួម​ផង​ដែរ ។

ជា​ការ​សោកស្តាយ​ណាស់ ក្រោយ​ពី​ខ្ញុំ​និង​ក្រុមការងារ​បាន​សម្រេចចិត្ត​ទទួល​ការ​អញ្ជើញ​របស់​អ្នក​រៀបចំ​កម្មវិធី​ព្យុហយាត្រា ក៏​មានការ​រៀបចំ​និង​បំផុស​ឱ្យ​ប្រឆាំង​ការ​ចូលរួម​នេះ ដោយ​សកម្មជន​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ទូច វិបុល (Touch Vibol) និង​លោក ប្រា​ឌី ណុ​យ យ៉ាំ​ង (Brady Nuy Young) ដោយ​បាន​បំផុស​ថា ការ​ចូលរួម​របស់ខ្ញុំ​ក្នុង​ពិធី​ព្យុហយាត្រា​នេះ គឺ​ដើម្បី​ឃោសនា​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ។

អ្នក​ទាំង​ពីរ​បាន​គំរាម​ថា នឹង​រៀបចំ​បាតុកម្ម​ប្រឆាំង​ខ្ញុំ​និង​ក្រុមការងារ នៅ​ពេល​ព្យុហយាត្រា​វប្បធម៌ និង​រៀបចំ​គម្រោង​ដើរ​តាម​ធ្វើ​បាតុកម្ម​ប្រឆាំង​នៅ​គ្រប់​ទីកន្លែង ដែល​បងប្អូន​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​មាន​គម្រោង​រៀបចំ​កម្មវិធី​ជួបជុំ​គ្នា ដើម្បី​សប្បាយ​រីករាយ អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ជា​លក្ខណៈ​មហា​គ្រួសារ​ខ្មែរ ហើយ​ដែល​បាន​អញ្ជើញ​ខ្ញុំ និង​ក្រុមការងារ​ចូលរួម​អបអរសាទរ​ជាមួយ​គ្នា ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ ក៏​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​ចេញ​មក​ធ្វើការ​ការពារ និង​ស្វាគមន៍​ការ​ចូលរួម​របស់ខ្ញុំ ដោយ​លោក​គិត​ថា​ពេល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ជា​ពេល​ដែល​យើង​គួរ​រួបរួម​គ្នា មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ ទោះ​មាន​និន្នាការ​នយោបាយ​ខុស​គ្នា​ក៏​ដោយ ដើម្បី​រួម​គ្នា​លើក​ស្ទួយ​ប្រពៃណី វប្បធម៌ និង​កិត្តិយស​ជាតិខ្មែរ​យើង ។ បងប្អូន​បាន​ធ្វើ​សកម្មភាព​តាម​ច្រើន​រូបភាព ដូច​ជា​ការ​ដាក់​ញត្តិ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​២០០​នាក់ ដែល​រស់នៅ​ក្នុង​ទីក្រុង​ឡង​ប៊ិ​ច និង​តំបន់​ជុំវិញ​ទៅ​ជូន​លោក​ចៅសង្កាត់​ទី​៦ នៃ​ទីក្រុង​ឡង​ប៊ិ​ច (​លោក អាន់​ឌ្រូ ឌី​) ការ​ចេញ​ឃ្លី​ប​វី​ដេ​អូ​គាំទ្រ តាម​ហ្វេ​ស​ប៊ុ​ក​របស់​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ទីក្រុង​ឡង​ប៊ិ​ច នៅ​តាម​បណ្តា​រដ្ឋ​នានា​នៅ​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត ។

រហូត​ដល់​មាន​បងប្អូន​មួយ​ចំនួន​បាន​ប្រកាស​ថា នឹង​រៀបចំ​ប្រមូលគ្នា​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​បាតុកម្ម ដែល​គ្រោង​រៀបចំ​ដោយ​ក្រុម​លោក ទូច វិបុល និង​លោក ណុ​យ យ៉ាំ​ង នៅ​ក្នុង​ពិធី​ព្យុហយាត្រា​នោះ​ផង​ដែរ ។ ខ្ញុំ​សូម អរគុណ​បងប្អូន​ទាំងអស់​ដែល​បាន​គាំទ្រ​ចំពោះ​ការ​ចូលរួម​របស់ខ្ញុំ និង​ក្រុមការងារ​ក្នុង​ពិធី​ព្យុហយាត្រា​នេះ ។ ប៉ុន្តែ​ដូចដែល​ខ្ញុំ​បាន​សរសេរ​នៅ​ក្នុង​សារ​ដែល​បាន​បង្ហោះ​រួច​មក​ហើយ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ​កាលពី​ពេល​កន្លង​ទៅ​នេះ ដែល​បាន​បញ្ជាក់​ថា បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ គឺជា​ឱកាស​ពិសេស​មួយ​ដែល​ខ្មែរ​យើង​គួរ​រួបរួម​គ្នា មិន​ប្រកាន់​គ្នា ដើម្បី​ធ្វើការ​រួម​គ្នា​លើក​ស្ទួយ​ជាតិ​សាសន៍​យើង តាម​រយៈ​ការ​រួម​គ្នា​បង្ហាញ​អំពី​វប្បធម៌ និង​អរិយធម៌​ដ៏​ឧត្តុង្គឧត្តម​របស់​ខ្មែរ​ឱ្យ​ប្រជាជន​អា​មេ​រិ​ក និង​ជាតិ​សាសន៍​ដទៃ​ទៀត​បាន​ស្គាល់ ។ វា​មិនមែន​ជា​ពេលវេលា​សម្រាប់​បង្ហាញ​សាច់ដុំ​ដាក់​គ្នា​រវាង​អ្នកគាំទ្រ និង​អ្នក​មិន​គាំទ្រ​ទេ ដែល​នេះ​បង្ហាញ​ពី​ការ​បែកបាក់​រវាង​ខ្មែរ​និង​ខ្មែរ នាំ​ឱ្យ​ជាតិ​សាសន៍​យើង​អាប់ឱន ។

លោក ហ៊ុន ម៉ា​ណែ​ត គូសបញ្ជាក់​ថា «​ក្នុង​ស្មារតី​ជា​កូន​ខ្មែរ​មួយ​រូប ខ្ញុំ​មិន​ចង់​ឃើញ​នូវ​ភាពល្អក់​កករ និង​ការ​បែកបាក់​រវាង​ខ្មែរ​និង​ខ្មែរ ជា​ពិសេស​ដើម្បី​បញ្ចៀស​អំពើ​ហិង្សា​ដែល​អាច​កើត​មាន​ឡើង​រវាង​អ្នកគាំទ្រ​និង​អ្នក​មិន​គាំទ្រ​ក្នុង​ពេល​ព្យុហយាត្រា ដែល​នាំ​ឱ្យ​ខាត​ប្រយោជន៍​ជាតិ​សាសន៍​យើង​ទាំងមូល ខ្ញុំ​និង​ក្រុមការងារ​បាន​សម្រេចចិត្ត​មិន​ចូលរួម​ក្នុង​ពិធី​ព្យុហយាត្រា​នោះ​ទេ​» ៕