ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

​ភ្នំពេញ៖ ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​ការចុះហត្ថលេខា​ឈប់​បាញ់​​រវាង​ខ្មែរ និង​ខ្មែរ តាមរយៈ​កិច្ចព្រមព្រៀង​សន្តិភាព ធ្វើ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។ ក៏ប៉ុន្តែ ៣០​ឆ្នាំ​មកហើយ…

​ភ្នំពេញ៖ ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​ការចុះហត្ថលេខា​ឈប់​បាញ់​​រវាង​ខ្មែរ និង​ខ្មែរ តាមរយៈ​កិច្ចព្រមព្រៀង​សន្តិភាព ធ្វើ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។ ក៏ប៉ុន្តែ ៣០​ឆ្នាំ​មកហើយ កិច្ចព្រមព្រៀង​នេះ នៅតែមាន​ការលើកឡើង​ខុសៗ​គ្នា​។

​មួយថ្ងៃ​មុន​ថ្ងៃ​ខួប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា រាជបណ្ឌិត្យសភាកម្ពុជា បាន​បើក​កិច្ចពិភាក្សា​តុមូល ស្តីពី ខួប ៣០​ឆ្នាំ នៃ​កិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១​។ ក្នុង​កិច្ចពិភាក្សា​តាម​ប្រព័ន្ធ​អន​ឡាញ វាគ្មិន​មកពី​រាជបណ្ឌិតសភា​កម្ពុជា យល់ថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស បាន​អស់​សុពលភាព​ទៅហើយ​។ ប៉ុន្តែ​ភាគី​វាគ្មិន ខាង​សង្គម​ស៊ីវិល យល់ឃើញ​ផ្ទុយ​ពីនេះ​។

​ក្នុង​វេទិកា​ពិភាក្សា លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា បញ្ហា​សុពលភាព​នៃ​កិច្ច​ព្រម​ពៀង​ស​និ្ត​ភាព​ទីក្រុង​ប៉ារីស បានបញ្ចប់​ទៅហើយ បន្ទាប់ពី​កម្ពុជា មានការ​បោះឆ្នោត រួម​នឹង​ការបង្កើត​រដ្ឋធម្មនុញ្ញ​កម្ពុជា នៅ​ឆ្នាំ​១៩៩៣ ដោយ​សំអាង​ទៅតាម​ខ្លឹមសារ ដែល​មានចែង​នៅក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដោយផ្ទាល់​។​

​ក៏ប៉ុន្តែ​លោកស្រី ចក់ សុភាព នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែលជា​វាគ្មិន​ចូលរួម ក្នុង​កិច្ចពិភាក្សា​នោះ  លើកឡើងថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គួរតែ​ត្រូវបាន​លើក​មក​ពិភាក្សា និង​អនុវត្តតាម ពី​សំណាក់​អ្នកនយោបាយ ទោះបី​កម្ពុជា មាន​សន្តិភាព​ហើយ​ក្តី​។ ការធ្វើ​បែបនេះ ដើម្បី​បង្ក​បរិយាកាស​បោះឆ្នោត ដោយ​មិនមាន​ភាពភ័យខ្លាច រួម​នឹង​ការបង្កើត​លំហ​សង្គម​ស៊ីវិល​។​

ក្នុងវេទិកាពិភាក្សានោះ ​ លោក អ៊ូ ច័ន្ទ​រ័ត្ន មកពី​គណបក្ស​កែទម្រង់​កម្ពុជា និង​លោក យ៉ង សាំង​កុមារ មកពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន យល់ឃើញថា ស្មារតី​សុពលភាព​នៃ​កិច្ចព្រមព្រៀង​មួយ​នេះ គឺ​ស្ថិតនៅលើ​ពលរដ្ឋ ហើយ​ចាត់ទុកថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ជា​អ្នកបង្កើត​ឲ្យ​មានការ​បង្រួបបង្រួម​ជាតិ ឈានទៅរក​ការអភិវឌ្ឍ​បែប​ប្រជាធិបតេយ្យ រហូតដល់​សព្វថ្ងៃ​។

​ទោះបីជា​ថ្ងៃ​រម្លឹក​ខួប​កិច្ចព្រមព្រៀង​សន្តិភាព ថ្ងៃ​២៣​តុលា ត្រូវបាន​លុបចេញ​ពី​បុណ្យជាតិ ដោយសារតែ​រាជរដ្ឋាភិបាល ត្រូវ​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ ក៏ប៉ុន្តែ​ជាការ​កត់សម្គាល់ នៅ​ឆ្នាំនេះ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​ក្រដាសប្រាក់ ៣​ម៉ឺន​រៀល ដើម្បី​អបអរសាទរ​ខួប ៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រម្លឹក​ខួប ៣០​ឆ្នាំ​នៃ​ដំណើរ​យាង​មាតុភូមិនិវត្តន៍​របស់​ព្រះករុណា​ព្រះបាទ នរោត្តម សីហនុ នា​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​១៩៩១​។ រូបភាព​ព្រះ​ភ័ក្តិ​សម្តេចព្រះ នរោត្តម សីហនុ ក្នុង​ថ្ងៃ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​ពេល​យាង​មកដល់​ភ្នំពេញ ចាប់ដៃ​ជ្រោង​ឡើង​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងពេល​ដង្ហែ​ព្រះអង្គ ក៏​ត្រូវបាន​បោះពុម្ព​លើ​ក្រដាសប្រាក់​ថ្មី ៣​ម៉ឺន​រៀល​នេះដែរ​។​

