ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង២នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយដែលបានកើតឡើងនៅវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ៩១ ស្ថិតនៅមុខមន្ទីរទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា ក្រុងកំពង់ឆ្នាំង ខណៈដែលជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុកនឹងបង្គោលភ្លើង។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ បានជិះម៉ូតូម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E-4778 ធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់មុខសាលាខេត្តបានបើកវ៉ារថយន្តមួយគ្រឿង តែដោយសារម៉ូតូមានល្បឿនលឿនពេក និងជាចំណុចផ្លូវកោងផង បត់មិនទាន់រូចក៏ជ្រុលទៅបុកបង្គោលភ្លើងខាងស្តាំដៃ បណ្តាលឱ្យស្លាប់អ្នកបើកបរនៅនឹងកន្លែង និងម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយមិនដឹងថាអាចមានសង្ឃឹមរស់ ឬយ៉ាងណានោះទេ ចំណែកម្នាក់ទៀតបានរងរបួសស្រាល។
ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះទាំង៣នាក់ ១-ឈ្មោះ ជឹម តុលា អាយុ២៦ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ ២-ឈ្មោះ គឹម ម៉េងស្រី អាយុ២៦ឆ្នាំ រងរបួសធ្ងន់ និង៣-ឈ្មោះ អាន ចាន់ថេន អាយុ២២ឆ្នាំ រងរបួសស្រាល ទាំង៣នាក់មានទីលំនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ចំណែកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ករណីគ្រោះថ្នាក់ខាងលើ សមត្ថកិច្ចបានបញ្ជាក់ថា បណ្តាលមកពីការបើកបរហួសល្បឿនកំណត់ និងបើកជែងរថយន្ដក្នុងស្ថានភាពគ្រោះថ្នាក់ ទើបបង្ករឱ្យមានហេតុការណ៍បែបនេះ។ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង មិនថាក្នុងទីក្រុង ឬជនបទនោះទេ សូមមេតាប្រុងប្រយ័ត្នគ្រប់វិនាទី កុំបើកបរហួសល្បឿនកំណត់ ព្រោះខុសនឹងច្បាប់ ព្រមទាំងបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង និងអ្នកដទៃទៀតផង៕
ចែករំលែកព័តមាននេះ