រាជធានីភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូមិនគោរពភ្លើងសញ្ញាចរាចរណ៍បើកទៅបុកម៉ូតូហុងដាឌ្រីមមួយគ្រឿង រួចផ្លោងចូលប៉ុស្តិ៍នគរបាលស្រះចកទៅបុកម៉ូតូនគរបាលក្នុងប៉ុស្តិ៍មួយគ្រឿងទៀត សំណាងល្អរងរបួសស្រាលទាំងសងខាង កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២៤ មីនា នៅចំណុចស្តុបដេកាសេ មុខប៉ុស្តិ៍នគរបាលស្រះចក តាមបណ្ដោយមហាវិថីព្រះមុនីវង្សកែងនឹងផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ម៉ូតូបង្កម៉ាកលេត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FM-0130 ជិះគ្នា២នាក់ជាយុវជនវ័យក្មេង បើកបរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច ចំណែកម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FQ-0164 ជិះម្នាក់ឯងតាមមហាវិវីព្រះមុនីវង្ស ពីត្បូងទៅជើង ។
ក្រោយពេលកើតហេតុ ម៉ូតូរបស់មន្ត្រីនគរបាលប៉ុស្តិ៍ស្រះចកមិនរងការខូចខាតមិនបានទាមទារសំណងទេ ទុកឲ្យភាគីទាំងពីរធ្វើការចរចាគ្នាដោយជនបង្កទូរស័ព្ទហៅឪពុកម្តាយមកជួយដោះស្រាយសងសំណងទៅម៉ូតូរងគ្រោះដែលរងការខូចខាតចំនួន១២០ដុល្លារ ដើម្បីបញ្ចប់រឿង ៕
ចែករំលែកព័តមាននេះ