រាជរដ្ឋាភិបាល​ ក៏នឹងប្រារព្ធ​ពិធី​អបអរសាទរ ខួប​លើក​ទី​៣០ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ១៩៩១ ដោយក្នុងកម្មវិធីជួបជុំនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ទី២៣តុលា ឆ្នាំ២០២១ នឹង​អញ្ជើញ​ចូលរួមដោយ​តំណាង​មកពី​ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និង​ការិយាល័យ​អង្គការសហប្រជាជាតិ នៅ​រាជធានី​ភ្នំពេញ​។​

​ក្រសួងការបរទេស ក៏បាន​ប្រក​សា​ថា នៅក្នុង​ពិធីនេះ លោក Jean-Yves Le Drian រដ្ឋមន្ត្រី​កិច្ចការ​អឺរ៉ុប និង​ការបរទេស​បារាំង និង​លោកស្រី Retno L.P. Marsudi រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី នឹង​ផ្ញើ​សារ​អបអរសាទរ​មក​ចូលរួម ខណៈ​លោក​ Mikami Masahiro ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​តំណាងឱ្យ​អង្គទូត​ទាំងអស់​ ហើយ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងឡើងថ្លែងសន្ទរកថា តំណាង​ឲ្យ​សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីជួបជុំ​នេះ​។

​ទាំងអស់​នេះ ជាការ​រម្លឹក និង​ផ្តល់​តម្លៃ​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១​។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ នៅតែមាន​ការលើកឡើង មិន​ឈប់​ទេ​​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា មិនទាន់​អនុវត្ត​ឱ្យបាន​សមស្រប​នៅឡើយ ដោយសារតែ​កម្ពុជា នៅ​ខ្វះ​ប្រជាធិបតេយ្យ មានការ​រំលោភ​សិទ្ធិមនុស្ស និង​ភាពអយុត្តិធម៌​សង្គម ជាដើម​។​

​ប៉ុន្តែ​រាជរដ្ឋាភិបាល មើលឃើញ​ផ្ទុយ​ពីនេះ ហើយ​ថា ខ្លួន​បាន​អនុវត្ត​គោលនយោបាយ ស្របតាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ទើប​កម្ពុជា មាន​សន្តិភាព ស្ថិរភាព​នយោបាយ ហើយ​ជីវភាព​រស់នៅ​របស់​ប្រជាជន មាន​សុខដុមរមនា​។ កម្ពុជា ក៏​ថែរក្សា​ការពារ​បាន​នូវ​ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី តាមរយៈការអនុវត្តកិច្ចព្រមព្រៀង​ជាប្រវត្តិសាស្ត្រ​នេះផងដែរ​។​

​យ៉ាងណាក៏ដោយ ទោះជា​នៅ​រៀងរាល់ឆ្នាំ ឲ្យ​តែ​ដល់​ថ្ងៃ​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា តែងតែមាន​ការយល់ឃើញ​ខុសៗ​គ្នា ក្នុង​ទស្សនៈ​អ្នកនយោបាយ​ខ្មែរ រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល ក៏ប៉ុន្តែ​អ្វីដែល​មជ្ឈដ្ឋាន​អ្នកនយោបាយ រាជរដ្ឋាភិបាល និង​សង្គម​ស៊ីវិល រួមទាំង​ប្រជាពលរដ្ឋ​ទូទៅ មើលឃើញ និង​ទទួលស្គាល់នោះ គឺ​កិច្ចព្រម​ព្រៀង​សន្តិភាព​​ជា​ប្រវត្តិសាស្ត្រ ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ ដែល​កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សម្តេចព្រះ នរោត្តម សីហនុ និង​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ចប់​សង្គ្រាមស៊ីវិល នៅ​កម្ពុជា ទោះជា​មិនបាន​ទាំងស្រុង​ក៏ដោយ​។ កិច្ចព្រមព្រៀង​នេះ ក៏​នាំ​ឲ្យ​កម្ពុជា មាន​របបរាជានិយម​ឡើងវិញ និង​មានការ​បោះឆ្នោត​​ ចាប់តាំងពី​ឆ្នាំ​១៩៩៣ រហូតដល់​សព្វថ្ងៃ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