ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង​កូរ៉េ​ខាងត្បូង

8 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ដើម្បី​បើក​កិច្ច​សហប្រតិបត្តិការ​ជា​ដៃគូ​សេដ្ឋកិច្ច​ថ្មី​ជាមួយ​កូរ៉េ​ខាងត្បូង ថៃ​បាន​អញ្ជើញ​បណ្តា​ក្រុមហ៊ុន​កូរ៉េ​មក​វិនិយោគ​លើ​គម្រោង​រថភ្លើង​ល្បឿន​លឿន និង​គម្រោង​គ្រប់គ្រង​ទឹក ដោយ​មិន​ចាំបាច់​ប្រកួតប្រជែង

ប្រទេស​ថៃ ៖ ដើម្បី​បើក​កិច្ច​សហប្រតិបត្តិការ​ជា​ដៃគូ​សេដ្ឋកិច្ច​ថ្មី​ជាមួយ​កូរ៉េ​ខាងត្បូង ថៃ​បាន​អញ្ជើញ​បណ្តា​ក្រុមហ៊ុន​កូរ៉េ​មក​វិនិយោគ​លើ​គម្រោង​រថភ្លើង​ល្បឿន​លឿន និង​គម្រោង​គ្រប់គ្រង​ទឹក ដោយ​មិន​ចាំបាច់​ប្រកួតប្រជែង​លើ​តម្លៃ​ដែល​ផ្តល់​ឲ្យ​ពួក​គេ​ឡើយ ។

លោក​ឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak ថ្លែង​ថា ៖ « លោក​បាន​ប្រាប់​ឧបនាយករដ្ឋមន្ត្រី​កូរ៉េ​ខាងត្បូង Yoo Il-ho ក្នុង​ជំនួប​កំពូល ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ទីក្រុង​សេ​អ៊ូ​ល​ថា រដ្ឋាភិបាល​ថៃ​បាន​ប្តេជ្ញា​ចិត្ត​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង​កូរ៉េ​ខាងត្បូង » ។

ជាក់ស្តែង រដ្ឋាភិបាល​ថៃ​ចង់​ផ្តល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ​ពីរ ក្រោម​កិច្ចព្រមព្រៀង​រដ្ឋាភិបាល និង​រដ្ឋាភិបាល (G2G) ទៅ​ឱ្យ​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង ។

គម្រោង​រថភ្លើង​ល្បឿន​លឿន​ដែល​បាន​ផ្តល់​ឲ្យ​កូរ៉េ​ខាងត្បូង​នោះ គឺ​ចាប់ពី​ខេត្ត Mukdahan ទៅ​ខេត្ត Tak ។ ចំណែក​គម្រោង​គ្រប់គ្រង​ទឹក​ដែល​មាន​ទឹកប្រាក់​ចំនួន​២០​ប៊ី​លាន​បាត នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​នេះ នៅ​ក្រុង Huay Luang និង Nong Khai សម្រាប់​ធ្វើ​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ក្នុង​ទន្លេមេគង្គ ។

« ក្នុង​នោះ​ដែរ រដ្ឋាភិបាល​នឹង​អនុញ្ញាត​ឲ្យ​កូរ៉េ​ខាងត្បូង​ធ្វើ​វា​ក្នុង​ករណី​ពិសេស ប្រសិនជា​ពួក​គេ​ចាប់អារម្មណ៍ ។ វា​ប្រហែលជា​គម្រោង​សងជំងឺចិត្ត​ដល់​កូរ៉េ​ខាងត្បូង សម្រាប់​​បញ្ហា​ដែល​បាន​កើតឡើង​កាលពី​លើក​មុន ពោល​គឺ​សំដៅ​ទៅ​លើ​កិច្ចសន្យា​គ្រប់គ្រង​ទឹក​ក្នុង​ទន្លេ Chao Phraya និង​ទន្លេ​ផ្សេង​ទៀត ដែល​បាន​ឈ្នះ និង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Korea Water Resources Corp » ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak ។

លោក Somkid Jatusripitak បន្ត​ថា ៖ « អាជ្ញាធរ​ឧស្សាហកម្ម​ថៃ ក៏​បាន​សម្លឹង​ឃើញ​ដី​ពិសេស​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​ចាន់​បុរី សម្រាប់​ផ្តល់​នូវ​ការ​វិនិយោគ​ដល់​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង ដែល​នឹង​ជួយ​ដល់​វិធានការ​របស់​ថៃ ក្នុង​ការ​អភិវឌ្ឍ​តំបន់ឧស្សាហកម្ម​ថ្មី​នៅ Eastern Seaboard ។ ម្យ៉ាងទៀត បណ្តា​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង ក៏​ត្រូវ​បាន​ទទួល​ស្វាគមន៍​ឱ្យ​ចូលរួម​ដេញថ្លៃ​ទៅ​លើ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃ​ទៀត​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ថៃ​ផង​ដែរ ដូច​ជា គម្រោង Chao Phraya ដែល​នឹង​បើក​ការ​ដេញថ្លៃ​ជា​ផ្លូវការ​នៅ​ឆ្នាំ​ក្រោយ គម្រោង​រថភ្លើង​ល្បឿន​លឿន​នៅ​ទីក្រុង​បាងកក និង​គម្រោង​កំពង់​ផែ​សមុទ្រ » ។

លោក Park Geun-hye ប្រធានាធិបតី​កូរ៉េ​ខាងត្បូង បាន​ថ្លែង​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​លោក Somkid Jatusripitak ថា ៖ « លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ​ចាន់​អូ​ចា ចង់​បង្កើន​ចំណងមិត្តភាព​ដ៏​ជិត​ស្និទ្ធ​ជាមួយ​កូរ៉េ​ខាងត្បូង » ។

លោក Somkid Jatusripitak លើក​ឡើង​ថា ៖ « បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ជប៉ុន​និង​ចិន ចំណងមិត្តភាព​របស់​យើង​ជាមួយនឹង​កូរ៉េ​ខាងត្បូង គឺ​មិន​ទាន់​ជ្រាលជ្រៅ​នៅឡើយ​ទេ ហើយ​ពួក​គេ​បាន​វិនិយោគ​ទៅ​កាន់​ប្រទេស​ដទៃ​ទៀត​ដូច​ជា រៀត​ណា​ម ជាង​មក​ប្រទេស​ថៃ ។ កូរ៉េ​ខាងត្បូង​ត្រូវ​តែ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ដឹកនាំ​កែប្រែ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច បង្កើត​ពាណិជ្ជកម្ម​ច្នៃប្រឌិត គម្រោង​ទីក្រុង​ឆ្លាត​វៃ និង​គម្រោង​ឌី​ជី​ថ​ល ហៅ​កាត់​ថា S-curve » ។

គួរ​បញ្ជាក់​ថា ថៃ​គ្រោង​នឹង​បង្កើន​ពាណិជ្ជកម្ម​ទ្វេ​ដង​ជាមួយ​កូរ៉េ​ខាងត្បូង ក្នុង​រយៈពេល​២-៣​ឆ្នាំ​ក្រោយ​នេះ ៕