សុខភាព ៖ មនុស្សភាគច្រើន អាចប្រើថ្នាំប៉ារ៉ាសេតាម៉ុល ដោយសុវត្ថិភាព ដោយរួមបញ្ចូលទាំងស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន និងកុមារអាយុលើសពី ២ខែ (កម្រិតទាបត្រូវបានណែនាំសម្រាប់កុមារតូចៗ) ប៉ុន្តែការប្រើប្រាស់ថ្នាំប្រភេទប៉ារ៉ាសេតាមុល ច្រើនហួសកម្រិត ឬមិនមានការពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ត្រឹមត្រូវអាចមានគ្រោះថ្នាក់ ព្រោះថា ប៉ារ៉ាសេតាមុល គឺជាប្រភេទថ្នាំដែលអាចជួយបំបាត់ការឈឺចាប់ និងបន្ថយកំដៅ ប៉ុន្តែការប្រើប្រាស់ច្រើនហួសកំរិត ឬប្រើប្រាស់ដោយមិនមានការពិគ្រោះជាមួយគ្រូពេទ្យ អាចមានការប៉ះពាល់ដោយបង្កើតជាតិពុលទៅដល់ថ្លើម ហើយអាចមានគ្រោះថ្នាក់ដល់ជីវិតផងដែរ ។
វេជ្ជបណ្ឌិត មាស វរលក្ខណ៍ ប្រធានផ្នែកជំងឺធ្ងន់ និងសង្គ្រោះបន្ទាន់ អ្នកគ្រូបានរៀបរាប់រោគសញ្ញា នៃការប្រើប្រាស់ថ្នាំប្រភេទប៉ារ៉ាសេតាមុល ហួសកម្រិត អោយដឹងថា “រោគសញ្ញាមួយចំនួន នៃការប្រើប្រាស់ថ្នាំប៉ារ៉ាសេតាមុល ហួសកម្រិត មានដូចជា ស្បែកឡើងលឿង អស់កម្លាំង ឈឺពោះ ថយចុះកម្រិតស្មារតី ប្រកាច់ ឬអាចសន្លប់បាត់បង់ស្មារតី” ។
ក្រុមការងារ នៃមន្ទីរពេទ្យកុមារអង្គរ បានសង្កេតឃើញថា កុមារដែលមកកាន់មន្ទីរពេទ្យ ដោយទទួលរងផលប៉ះពាល់ពីការប្រើប្រាស់ថ្នាំប៉ារ៉ាសេតាមុល ហួសកម្រិត មានការកើនឡើងនៅក្នុងរដូវភ្លៀង ដោយសារតែមានការពាក់ព័ន្ធ នឹងជំងឺគ្រុនឈាម ។
ប្រសិន បើអ្នកមិនប្រាកដថា អ្នកអាចប្រើថ្នាំប៉ារ៉ាសេតាម៉ុល បានទេ សូមពិនិត្យខិត្តប័ណ្ណដែលមានភ្ជាប់មកជាមួយ ឬសាកសួរឱសថការី ឬវេជ្ជបណ្ឌិតរបស់អ្នកសុំដំបូន្មាន មុនពេលទទួលទានថ្នាំប៉ារ៉ាសេតាម៉ុល ប្រសិនបើអ្នក ៖
១- មានបញ្ហាថ្លើម ឬតម្រងនោម
២- មានបញ្ហាជាមួយនឹងការសេពគ្រឿងស្រវឹង ដូចជាការប្រើប្រាស់គ្រឿងស្រវឹងរយៈពេលវែង
៣- មានទម្ងន់ស្រាលពេក
៤- កំពុងប្រើថ្នាំដទៃទៀត
៥- កុំប្រើថ្នាំប៉ារ៉ាសេតាម៉ុល ប្រសិនបើអ្នកធ្លាប់មានប្រតិកម្មអាលែស៊ីទៅនឹងវាកាលពីមុន ៕
ចែករំលែកព័តមាននេះ